Monday, September 24, 2012

ពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា ជួបជុំ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​

(ថ្ងៃទី 24 កញ្ញា 2012, ម៉ោង 10:03:AM) | ដោយ: សុខ ភក្តី
ភ្នំពេញ: នៅ​ថ្ងៃ​ខួប លើក​ទី​១៩ ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា នា​ព្រឹក​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា ភាគច្រើន​ជា​ស្ត្រី និង​កុមារ បាន​ប្រមូលផ្តុំ លើក​បដា និង​ស្រែក​តវ៉ា នៅ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​រដ្ឋធម្មនុញ្ញ ពិសេស​គឺ​ការទាមទារ​សិទ្ធិ​លំនៅដ្ឋាន និង​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់ និង​ស្ត្រី​បុរី​កីឡា ពីរ​នាក់ ដែល​ត្រូវ​តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពីដើម​ខែ​កញ្ញា​នេះ​។​

​សូម​ រម្លឹកថា អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី  ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២៣ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាមរយៈ​ការចូលរួម​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​វាយកម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​បុរី​កីឡា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២​។​

​ក្នុង​រឿង​ចាប់ខ្លួន​ស្ត្រី​ទាំង​ពីរ​រូប​នោះ អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​ចំណែក​ក្រុម​អ្នកភូមិ ក៏​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា ព្រម​ទាំង​សម្តេច​ហ៊ុន​សែន និង​ដាក់​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ច្បាប់​ប៉ុណ្ណោះ​។​

​ ក្នុងនោះ ក៏​មាន​ក្រុមអ្នកតវ៉ា​ផ្សេងទៀត បានទាមទារ​ឲ្យ​តុលាការ ដាក់ទោស​លើ​ស្ត្រី​បឹងកក់ ដែល​ត្រូវ​ចាប់ខ្លួន ហើយ​ប្រកាស​ថា រឿង​នោះ មិន​ពាក់ព័ន្ធ​នឹង​ជំលោះ​ដីធ្លី ដូច​ការលើក​ឡើង​របស់​ពលរដ្ឋ​បឹងកក់ និង​សង្គម​ស៊ីវិល​ឡើយ​៕​

No comments:

Post a Comment