Friday, November 30, 2012

KI Media: រដ្ឋាភិបាល​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច...


រដ្ឋាភិបាល​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច​ជូន​ប្រជាជន

សូមកុំភ្លេចថាកន្លងមក ហ៊ុន សែន ក៏ធ្លាប់កាត់​ដីជាង​១២ ហិកតា ពីក្រុមហ៊ុន​ភាពីម៉ិច​គ្រុប  ​(Phea​ Pimex​ Group​) ឲ្យទៅ​អ្នកភូ​មិបឹងកក់ដែរ តែរហូតមកដល់  ពេលនេះអ្នក​ភូមិបឹង​កក់    គ្មាន​បានទទួលអ្វីក្រៅ​ពីភាព​ឈឺ​ចាប់និង​ជាប់​ពន្ធនាគារទាំងអយុត្តិធម៌នោះទេ ។​​  ហើយ​រឿង​​កាត់ដី​​​  យកទៅចែកឲ្យប្រជាពលរដ្ឋនៅ     កំពង់​ឆ្នាំង   ​លើកនេះ​ក៏មិនខុសពីរឿងអ្នកបឹងកក់ដែរ  គឺ ហ៊ុន សែន ចែក​ឲ្យ​តែខ្យល់ប៉ុណ្ណោះឯផ្ទៃដីពិតគឺ  ក្រុម​យាយភូ ជា​អ្នក​គ្រប់​គ្រង ។
 www.postkhmer.comFriday, 30 November 2012 ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ សម្រេច​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​៤១៥៨​ហិកតា ចេញ​ពី​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប ដែល​ជា​កម្មសិទ្ធិ​លោក​ស្រី ជឹង សុភាព ភរិយា​របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ធ្វើ​ប្រទាន​កម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ ៤៥០៦​គ្រួសារ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ទុក​សម្រាប់​សហគមន៍​ព្រៃ​ឈើ។

