Thursday, August 30, 2012

តុលាការ ​​​កោះ​ហៅ​​​តំណាង​​អ្នក​​បុរី​​កី​ឡា​​ម្នាក់ ​ចូល​​បំភ្លឺ​​

សាលាដំបូង​រាជធានីភ្នំពេញ ​កោះ​ហៅ​តំណាង​សហគមន៍​អ្នក​បុរី​កី​ឡា​ម្នាក់​ឲ្យ​ចូល​បំភ្លឺ​ នៅ​​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ​ ​ពី​​បទ​​​ញុះ​ញង់​​ក្រោម​​បណ្តឹង​​​របស់​​​ប្រ​ធាន​​​​​​ក្រុម​​​ហ៊ុន​​​​​ ផាន​​​​អ៊ី​ម៉ិច​ អ្នក​ស្រី ​​ស៊ុយ​ សុផាន​។
អ្នក​ស្រី​ តឹម​ សាក់​មុន្នី​ ជា​តំណាង​​អ្នក​​ភូមិ​​​បុរី​កី​ឡា​​​ ដែល​​តុលាការ​​បាន​កោះហៅ។ អ្នកស្រី ប្រាប់ VOD នៅ​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​ ទី​៣០​ ខែសីហា​នេះ​ថា ​​​ព្រះ​​រាជ​​អាជ្ញា​​រង​​អម​​សាលាដំបូង​​រាជ​​ធានី​​ភ្នំ​ពេញ ​លោក សៀង សុខ បាន​​ចេញ​​ដី​កាកោះហៅរូប​គាត់ ​ដែល​​ប្តឹង​ដោយ​ប្រ​ធាន​​​​​ក្រុម​​ហ៊ុន​​​​​ផាន​​​អ៊ី​ម៉ិច​ អ្នក​ស្រី ស៊ុយ​ សុផាន។ អ្នកស្រី​ថា តុលាការ​ចោទ​គាត់​ថា ​ញុះ​ញង់​​ប្រជា​ពល​រដ្ឋ​នៅ​បុរី​កីឡា​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ៖ “អំពាវ​នាវ​ឲ្យ​គ្រប់​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គ្រប់ស្ថាប័ន​ទាំង​អស់ ជាពិសេស​លោក​តុលាការ​ហ្នឹង​តែ​ម្តង ហើយ​និង​អង្គ​ការ​ពិភព​លោក ឲ្យ​លោក​ជួយ​​មើល​ការ​រំលោភ និង​បំបាត់​សិទ្ធិ​សេរី​ភាពរបស់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ដែល​គាត់​ធ្វើ​បែប​នេះ​ គាត់​ឈូស​ឆាយ​កម្ទេច​ទ្រព្យ​សម្បត្តិ បណ្តេញ​ចាប់​ពួក​ខ្ញុំ​ដាក់​​គុក​ដាក់​ច្រ​វាក់​ហើយ គាត់​មាន​សិទ្ធិ​ប្តឹង​ពួក​ខ្ញុំ ថា​ខ្ញុំ​នេះ​ញុះ​ញង់​ពី​បទ​ឧក្រិដ្ឋ​ ចុះ​ចំពោះ​​គាត់​​ធ្វើ​បាប​ពួក​ខ្ញុំ ឈូស​ឆាយកម្ទេច​ទ្រព្យ​សម្បត្តិ​​ពួក​ខ្ញុំ​អស់ ពួក​​ខ្ញុំ​​គ្មាន​​អី ហេតុ​អី​ធ្វើ​ពាក្យ​ប្តឹង​ទៅ​ហើយ តុលាការ​មិន​​ដែល​ហៅ​ពួក​ខ្ញុំ​ឲ្យ​ឡើង​ជួប​ទេ”។
