Friday, November 30, 2012

យុវជន​គណបក្ស សម រង្ស៊ី ដាក់​ពាក្យប្តឹង​សម្តេច ហ៊ុន សែន ក្នុង​រឿង​អ្នកស្លាប់នៅ​កោះ​ពេជ្រ



0
 
1
 
 
(ថ្ងៃទី 30 វិច្ឆិកា 2012, ម៉ោង 10:40:AM) | ដោយ: រតនា
ក- ក ក+ | Print
យុវជន​គណបក្ស សម រង្ស៊ី ដាក់​ពាក្យប្តឹង​សម្តេច ហ៊ុន សែន ក្នុង​រឿង​អ្នកស្លាប់នៅ​កោះ​ពេជ្រ
លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង ទៅកាន់​តុលាការសាលាដំបូង​រាជ​ធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតដោយ​គិត​ទុក​ជាមុន​
1 of 3   
ភ្នំពេញ: លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង ទៅកាន់​តុលាការសាលាដំបូង​រាជ​ធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតដោយ​គិត​ទុក​ជាមុន​។ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី បានអះអាង​ថា សម្តេច ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវក្នុង​ហេតុការណ៍​មនុស្ស​ផ្អើល​រត់​ជាន់គ្នាស្លាប់នៅ​យប់​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ពាក្យបណ្តឹង​របស់​លោក សួង សុភ័ណ្ឌ ត្រូវបាន​ក្រឡាបញ្ជី បោះត្រាទទួលយក​ហើយ កាលពីព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក សួង សុភ័ណ្ឌ បានឲ្យដឹងថា បន្ទាប់​ពី​ពាក្យបណ្តឹង​ប្រឆាំង​នឹង​សម្តេច ហ៊ុន សែន លោក​ក៏​គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​ដូចគ្នានេះដែរ ប្រឆាំង​នឹង​សម្តេចចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ព្រមទាំង​លោក ទូច ណារ៉ុថ អតីត​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ក្នុង​រឿងហេតុដែល​នាំឲ្យ​មាន​មនុស្ស​ស្លាប់នៅ​កោះ​ពេជ្រ ក្នុង​យប់​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១០​។​

​លោក សួង សុភ័ណ្ឌ បាន​បន្ថែមថា នៅ​ខែ​ធ្នូ​ខាង​មុខ​ឆាប់ៗ​នេះ លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដូចគ្នាទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិទី​ក្រុងឡាអេ​។​

បន្ទាប់ពី​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​កាសែត​ថា "​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លងផុត​ទៅ​រយៈពេល​ពីរ​ឆ្នាំនេះ ស្ពាន​កោះ​ពេជ្រ ត្រូវបាន​សម្លាប់​មនុស្ស ដែល​មាន​ពលរដ្ឋ និង​យុវជន ប្រមាណ ៣៥៣ នាក់ ហើយ​អ្នករងរបួស​ជាង ៤០០ នាក់ ហើយ​យើង​ឃើញថា ការរៀបចំ​បុណ្យជាតិ និង​ការគ្រប់​គ្រង​​ស្ថានការណ៍​ទាំងអស់នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នកគ្រប់គ្រង​។ លោក ហ៊ុន សែន គឺជា​អ្នកគ្រប់គ្រង​ស្ថានការណ៍​ទាំងអស់នោះ​។ ប៉ុន្តែ​លោក ហ៊ុន សែន គាត់​បាន​បណ្តោយ​ឲ្យ​ស្ថានការណ៍​នោះ សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នាក់ រាប់រយ​នាក់ រាប់ពាន់នាក់​។ ដូច្នេះ ក្នុងនាម​ខ្ញុំ​ជា​យុវជន ក្នុងនាម​ខ្ញុំ ដែល​ប្រកាន់​គោលជំហរ​ស្រលាញ់​យុវជន ប្រកាន់​គោលជំហរ​ដើម្បី​យុវជន គឺ​យើង​មិន​អាច​បណ្តោយ​ឲ្យ​ស្ថាន​ការណ៍​នេះ យក​ទៅ​លាក់ទុក ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ច្បាស់​ណាស់​ថា នឹង​យក​ថ្ងៃទី​២២​វិច្ឆិកា ២០១០ ជា​ថ្ងៃ​បុណ្យ​ជាតិ ហើយ​មួយ​វិញ​ទៀត លោក​បាន​លើកឡើង​ថា នឹង​គោរព​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​ឃើញ​​ពីរ​ឆ្នាំ​កន្លងមកនេះ គ្មាន​ការគោរព​វិញ្ញាណក្ខ័ន្ធ ដែល​លោកនាយក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​រៀបចំ សោះឡើយ​"​។​

