Wednesday, September 5, 2012

ADB បង្ហាញ​លទ្ធផល​ក្នុង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ចំនួន​៦

2012-09-04
មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អះអាង​ថា ធនាគារ​នេះ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ជួសជុល និង​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ខេត្ត​ចំនួន​៦ ក្រោយ​ពី​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​២០១១។
RFA/Sok Serey
នាយក​រង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក ភីធឺ ប្រីមបូល (Petter Brimble) ប្រចាំ​នៅ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២។
គម្រោង​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ចំនួន​ជាង​៦៧​លាន​ដុល្លារ​អាមេរិក ជូន​រដ្ឋាភិបាល​កម្ពុជា កន្លង​មក​នេះ។ ខេត្ត​ចំនួន​៦​នោះ មាន​ដូច​ជា​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និង​ខេត្ត​កណ្ដាល ដែល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​សារ​​ទឹក​ជំនន់​ឆ្នាំ​២០១១។ មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោង​ដឹកនាំ​ក្រុម​អ្នក​កាសែត​ទៅ​ត្រួត​ពិនិត្យ ឬ​ទស្សនា​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​គម្រោង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ បាន​ទទួល​ជោគជ័យ។ ការ​ស្ដារ​ឡើង​វិញ​នោះ គឺ​មាន​តម្លៃ​៦០​លាន​ដុល្លារ​អាមេរិក ក្រោម​ប្រាក់​កម្ចី​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ នាយក​រង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ភីធឺ ប្រីមបូល (Patter Brimble) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ថា រាល់​គម្រោង​ស្ដារ​ឡើង​វិញ​ទាំង​នោះ គឺ​ជា​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លើក​លែង​តែ​ស្បៀង​ពលកម្ម​ទេ គឺ​ជា​ជំនួយ៖ «វា​ជា​ប្រាក់​កម្ចី​សម្បទាន​ ពិសេស ពីព្រោះ​វា​ស្ថិត​ក្នុង​គ្រា​ដែល​ត្រូវ​ការ​ប្រាក់​កម្ចី​សម្បទាន​សង្គ្រោះ​ បន្ទាន់»។ ទាក់​ទង​នឹង​គម្រោង​ស្ដារ​ឡើង​វិញ នៅ​ខេត្ត​ចំនួន​៦​នោះ អនុប្រធាន​ក្រុម​ការងារ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ហ៊ី សំណាង ដែល​តាម​ដាន​ការ​អនុវត្ត​គម្រោង​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ថ្នល់ និង​ស្ពាន​មួយ​ចំនួន ត្រូវ​បាន​ជួស​ជុល​ហើយ៖ «ក្រវាត់​ក្រុង​ខេត្ត​ ព្រៃវែង នោះ គឺ​ថា​រៀប​នឹង​បាក់​ទៅ​ហើយ​បាទ បើ​សិន​ជា​ទំនប់​នោះ​បាក់ គឺ​ថា​ប្រជាជន​នៅ​ក្រុង​ព្រៃវែង ទាំង​មូល គឺ​ត្រូវ​រង​ការ​ខូច​ខាត​ទាំង​ស្រុង។ នៅ​ពេល​ដែល​មាន​ទឹក​ជំនន់​ឆ្នាំ​២០១១ នោះ ខាង​ក្រសួង​ធនធាន​ទឹក សាលា​ខេត្ត​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​តែ​ម្តង។ យើង​បាន​សាង​សង់​ស្រទាប់​គ្រឹះ​រួច​ហើយ បាន​រហូត​ដល់​៣០% នៃ​គម្រោង​ទាំង​មូល​នោះ បើ​សិន​មាន​ភ្លៀង​មក មាន​ទឹក​ជំនន់​ទៀត គឺ​លែង​មាន​ការ​ព្រួយ​បារម្ភ​ទៀត»
ការ​វាយ​តម្លៃ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ថា គឺ​មាន​តម្លៃ​សរុប​ជិត​៥០០​លាន​ដុល្លារ​អាមេរិក។ ការ​ខូច​ខាត​នោះ នៅ​ក្នុង​ខេត្ត​ចំនួន​១៨។ ប្រជាពលរដ្ឋ​ជិត​២លាន​នាក់ បាន​រង​ការ​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់។ មនុស្ស​ស្លាប់​ចំនួន​២៥០​នាក់។ ប្រជាពលរដ្ឋ​ជាង​៥ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​ទី​សុវត្ថិភាព។
ទាក់​ទង​គ្រោះ​ធម្មជាតិ​នេះ​ដែរ អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះ ដើម្បី​ត្រៀម​វិធានការ​ចាំបាច់​នានា ដើម្បី​សង្គ្រោះ​បន្ទាន់ នៅ​គ្រា​ដែល​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១២ និង​គ្រោះ​រាំង​ស្ងួត៕

No comments:

Post a Comment