យោង​ទៅ​តាម​សៀវភៅ​រាជ​កិច្ច ចេញ​ផ្សាយ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ចុះ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ ដែល​ភ្នំពេញ ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​ កាល​ពីថ្ងៃ​ទី២៦ ខែ​តុលា​ ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​កាត់​ដី​សម្បទាន​ សេដ្ឋកិច្ច​ទំហំ​៤​១៥៨ ហិកតា ពី​ក្រុមហ៊ុន​ភាពីម៉ិច​គ្រុប​(Phea​ Pimex​ Group​) ដើម្បី​ធ្វើ​អនុបយោគ​ ជា​ដី​ឯក​ជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា ពលរដ្ឋ​៤៥០៦​គ្រួសារ និង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ឯកជន ​ជូន​ប្រជា​ពលរដ្ឋ​១៨៤​គ្រួសារ​ លើ​៥៤៧​ក្បាល​ដី​ ដែល​បាន​​កាន់​កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់​ស្តែង​ និង​៤៨៤​ហិកតា​សម្រាប់​សហគមន៍​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។
នៅ ក្នុង​អនុក្រឹត្យ​បាន​បង្ហាញ​ថា​ ស្រុក​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដូច​ជា ​ស្រុក​ទឹក​ផុស​និង​ស្រុក​សាមគ្គី​មានជ័យ ដែល​មាន​ឃុំ​ចំនួន​បី​ដូច​ជា​ ឃុំ​ក្បាល​ទឹក​ ឃុំ​ក្រាំងល្វា​និង​ឃុំ​ត្បែង​ខ្ពស់​ នឹង​ត្រូវ​ទទួល​បាន​ដី​ពី​អនុក្រឹត្យ​នោះ​។ ​នៅ​ក្នុង​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​ប្រគល់​អាណត្តិ​កាន់​កាប់​និង​បែង​ចែក​ដី​របស់​រដ្ឋ​ដូច​មាន​ចែង​ ក្នុង​មាត្រា​១ ជូន​គណៈ​កម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​កំពង់ឆ្នាំង គ្រប់គ្រង​និង​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៤ ៥០៦​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​ខាង​លើ​។
នៅ​ ក្នុង​មាត្រា​ទី៤ នៃ​អនុក្រឹក្យ​បាន​កំណត់​ថា ក្នុង​ពេល​ដំណើរ​ការ​វាស់​វែង​និង​បែង​ចែក​ជាក់​ស្តែង​ គណៈ​កម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​កាត់​ចេញ​នូវ​ចំណែក​ដី​មួយ​ចំនួន​សម​ស្រប​ដើម្បី​រក្សា​ទុក​សម្រាប់ បម្រើ​ផល​ប្រយោជន៍​សាធារណៈ ទាំង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម័្ពន្ធ​រូប​វន្ត​ និង​សង្គម​នៅ​ក្នុង​មូល​ដ្ឋាន​។​ អនុក្រឹត្យ​បាន​បង្ហាញ​ថា​៖ «បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍​»។
បន្ទាប់ ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប​ចំនួន​៣១៥០២៨ ហិក​តា ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ឆ្នាំង សម្រាប់​អភិវឌ្ឍ​លើ​ការ​ដាំ​ដើម​អាកាស្យា ដំឡូង​មី និង​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហ៍កម្ម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៨ ២០០​គ្រួសារ ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ គឺ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​។ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​មាន​ជម្លោះ​ដី​ធ្លី​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​បរិបូណ៌​និង​ស្រុក​ទឹក​ផុស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ពលរដ្ឋ ៣ ៨០០ គ្រួសារ នៅ​ក្នុង​បួន​ឃុំ ដែល​មាន​ផ្ទៃ​ដី​៧ ៥០០​ហិកតា។ រីឯ​ខេត្ត​ពោធិ៍សាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​ចំនួន​បី​ស្រុក​គឺ​ស្រុក​ក្រគរ ស្រុក​ភ្នំ​ក្រវាញ និង​ក្រុង​ពោធិ៍សាត់ នៅ​ក្នុង​ឃុំ​ចំនួន​១៣​នៃ​៥៩​ភូមិ ដែល​មាន​ផ្ទៃដី​ចំនួន​១៣ ១១៦​ហិកតា។
ទាក់់​ទិនទៅ​នឹង​ជម្លោះ​ដីធ្លី​ នេះ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៨​នាក់​រួច​ហើយ ដែល​បាន​ទទួល​ដីកា​ពី​តុលាការ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១១ ទាក់ទង​នឹង​​បណ្តឹង​របស់​ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា បាន​ញុះញង់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​និង​រារាំង សមត្ថកិច្ច​មិន​ឲ្យ​អភិវឌ្ឍ។
លោក ជា សុផុន តំណាង​ពលរដ្ឋ​នៅ​ក្នុង​ ឃុំ​ក្រាំង​ល្វា ស្រុក​ទឹក​ផុស​ បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចាប់​ផ្តើម​វាស់​វែង​កាត់​ដី ​ពី​ក្រុមហ៊ុន​មក​ឲ្យ​ពលរដ្ឋ​វិញ​ហើយ​។ នេះ​គឺជា​ជោគជ័យ​របស់​ពលរដ្ឋ​ដែល​រួម​គ្នា​ធ្វើ​ការ​តវ៉ា​ស្ទើរ​គ្រប់​ ទីកន្លែង​ ដើម្បី​ទាម​ទារ​ឲ្យ​បាន​ដី​មក​វិញ​។
លោក​បន្ត​ថា៖ «​ពេល​នេះ​យើង​សប្បាយ​ចិត្ត​ដែល​សម្តេច​លោក​បាន​ឲ្យ​យុវជន​ស្ម័គ្រចិត្ត វាស់​ដី​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ​ តែ​ខ្ញុំ​នៅ​បារម្ភ​ទៅ​ថ្ងៃ​អនាគត​មិន​ដឹង​ថា ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​បើ​ដូច​បច្ចុប្បន្ន​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ ហើយក៏​អរគុណ​សម្តេច​បំផុត​ដែរ ​ដែល​បាន​គិត​គូរ​ដល់​ទុក្ខ​លំបាក​របស់​ពួក​យើង​»។
លោក​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ ឆ្នាំ២០១២ បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​ជា​បន្ទាន់និង​គ្មាន​កាល​កំណត់​នូវ​ការ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ ហើយ​ចេញ​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្បទាន​ទាំង​ឡាយ​ណា​ដែល​ទុក ​​ចោល​និង​បង្ក​ទំនាស់​ជាមួយ​ពល​រដ្ឋ។
នៅ​ថ្ងៃ​ទី​១៤ មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​ការ​វាស់​វែង​បែង​ចែក​ដី​ធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ ដីសម្បទាន​សេដ្ឋកិច្ច យ៉ាង​យូរ​បំផុត​ត្រឹម​៦ខែ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ចំនួន​ ១ ១៧៨​នាក់ បាន​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​១៣ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​យុទ្ធនាការ​វាស់វែង​ដី​ចែក​ជូន​ ប្រជា​ពលរដ្ឋ​ នៅ​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​វាស់​វែង​ចំនួន​១២​សែន​ហិកតា​ នៅ​ទូទាំង​ប្រទេស​ ប្រគល់​ជូន​ពលរដ្ឋ​ចំនួន​៣៥​ម៉ឺន​គ្រួសារ។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង ឲ្យ​ដឹង​ថា​ លោក​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​។ លោក​ថា នេះ​គឺជា​សកម្មភាព​ល្អ​មួយ តែ​ក្នុង​នាម​សង្គម​ស៊ីវិល​លោក​ទទូច​សុំ​ឲ្យ​ធ្វើ​ដូច្នេះ​នៅ​ទូទាំង​ ប្រទេស ពីព្រោះ​ជម្លោះ​ដីធ្លី​រវាង​ប្រជាជន​ជា​មួយ​ក្រុម​ហ៊ុន​ដី​សម្បទាន គឺ​បាន​កើត​ឡើង​ពេញ​ក្នុង​ប្រទេស។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ធ្វើ​ការ​វិនិយោគ ​នោះ​គប្បី​ត្រូវ​គិតគូរ អំពី​ផល​​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន។​ កន្លង​មក​ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទទួល​ដីកា​ពី​តុលាការ​ ខូចខាត​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»។ ​
លោក ទី គឹមតុក តំណាង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕

No comments:

Post a Comment