​ដោយ​អះអាង​ថា ការ​ដាក់ពាក្យ​ប្តឹង​នេះ ក្នុងនាម​តំណាង​ឲ្យ​ជនរងគ្រោះ និង​ក្នុងនាម​ជា​យុវជន​ខ្មែរ ដែល​មាន​យុវជន ដែល​ស្លាប់​នៅ​កោះ​ពេជ្រ លោក សួង សុភ័ណ្ឌ បាន​គូស​បញ្ជាក់ ដោយ​ក្តី​សង្ឃឹម​ថា បើសិន​ជា​តុលាការ​យុត្តិធម៌ គួរតែ​តុលាការ ចាត់កា​រលើ​ពាក្យ​បណ្តឹង​របស់​លោក ដែល​បាន​ប្តឹង​ចោទប្រកាន់​លើ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឧបទ្ទវហេតុ នៅ​កោះ​ពេជ្រ ខណៈ​ដែល​លោក បាន​ភ្ជាប់​មក​ជាមួយ​ពាក្យ​បណ្តឹង​​នូវ​ភស្តុតាង​ជា​រូបថត និង​ខ្សែ​វិដេអូ ជាដើម​។​

​ចំពោះ​មូលហេតុ ដែល​អ្នកកាសែត​ចោទសួរ​ថា ហេតុការណ៍​នៅ​កោះ​ពេជ្រ បាន​រំលង​ផុត ពីរ​ឆ្នាំ​ទៅ​ហើយ ហេតុ​អ្វី​ទើប​លោក សួង សុភ័ណ្ឌ ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ នៅពេលនេះ​?​។ លោក សួង សុភ័ណ្ឌ អះអាងថា លោក​ទុកពេល​ប្រមូល​ភស្តុតាង និង​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល លើ​ករណី​នោះ​។ 

​លោក សួង សុភ័ណ្ឌ បានបញ្ជាក់​ថា "​ខ្ញុំ​រង់ចាំ​អស់ពីរ​ឆ្នាំ​ហើយ​។ រង់ចាំ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​លោក ហ៊ុន សែន ចាត់វិធានការ​។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក ហ៊ុន សែន បាន​ចាត់វិធានការ​រៀបចំ​គណៈ​កម្មា​ធិ​ការបែ​បឡមៗ​។ រៀបចំ​គណៈកម្មាធិការ​គ្នាឯង ហើយ​ស៊ើបអង្កេត ហើយ​លើសពីនេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំទាស់​រាល់​ការ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក្នុងករណី​ស៊ើបអង្កេត​លើ​ករណី​កោះ​ពេជ្រ​។ ដូច្នេះ​យើង​មើល​រូបភាព គឺ​ឃើញថា លោក ហ៊ុន សែន កំពុង​តែ​ព្យាយាម​លុបបំបាត់​ក៏ដូចជា​ឲ្យ​ភ្លេច​ករណី​កោះ​ពេជ្រ​នេះ​"​។​

