សង្គមស៊ីវិលថា សេរីភាពបញ្ចេញមតិបានធ្លាក់ចុះនិងគួរឲ្យព្រួយបារម្ភ
- Wednesday, 19 September 2012
- ម៉ៃ ទិត្យថារ៉ា

លោក ម៉ម សូណង់ដូ ពេលឡើងសវនាកាកន្លងមក។ រូបថត ហេង ជីវ័ន
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនៅក្នុងកម្មវិធី ពិភាក្សារតុមូលថា ស្ថានភាពសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតក្នុង ស្ថានការណ៍មួយដែលគួរឲ្យព្រួយបារម្ភ។ អ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយនៃគណបក្សប្រឆាំងនិងអ្នកសារព័ត៌មានត្រូវបានគេគំរាម កំហែងនៅពេលដែលពួកគេទាំងនោះហ៊ាននិយាយចេញមក។
លោកបានឲ្យ ដឹងទៀតថា៖ «មន្ត្រីនគរបាល និងតុលាការត្រូវបានប្រើប្រាស់ដើម្បីបង្កើនឲ្យមានការភ័យខ្លាច ចំពោះនរណាដែលហ៊ាននិយាយរិះគន់ចំពោះសកម្មភាព ឬគោលនយោបាយរបស់រដ្ឋាភិបាល»។
លោក អ៊ូ វីរៈ បានឲ្យដឹងទៀតថា ការគំរាមកំហែងផ្នែករាងកាយនិងតាមរយៈប្រព័ន្ធតុលាការ គឺជារឿងធម្មតា ហើយអាចឃើញបានយ៉ាងជាក់ស្តែងតាមរយៈករណីរបស់លោកឈុត វុទ្ធី សកម្មជនជាស្ត្រីនៅបឹងកក់ទាំង១៥នាក់ ហើយបានបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បី គំរាមកំហែងលើអ្នកការពារសិទ្ធិមនុស្ស គឺករណីលោក ម៉ម សូណង់ដូ។
លោក បានឲ្យដឹងទៀតថា៖ « ខ្លួនខ្ញុំផ្ទាល់បានចូលរួមស្តាប់សវនការទាំងមូល ខ្ញុំឃើញថាគ្មានភស្តុតាងណាដែលបង្ហាញទំនាក់ទំនងលោកម៉ម សូណង់ដូទៅអ្វីដែលកើតមានឡើងនៅក្នុងខេត្តក្រចេះទេ។ នេះបង្ហាញយ៉ាងច្បាស់ថាតុលាការត្រូវបានប្រើប្រាស់ក្នុងលក្ខខណ្ឌ នយោបាយដើម្បីបំបិទមាត់អ្នកសារព័ត៌មាននិងជាអ្នកតស៊ូមតិផ្នែក សិទ្ធិ មនុស្ស។ ការរំលោភបំពានសិទ្ធិមនុស្សជាញឹកញាប់បែបនេះមិនដែលត្រូវបាន ចាប់យកមកដាក់ទោសនោះទេ»។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូបាន ថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១២នេះ ស្ថានភាពសេរីភាពបញ្ចេញមតិ គឺបានធ្លាក់ចុះយ៉ាងខ្លាំងពីព្រោះសកម្មជនការពារបរិស្ថានត្រូវ បានបាញ់សម្លាប់ អ្នកសារព័ត៌មានត្រូវបានសម្លាប់ អ្នកដែលហ៊ានក្រោកឈរប្រើប្រាស់សិទ្ធិរបស់គេតវ៉ាដើម្បីការពារ ផ្ទះសម្បែងត្រូវបានបាញ់ និងចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការ។
លោក បានបន្តទៀតថា៖ «រដ្ឋាភិបាលគួរពិចារណាឡើងវិញ ពីព្រោះកម្ពុជាជាប្រធានអាស៊ាន ហើយកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យដូច្នេះគួរតែបើកសិទ្ធិសេរីភាព បញ្ចេញមតិឲ្យទូលំទូលាយ បើមិនដូច្នេះគេនឹងរិះគន់ថាមិនគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុង ប៉ារីស»។
លោកយី សុខសាន្ត អនុប្រធានផ្នែកដីធ្លីសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា សិទ្ធិសេរីភាពបញ្ចេញមតិ គឺកំពុងតែស្ថិតក្នុងផ្លូវមួយដ៏ចង្អៀតបំផុត ដូចជានៅពេលដែលពលរដ្ឋធ្វើការតវ៉ាអាជ្ញាធរពុំបានចេញមុខមករក ដំណោះស្រាយឲ្យពលរដ្ឋនោះទេ តែផ្ទុយទៅវិញអាជ្ញាធរចេញមុខការពារឲ្យក្រុមហ៊ុន ហើយពលរដ្ឋដែលចេញមុខតវ៉ាត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងត្រូវចាប់ដាក់ពន្ធនាគារទៅវិញ។
