ដោយ វិជ័យ អានន្ទ
2012-09-19
អ្នកបឹងកក់ និងអ្នកបុរីកីឡា ជាង១០០នាក់ យកញត្តិទៅដាក់សហភាពអឺរ៉ុប (EU) មានការិយាល័យនៅរាជធានីភ្នំពេញ។តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្បែរការិយាល័យសហភាពអឺរ៉ុប (EU) នាវិមានឯករាជ្យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។
ការដាក់ញត្តិរបស់អ្នកបឹងកក់ និងអ្នកបុរីកីឡា នេះ ប្រាថ្នាឲ្យសហភាពអឺរ៉ុបជួយធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតំបន់បុរីកីឡា ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបន្តបន្ទាប់។
លោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការចេញដីកាសម្រេចឃុំខ្លួន កាលពីថ្ងៃទី៥ កញ្ញា បន្ទាប់ពីលោកស្រីបានចូលបំភ្លឺនៅតុលាការតាមដីកាកោះឲ្យចូលខ្លួន នាថ្ងៃទី២៤ ខែឧសភា ពីបទល្មើសប្រកាសព័ត៌មានមិនពិត។ មុនការចាប់ខ្លួន លោកស្រី ទឹម សាក់មុន្នី មួយថ្ងៃ លោកស្រី យ៉ោម បុប្ផា ត្រូវមន្ត្រីប៉ូលិសបញ្ឆោតឲ្យចេញពីផ្ទះទាំងប្ដីប្រពន្ធ ឲ្យទៅធ្វើប័ណ្ណបោះឆ្នោតនៅសង្កាត់ស្រះចក ក្រោយមកមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល ក៏ចាប់ខ្លួនលោកស្រី យ៉ោម បុប្ផា និងស្វាមី បញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួន ដោយតុលាការចោទលោកស្រី យ៉ោម បុប្ផា ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់៕
No comments:
Post a Comment