លោកនាយករដ្ឋមន្រ្តី ចំអកសង្គមស៊ីវិលមួយដោយមិនបញ្ចេញឈ្មោះ
ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី21 កញ្ញា ឆ្នាំ2012 ម៉ោង10:57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ចំអកឲ្យសង្គមស៊ីវិលមួយដោយមិនបញ្ចេញឈ្មោះ ថាមន្រ្តីគណបក្សប្រជាជនកម្ពុជា មិនមានពេលចូលរួមសិក្ខាសាលាដែលរៀបចំដោយអង្គការនោះទេ ព្រោះជាប់ដៃជួយប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តក្រចេះ ព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា មន្រ្តីគណបក្សប្រជាជនកម្ពុជា មិនបានចូលរួមក្នុងសិក្ខាសាលាតាមការអញ្ជើញរបស់អង្គការ នោះទេ ព្រោះរវល់ការងារជួយប្រជាពលរដ្ឋ។ លោកថា គណបក្សគ្មានពេលចុះធ្វើសិក្ខាសាលាសំណេះសំណាលនៅតាម សណ្ឋាគារ គឺមានតែការចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ។
បើទោះជាលោកនាយករដ្ឋមន្រ្តី មិនបង្ហាញឈ្មោះរបស់សង្គមស៊ីវិលនោះ តែអ្នកតាមដានស្ថានការណ៍សង្គម ដឹងថា លោកនាយករដ្ឋមន្រ្តី ចង់សំដៅទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ មជ្ឈមណ្ឌលបានបើកកិច្ចពិភាក្សាតុមូល ស្តីពីគោលនយោបាយកំណែទម្រង់ដីធ្លីនៅកម្ពុជាដោយមាន ការចូលរួមពីអ្នកវិភាគសង្គម តំណាងគណបក្សនយោបាយ និងអ្នកតាមដានស្ថានការណ៍នៅកម្ពុជា។ ក្នុងនោះ មជ្ឈមណ្ឌលបានអញ្ជើញតំណាងគណបក្សចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សជាតិនិយម។ ប៉ុន្តែមានតែតំណាងគណបក្សសមរង្ស៊ីមួយទេ ដែលចូលរួម។ មន្រ្តីមជ្ឈមណ្ឌល អះអាងថា ដោយសារតំណាងរបស់គណបក្សទាំងនោះជាប់រវល់។
ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា សិក្ខាសាលានិយាយពីគោលនយោបាយកំណែទម្រង់ដីធ្លី ដូច្នេះត្រូវតែមានការអញ្ជើញចូលរួមតំណាងរាស្រ្តពីគណបក្សកាន់ អំណាច។ លោកថា មិនមែនតំណាងរាស្រ្តគណបក្សប្រជាជនទាំងអស់ ចុះជួយប្រជាពលរដ្ឋនោះទេ។ លោកបន្ថែមថា ជាបទពិសោធន៍ គណបក្សប្រជាជនមិនដែលបញ្ជូនតំណាងរបស់គេមកចូលរួមសិក្ខាសាលា ដែលមជ្ឈមណ្ឌលរបស់លោកបានរៀបចំទេ។ លោកថា នេះជារឿងមួយគួរឲ្យសោកស្តាយដោយសារកន្លងមកមានការរិះគន់ថាសង្គម ស៊ីវិលចូលដៃជាមួយគណបក្សប្រឆាំងតែគណបក្សប្រជាជនមិន ដែលចូលរួមទេ។
រដ្ឋាភិបាលកំពុងតែអនុវត្តនូវគោលនយោបាយចាស់សកម្មភាពថ្មី លើកំណែទម្រង់ដីធ្លីដោយយកក្រុមនិស្សិត វាស់វែងដីជូនប្រជាពលរដ្ឋ។ កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានរិះគន់មន្រ្តីសង្គមស៊ីវិល និងសង្គមស៊ីវិលមួយចំនួនថា កុំធ្វើការរិះគន់ហួសហេតុ ដែលមិនអាចទទួលយកបាន៕
No comments:
Post a Comment