ដោយ ណាត សុភាព និង អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី30 សីហា ឆ្នាំ2012 ម៉ោង09:34

លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ (រូបថត មុនីរតន៍)
មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការពន្យាពេលលើសំនុំរឿងឃាតកម្ម លោក ឈុត វុទ្ធី នឹងធ្វើឲ្យជនល្មើស រួចផុតពីទោសទណ្ឌ ៖ “យើងឃើញថាវាដូចជាមិនសូវល្អ ហើយអាចធ្វើឲ្យសំណុំរឿងហ្នឹងវាត្រូវគាំងនៅហ្នឹង ហើយធ្វើឲ្យជនពាក់ព័ន្ធមួយចំនួនទៀត គាត់គេចខ្លួនបាន វានាំឲ្យមាននិទណ្ឌភាព”។
ស្តាប់សម្លេង៖ ចៅក្រមតុលាការខេត្តកោះកុង លោក មីន មករា មានប្រសាសន៍ថា ពេលនេះជាដំណាក់កាលស៊ើបសួរ មិនអាចប្រាប់អ្នកយកព័ត៌មានបានទេ ព្រោះខុសនីតិវិធីច្បាប់ ៖ “វាទាក់ទងនឹងបញ្ហាវិជ្ជាជីវៈ តាមវិជ្ជាជីវៈអត់អាចប្រាប់អ្នកដទៃបានទេ លោកចង់ដឹង ខ្ញុំគិតថាលោកអាចទៅសួរជនរងគ្រោះវិញ សួរសមាជិកជនរងគ្រោះដឹងជាងវិញ”។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ហៅថា ការពន្យាពេលរបស់តុលាការ ក្នុងការរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី នេះថា ជាចេតនាមួយ ដើម្បីបិទចោលសំណុំរឿងឧក្រិដ្ឋនោះ។
កាលពីដើមខែឧសភា ឆ្នាំ២០១២ គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាល បានប្រកាសថា ជនសង្ស័យទីបី ក្នុងហេតុការណ៍បាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងមន្រ្តីប៉េអឹមឈ្មោះ អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសានោះ គឺលោក រ៉ាន់ បូរ័ត្ន ជាសន្តិសុខការពារក្រុមហ៊ុនកាប់ឈើ ឈ្មោះ ធីមប៊ើហ្គ្រីន។ នៅពេលនេះ ជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ពីបទមនុស្សឃាតដោយអចេតនា៕
No comments:
Post a Comment