​លោក សួង សុភ័ណ្ឌ បាន​បន្ថែមថា "​ភស្តុតាង​មួយទៀត ខ្ញុំ​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា មុន​ការកើតឡើង​នូវ​ករណី​ស្លាប់​មនុស្ស​នៅ​កោះ​ពេជ្រ​នេះ យើង​ឃើញថា ផ្លូវ​ខាងលិច​ស្ពាន​នៅ​កោះ​ពេជ្រ​នេះ ត្រូវ​បាន​បិទ​។ ផ្លូវ​បិទ​នេះហើយ ធ្វើឲ្យមាន​ការកកស្ទះ ហើយ​ស្លាប់​។ មួយវិញទៀត ខ្ញុំ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា វា​មិនមែន​ជា​រឿង​ដែល​កើតឡើង​ឯងៗ ឬ​ជា​រឿង​ដោយ​ចៃដន្យ​ទេ គឺ​មាន​ការរៀបចំ​ទុក​។ យើង​មាន​ការសោកស្តាយ ក្រោយ​ហេតុការណ៍ នៅ​ម៉ោង​ជាង ៩ យើង​មិន​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំណាត់ការ​អ្វី​ទាំងអស់ ក្រៅតែពី​ការបូមទឹក ការបាញ់ទឹក ដែល​នាំ​ឲ្យ​ជនរងគ្រោះ ដកដង្ហើម​មិន​រួច រឹតតែ​ស្លាប់​បន្ថែមទៀត​។ លើសពីនេះ​ទៀត នៅពេល​កើតហេតុ ក្រុមប៉ូលិស កង​ម្លាំង គឺ​មិន​មាន​ទាល់តែសោះ វា​ខុស​ប្លែក​អំពីខ្ញុំ​ធ្វើបាតុកម្ម និង​វា​ខុសប្លែក​ពី​ពេល​ប្រជាពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា​ធ្វើបាតុកម្ម គឺ​មាន​ប៉ូលិស​ច្រើន​។ វា​ខុស​ប្លែក​ដាច់​តែម្តង​"​។​

​មេដឹកនាំ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ក៏​បាន​បញ្ជាក់ថា លោក​មិន​ខ្លាចញញើ​ត​នឹង​ការប្តឹង​បករបស់​សម្តេច ហ៊ុន សែន ប្រឆាំង​រូបលោក​វិញ ដូច​ករណី​លោក​ស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០០៩​។​

លោក សួង សុភ័ណ្ឌ បាន​លើកឡើង​ថា "​ករណី​លោក​ជំទាវ មូរ សុខ​ហួរ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿង​បុគ្គល និង​បុគ្គល តែ​ករណី​របស់​ខ្ញុំ ជា​ករណី​ប្រជា​ពលរដ្ឋ ដែល​ស្លាប់ ៣៥៣ នាក់​។ ខ្ញុំ​ជា​អ្នក​ឈឺចាប់​។ ខ្ញុំ​មាន​បង មាន​ប្អូន មាន​ជីទួត​មួយ ដែល​រងគ្រោះ នៅក្នុង​ករណី​នឹង ហើយ​ខ្ញុំ​ជា​ជនរួមជាតិ​ម្នាក់ មិន​អាច​មើល​តែ​ភ្នែក​​ទទេ ហើយ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត មិនមែន​យក​ច្បាប់​មក​ដាក់​នៅ​ក្រោម​ទ្រនាប់​ជើងទេ​។ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​​ថា បើទោះបីជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​បក​ក៏ដោយ ក៏​ខ្ញុំ​អត់​ខ្លាច ក្នុងការ​ទប់ទល់​ដែរ ព្រោះ​ខ្ញុំ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា ករណីនេះ គឺ​ឃើញនឹងភ្នែក​តែម្តង មាន​មនុស្ស​ស្លាប់ ៣៥៣ នាក់ គឺជា​ភស្តុតាង មាន​មនុស្ស​រងគ្រោះ ៤០០ នាក់​ជាង ស្ពាន​កោះ​ពេជ្រ ត្រូវ​បាន​វ៉ៃ​កម្ទេច បំបាត់​ភស្តុតាង ហើយ​មាន​ចេតិយ ដែល​តម្កល់​រួចជាស្រេច​"​។​

