(ថ្ងៃទី 4 កញ្ញា 2012, ម៉ោង 07:15:PM) | ដោយ: ឆាយា
ចំណែកប្តីរបស់ស្ត្រីរូបនេះ បានត្រូវតុលាការសម្រេចមិនឃុំខ្លួន តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដូច្នេះការចាប់ និងឃុំខ្លួនស្ត្រីរូបនេះ គឺជារឿងបុគ្គលសុទ្ធសាធ ពោលគឺពុំមានជាប់ជំពាក់នឹងករណីប្រជាពលរដ្ឋបឹងកក់ ឬបុរីកីឡា ធ្វើបាតុកម្មនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។
ស្ត្រីរូបនេះឈ្មោះ យ៉ោម បុប្ផា និងប្តីឈ្មោះ លួស សាខន បានត្រូវសមត្ថកិច្ចប៉ូលិសខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចមុខរ៉ារទេះភ្លើង តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក តែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនមកតុលាការ ដើម្បីសាកសួរករណីព្រួតគ្នាចាក់ និងកាប់បណ្តាលឱ្យបុរស ២នាក់ រងរបួសជាទម្ងន់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នៅមុខផ្ទះសំណាក់បុប្ផា ដែលមានទីតាំងនៅផ្ទះលេខ៥ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអំពើហិង្សាដោយចេតនាមួយ បានកើតឡើង ដែលបង្កដោយឈ្មោះ យ៉ោម បុប្ផា ឈ្មោះ លួស សាខន និងប្អូនប្រុស ២នាក់ទៀត ឈ្មោះ យ៉ោម កន្លង់ ហៅ ឡុង និង ឈ្មោះ យ៉ោម សិទ្ធិ ដែលបណ្តាលឱ្យឈ្មោះ វ៉ាត ថៃសេង និងឈ្មោះ ង៉ែត ចិត្រ រងរបួសជាទម្ងន់។
ប្រភពដដែលបានអះអាងថា នៅយប់កើតហេតុជនរងគ្រោះទាំងពីរនាក់ ជាអ្នករត់ម៉ូតូឌុប កំពុងអង្គុយចាំម៉ូយ នៅមុខផ្ទះសំណាក់បុប្ផា។ ពេលនោះស្រាប់តែឈ្មោះ យ៉ោម កន្លង់ ដើរចូលមក រួចយកដៃចាប់ក្រៀកឈ្មោះ វ៉ាត ថៃសេង ហើយយកទួណឺវីស ចាក់លើក្បាល បណ្តាលឱ្យរបួសច្រើនកន្លែង។ បន្ទាប់មកចាក់ត្រង់ក្បាលចំ បោះដៃផុតមួយកន្លែងទៀត។
ចំពោះ មូលហេតុនៃការប្រើអំពើហិង្សានេះ បានត្រូវសមត្ថកិច្ចអះអាងថា បានកើតឡើងដោយសារមនុស្សទាំង ៤នាក់នេះ ខឹងរឿងបាត់កញ្ចក់ឡាន នៅមុខផ្ទះសំណាក់ញឹកញាប់ពេក ទើបមានការសង្ស័យលើអ្នករត់ម៉ូតូឌុប។
ចំណែកឈ្មោះ យ៉ោម សិទិ្ធ បានយកពូថៅ កាប់លើឈ្មោះ ង៉ែត ចិត្រ ចំក្បាលរបួស ២កន្លែង បណ្តាលឱ្យហូរឈាមរហាម។
ភ្លាមៗនោះ ឪពុករបស់ឈ្មោះ វ៉ាត ថៃសេង និងអ្នកជិតខាងបានចូលឃាត់ រួចចាប់ឈ្មោះ យ៉ោម សិទិ្ធ តែត្រូវឈ្មោះ យ៉ោម បុប្ផា ឈ្មោះ លួស សាខន និងឈ្មោះ យ៉ោម កន្លង់ ចូលមកជួយរំដោះឱ្យរត់បាត់។
ក្រោយហេតុការណ៍នេះ កើតឡើង សមត្ថកិច្ចប៉ូលិសខណ្ឌដូនពេញ បានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ក្នុងនោះលោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មនុស្សទាំង ៤នាក់នេះ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រួចបញ្ជូនសំណុំរឿងនេះ ទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី៕

No comments:
Post a Comment