ដោយ ខែ សុណង
2012-09-04
អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអ្នកភូមិបឹងកក់ ២នាក់ នៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា។លោកស្រី យ៉ោម បុប្ផា ពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លីតំបន់ បឹងកក់ នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២។
ស្ត្រីឈ្មោះ យ៉ោម បុប្ផា គឺជាពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លី តំបន់បឹងកក់យ៉ាងសកម្ម។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មានប្រសាសន៍ដោយខ្លីថា លោកពិតជាបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទអនុវត្តតាមដីការបស់ តុលាការគឺចៅក្រម តែ សំអាងទាក់ទងពីបទបង្កហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។
ប៉ុន្តែនៅម៉ោងប្រមាណជាង ៤រសៀលនេះ ក្រុមអ្នកបឹងកក់ បានអះអាងថា តុលាការរាជធានីភ្នំពេញ បានដោះលែងលោក លួស សាខន ស្វាមីរបស់លោកស្រី យ៉ោម បុប្ផា នោះវិញ។
លោក លួស សាខន បានថ្លែងពេលចេញពីតុលាការក្រុងភ្នំពេញថា ភរិយារបស់លោកត្រូវគេបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសរហើយ។ លោកថា ការចាប់ពួកគាត់នេះ ពាក់ព័ន្ធនឹងរឿងដែលពួកគាត់ឃាត់អ្នកមានទំនាស់នៅក្បែរផ្ទះ ហើយតុលាការបែរឃាត់ខ្លួនពួកគាត់ដោយអយុត្តិធម៌។
យ៉ាងណាក៏ដោយ រហូតដល់ម៉ោង ៥រសៀលថ្ងៃដដែលនេះ ក្រុមអ្នកភូមិបឹងកក់ កំពុងស្វែងរកក្មេងប្រុសដែលជាកូនរបស់អ្នកទាំងពីរ ឈ្មោះ លួស លីហួរ អាយុ ៨ឆ្នាំ ដែលបានបាត់ដំណឹងមិនឃើញចេញពីសាលា ក្នុងពេលដែលឪពុកម្ដាយរបស់គេត្រូវចាប់ខ្លួន៕
No comments:
Post a Comment