​ចំពោះ​ការដាក់​ពាក្យបណ្តឹង​ខាងលើនេះ ត្រូវបាន​លោក ទិត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា "​ការប្តឹង​ណាមួយ ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​ត្រូវ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​អំពី​ទិដ្ឋភាព​ច្បាប់​។ ប្រសិនបើ​ការប្តឹង​ចោទប្រកាន់​នោះ ដែល​មិន​មាន​ភស្តុតាង​ច្បាស់លាស់ គឺ​អ្នក​ដែល​ទទួលរង​នូវ​ការប្តឹង ( សម្តេច ហ៊ុន សែន ) មាន​សិទ្ធិ​នៅក្នុង​ការពារ​នូវ​កិត្តិយស​របស់​ខ្លួន​។ ដូច្នេះ​អាច​ថា ជា​ការពិចារណា​របស់​រដ្ឋាភិបាល ជា​ពិសេស​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​នឹង​ប្តឹង​បក​វិញ​។ ប៉ុន្តែ​កម្រិត​នៃ​ការធ្វើ​យ៉ាងណា​នោះ គឺ​ជា​ការសម្រេច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​"​។​

​លោក ទិត សុធា បាន​បន្ថែមថា "​នេះ​ជា​ការយក​កិត្តិយស និង​ជា​ការ​ជាន់ឈ្លី​កិត្តិយស​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​កម្សោយ​នៃ​ជីវិត​នយោបាយ​របស់​ក្រុម​ខ្លួន មក​ភ្ជាប់​បញ្ហាទម្លាក់កំហុស​មកលើ​រដ្ឋាភិបាល ដែល​ជា​អ្នករក្សា​នូវ​ស្ថិរភាព​សង្គម ហើយ​រាជរដ្ឋាភិបាល​យកចិត្ត​ខ្ពស់ក្នុង​ការដោះស្រាយនៅពេល​មាន​ឧបទ្ទវហេតុចៃដន្យ នៅ​កោះ​ពេជ្រ​នោះ​កើតឡើង​។ រដ្ឋាភិបាល មាន​ចំណាត់​វិធានការជា​បន្តបន្ទាប់ និង​មាន​ការសោកស្តាយ​ជុំវិញ​គ្រោះថ្នាក់ដែល​កើតឡើងជា​យថាហេតុ​នោះ​"​។​

​លោក ទិត សុធា ក៏​បាន​បញ្ជាក់ថា "​មិន​គួរ​ត្រូវ​បាន​ក្រុមយុវជននៃ​គណបក្ស​ប្រឆាំង​យក​សាកសព​របស់​ពល​រដ្ឋ​រងគ្រោះមក​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​ភាព​ឡប់ឡែ​របស់ខ្លួន​នោះ​ទេ​។ ម្យ៉ាងទៀត ការ​ធ្វើ​អ្វីមួយត្រូវ​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ដែល​ត្រូវ​គិត​អំពី​កិត្តិយស​របស់​អ្នកដទៃ​ផង​"​។​

​សូម​រម្លឹកថា ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់គ្នានៅលើ​ស្ពាន​ពេជ្រ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ នាំឲ្យ​មាន​មនុស្ស​ស្លាប់ចំនួន ៣៥៣ នាក់ និង​របួស​ជាង ៤០០ នាក់ ផ្សេងទៀត​។ 

​ក្នុង​ឧបទ្ទវហេតុផ្អើល​រត់​ជាន់​គ្នានៅ​កោះ​ពេជ្រ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាសថា ជា​ឧបទ្ទវហេតុដែល​នឹក​ស្មាន​មិន​ដល់ ហើយ​មិន​មាន​អាជ្ញាធរ​ណាមួយ ត្រូវ​បាន​ស្តីបន្ទោស ឬ​ក៏​ដាក់​ទណ្ឌកម្ម​នោះឡើយ​។​

​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់នៅលើ​ស្ពាន​ពេជ្រ ព្រមទាំង​ផ្តល់​សំណងដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករងរបួស​។ ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ៣៥៣ នាក់ ក៏​ត្រូវ​បាន​រដ្ឋាភិបាលសាងសង់​នៅ​គល់​ស្ពាន​ពេជ្រ​ផងដែរ​។​

​ក៏ប៉ុន្តែ​ស្ពាន​ពេជ្រ ដែល​ជា​កន្លែង​កើត​ឧបទ្ទវហេតុ ជាប់​មនុស្ស រត់​ជាន់​គ្នា​ស្លាប់​នោះ ត្រូវបាន​គេ​វាយ​កម្ទេចចោល កាលពីដើមឆ្នាំ​២០១២​នេះ​៕ 

No comments:

Post a Comment