Thursday, September 20, 2012

សន្តិសុខ​ម្នាក់​ត្រូវ​កោះ​ហៅ​ចូល​សវនាការ រឿង​បាញ់ ឈុត វុទ្ធី


កោះកុងៈតុលាការ​ ខេត្ត​កោះកុង បាន​កោះ​ហៅ​ចុង​ចោទ​ ជា​សន្តិសុខ​ក្រុមហ៊ុន Timber Green ម្នាក់ ឲ្យ​ចូល​ទៅ​ក្នុង​សវនាការ នៅ​ដើម​ខែ​ក្រោយ​ ពាក់ព័ន្ធ​ការ​ស្លាប់ របស់​មន្រ្តី​កងរាជ​អាវុធហត្ថ​ម្នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​ថា​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ។
ព្រះ​រាជ អាជ្ញារង​ខេត្ត​កោះកុង លោក ស្រី ម៉ាក់ នី បាន​ប្រាប់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​លោក រ៉ាន បូរ៉ាត់ ​ជន​ជាប់​ចោទ​ ពី​​បទ​​សម្លាប់​មន្រ្តី​​កង​រាជ​អាវុធ​ហត្ថ​ លោក  អ៊ិន  រតនា ត្រូវ​បាន​កោះ​ហៅ ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា។ លោក​ស្រី​ម៉ាក់ នី បន្ត​ថា​ លោក បូរ៉ាត់ ត្រូវ​បាន​ចោទ​ពីបទ​មនុស្ស​ឃាត​ដោយ​អចេតនា​។ លោក ស្រី ម៉ាក់ នី ​បញ្ជាក់​ថា ក្រៅ​ពី​នោះ​ មាន​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​កោះ​ហៅ​ជា​សាក្សី នៅ​ក្នុង​សវនាការ​នោះ​ដែរ​។ លោក ​ស្រី ម៉ាក់នី ​ថ្លែង​ថា​៖ «យើង​បាន​កោះ​ហៅ​នរណា​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ក្តី​នេះ​»។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​លោក មិន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ដែល​ពាក់​ព័ន្ធ​ដែល​ត្រូវ​បាន​កោះ​ហៅ នោះ​ទេ។
លោក លី កុសល មេធាវី​តំណាង​ឲ្យ​លោក រ៉ាន បូរ៉ាត់ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​លោក ​ត្រៀម​បង្ហាញ​ខ្លួន​នៅ​តុលាការ​ ដើម្បី​ការពារ​កូន​ក្តី​របស់​លោក​។ លោក អះអាង​ថា ដោយ​ផ្អែក​លើ​សកម្មភាព​នៃ​ការ​ប្រព្រឹត្ត​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ​ លោក សង្ឃឹម​ថា លោក រ៉ាន បូរ៉ាត់​ នឹង​ត្រូវ​គេ​កាត់​ឲ្យ​រួច​ទោស​ ពីព្រោះ​គាត់​ មិន​បាន​បាញ់​​លោក​អ៊ិន រតនា​ទេ​។ លោក លី កុសល ថ្លែង​ថា​៖ «​កូន​ក្តី​របស់​ខ្ញុំ គ្រាន់​តែ​ជា​អ្នក​ឃាត់​លោក  អ៊ិន រតនា កុំ​ឲ្យ​បន្ត​បាញ់​អ្នក​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ​។ ប្រសិន​បើ​គាត់ មិន​ឃាត់​លោក អ៊ិន រតនា នៅ​ពេល​នោះ​ទេ អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ស្លាប់​»។ មេធាវី​រូប​នេះ ​បាន​អះអាង​ទៀត​ថា ខណៈ​ដែល​លោក រ៉ាន បូរ៉ាត់ កំពុង​ឃាត់​លោក អ៊ិន រតនា កៃ​កាំភ្លើង បាន​រាល​ផ្ទុះ​ប្រមាណ​ពីរ-បី​គ្រាប់​ធ្វើ​​ឲ្យ​លោក អ៊ិន  រតនា ស្លាប់​។ «ដូច្នេះ​ខ្ញុំ​ គិត​ថា ការ​ឃាត់​នេះ គឺ​ថា គាត់ មិន​មាន​បំណង​បាញ់​លោក  អ៊ិន  រតនា​ និង លោក ឈុត​ វុទ្ធីទេ​ គាត់ ចង់​ជួយ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ​»។
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ដែល​តែង​តែ​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ជា​ញឹកញាប់​នោះ ​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ កាល​ពី​ថ្ងៃ​ទី​ ២៦ មេសា នៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​ដែល​លោក បាន​នាំ​អ្នក​កាសែត ទៅ​ពិនិត្យ​មើល​ និង​ថតរូប​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​គេ​អះអាង​ថា ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុមហ៊ុន​Timber Green។
នៅ​ក្រោយ​ការ​បាញ់​ សម្លាប់​នោះ​ភ្លាម​ៗ ​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ បាន​បើក​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ថា ទាំង​លោកឈុត វុទ្ធី និង​លោក អ៊ិន រតនា ដែល​ជា​មន្ត្រី​ប៉េអឹម អាច​ត្រូវ​បាន​ជន​ទី​ ៣ ធ្វើ​ការ​បាញ់​សម្លាប់​បំបិទ​មាត់។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​​សមត្ថកិច្ច​ដែល​ជាប់​ពាក់ព័ន្ធ បាន​ច្រាន​ចោល​ការ​អះអាង​នេះ​៕

No comments:

Post a Comment