ស្តាប់សម្លេង៖   តំណាងអ្នក​ភូមិ​បុរីកីឡា​ម្នាក់​ទៀត អ្នកស្រី ជុំ ង៉ាន់ មាន​​ប្រសាសន៍​​ថា​ នេះជាការ​​យក​​​អំណាច​​តុលាការ​ ​មក​​​គំ​រាម​​​កំ​ហែង​​​​ប្រជា​ពលរដ្ឋ ​ដែល​​​កំពុង​​​តវ៉ា​រឿង​​​ដី​ធ្លី ៖ “គេ​មិន​មែន​គំរាម​ត្រឹម​តែ​គាត់​ទេ គំរាម​ដល់​ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ហ្នឹង គំរាម​គាត់​មួយ​ហ្នឹង ដូច​ជា​គំរាមប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ហ្នឹង​ ហើយ​គំរាម​ទាំង​ខ្ញុំ​ទាំង​អី​ទាំង​អស់​ហ្នឹង ព្រោះ​ល្ងាច​មិញគេ​ហៅ​បី​នាក់​ដើម្បី​ទៅ​ចរចា​ ដល់​ពេល​ហើយ​គាត់​មក​វិញ​ ស្រាប់​តែ​ឃើញ​ដីកា ព្រឹក​ឡើង​​ដីកា​ចេញ​តែ​ម្តង”។ VOD​ មិន​​អាច​​សុំការ​​អត្ថា​ធិប្បាយ​​ពី​​ព្រះ​​​រាជ​​អាជ្ញា​រង​ លោក សៀង សុខ បាន​ទេ​។ ចំណែក​ អ្នក​ស្រី​ ស៊ុយ​ សុផាន ​ក៏​មិន​​អាច​​សុំ​ការ​​អធិប្បាយ​​​បាន​​ដែរ​​។​ ​នាយក​​​​លេខា​ធិការ​​ដ្ឋាន​​​​នៃ​​ក្រុម​​​​ការ​​ងារ​​​​​ពិសេស​​​​ សិទ្ធិ​​​​​លំនៅ​ឋាន​​ លោក ​សៀ​ ភារម្យ មាន​​​​ប្រសាស​ន៍​​​​​ថា​ នេះ​ជា​ទង្វើ​​​មួយ​​​​ដែល​​​​អ្នក​​​ទន់​​​ខ្សោយ​ តែង​​​តែទទួ​ល​​​​រង​​ការ​​គាប​​​សង្កត់​​​ពី​​អ្នក​​មាន​​អំណាច​​ ហើយ​មិន​មាន​ការ​ដោះ​ស្រាយ​ដោយ​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ ៖ “ធម្មតា​យើង​ត្រូវ​មាន​សិទ្ធិ​ប្តឹង​ផ្តល់អញ្ចឹង ហើយ​នេះ​ដល់​ពេល​​គ្នា​អស់​ផ្ទះ​ គ្នា​ប្តឹង​ផ្តល់​ហើយ​ ហើយ​តុលាការ​អត់​ចាត់​ការ​ ហើយ​បែរ​ជា​ចាត់​ការ​​រឿង​ពេល​ដែល​គាត់​បញ្ចេញ​មតិ គាត់​តវ៉ា​ដើម្បី​ទាម​ទាររក​ដំណោះ​ស្រាយ​ទៅ​វិញ អាហ្នឹង​គឺ​ជារឿង​មួយដែល​ធ្វើ​ឲ្យ​​ប្រ​ទេស​របស់​យើង​​ វា​កាន់​តែ​ស្តួច​ទៅ​ៗ នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬក៏​ការ​ស្វែង​រក​នូវ​ភាព​ថ្លៃ​ថ្នូរ​ក្នុង​សង្គម វា​អត់​​មាន​ការ​ផ្តល់​ ឬ​ការ​ធានា​របស់​រដ្ឋ​ទេ​”។ គួរ​​បញ្ជាក់​ថា​ កន្លង​​មក ​​អ្នក​ភូមិ​​​បុរី​កី​ឡា​​បាន​​​នំាគ្នាតវ៉ា​​រឿង​​​ដី​ធ្លី​ ឲ្យ​​​ក្រុម​​ហ៊ុន​​ផាន​អ៊ី​ម៉ិច ​​សង​ដី​ និង​​ផ្ទះ​របស់​​​ពួ​ក​គាត់។ ក្រុម​ហ៊ុន បាន​សង​​​សំណង​​​​ខ្លះ​ ​ដោយ​​ឡែកនៅ​ប្រជា​​ពលរដ្ឋ​​​​ប្រមាណ​ជា​ ១១៧​គ្រួសារ​​ទៀត​ មិន​​ទាន់​ទទួល​​នៅ​ឡើយ​​ទេ​៕ ​

No comments:

Post a Comment