លោកបានឲ្យដឹងទៀតថា៖« សេរីភាពបញ្ចេញមតិកុំយកបរិមាណមកនិយាយ ដូចជាយើងមានសារព័ត៌មាន វិទ្យុ ទូរទស្សន៍ រាប់រយ តែទាំងអស់នោះគឺគ្រាន់តែជាបរិមាណតែប៉ុណ្ណោះ តើសារព័ត៌មាន វិទ្យុប៉ុន្មានដែលហ៊ាននិយាយការពិតនោះ»។
អ្នកស្រីទេព វណ្ណី តំណាងពលរដ្ឋបឹងកក់ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ ខែ ៥ ថ្ងៃ ដោយសារតែចេញមុខទាមទារដើម្បីការពារផ្ទះសម្បែងបានថ្លែងឲ្យដឹងថា សិទ្ធិសេរីភាពបញ្ចេញមតិ គឺគ្មានទាល់តែសោះសម្រាប់ពលរដ្ឋដែលតវ៉ាការពារផ្ទះសម្បែង របស់ពួកគេ។ ពលរដ្ឋដែលហ៊ានចេញមុខតវ៉ា គឺត្រូវបានចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការ ពីព្រោះគេគិតថាពលរដ្ឋទាំងអស់នោះ គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេដែលធ្វើឲ្យគម្រោងរបស់ពួក គេរាំងស្ទះ។
អ្នកស្រី បន្ដថា៖«ការដែលគ្មានសិទ្ធិសេរីភាពបញ្ចេញមតិគ្រប់គ្រាន់ គឺជាទារុណកម្មដ៏ធ្ងន់ធ្ងរមួយ។ គេពុំដែលអើពើជាមួយប្រជាជនទេ តែគេហ៊ានយកមន្ត្រីនគរបាលដែលជាអ្នកការពារសុវត្ថិភាពប្រជាជនមក វាយលើប្រជាជន។ បើទោះបីជាខ្ញុំគ្មានសិទ្ធិបញ្ចេញមតិគ្រប់គ្រាន់តែខ្ញុំនឹង តស៊ូដល់ទីបញ្ចប់»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានលើកឡើងផងដែរថា ទាក់ទិនទៅនឹងសេរីភាពបញ្ចេញមតិនោះ គឺកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន សូម្បីតែពលរដ្ឋដែលតវ៉ាដើម្បីការពារដីរបស់ខ្លួននោះក៏ត្រូវបាន គេហាមឃាត់ដែរ ហើយអ្នកដែលពូកែនិយាយក៏ត្រូវបានគេបំបិទមាត់មិនឲ្យនិយាយផងដែរ ដោយចាប់យកទៅដាក់គុក ដូចជាករណីប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ ជាដើម។
លោកបន្ថែមថា៖ «អាជ្ញាធរបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទមាត់ពលរដ្ឋមិនឲ្យ និយាយស្តីនិងចេញតវ៉ា គឺចាប់ពលរដ្ឋដាក់គុកតែម្តង»។
លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល កម្ពុជាពុំអាចទំនាក់ទំនងដើម្បីសុំការអត្ថាធិប្បាយបានទេកាល ពីថ្ងៃអង្គារ។ រីឯលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាក៏ពុំអាចទំនាក់ទំនងដើម្បី សុំការអត្ថាធិប្បាយបានដែរកាលពីម្សិលមិញ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានថ្លែងតបនឹងការចោទរបស់សង្គមស៊ីវិលថា ការលើកឡើងនោះគឺជាយុទ្ធនាការដើម្បីវាយប្រហារមកលើរដ្ឋាភិបាល តែប៉ុណ្ណោះ។ លោកថា លោកមិនដឹងថាការថយចុះនៃសេរីភាពបញ្ចេញមតិនោះ គេយកតួលេខមកពីណានោះទេ។
លោកបន្តថា៖ «ករណីស្លាប់លោកឈុត វុទ្ធី ស្ត្រីបឹងកក់ លោកម៉ម សូណង់ដូ វាជាករណីដាច់ដោយឡែក ជាបញ្ហាបុគ្គល អ្នកទាំងអស់នោះពុំមែនតំណាងឲ្យសិទ្ធិសេរីភាពបញ្ចេញមតិទូទាំង ប្រទេសដែលរដ្ឋាភិបាលកំពុងតែធ្វើនោះឡើយ»៕
No comments:
Post a Comment