ដោយ ស៊ុន ណារិន
ថ្ងៃសុក្រ ទី17 សីហា ឆ្នាំ2012 ម៉ោង09:21
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា
គោលនយោបាយដីធ្លីថ្មីរបស់រដ្ឋាភិបាល
អាចផ្តល់ក្តីសង្ឃឹមដល់ប្រជាជន
តែចោទជាសំណួរទៅលើការប្តេជ្ញា និងឆន្ទៈរបស់រដ្ឋាភិបាល
ក្នុងការចែកដីជូនប្រជាពលរដ្ឋ។យោងតាមវិចារណកថាព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នេះ ឲ្យដឹងថា ថ្វីបើអ្វីដែលបានលើកឡើងរបស់រដ្ឋាភិបាលលើកំណែទម្រង់ ដីធ្លី គឺជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក៏មានសំណួរខ្លះដែរថា តើនឹងមានអ្វីកើតឡើងនាពេលខាងមុខនេះ អំពីទិសដៅថ្មីរបស់រដ្ឋាភិបាល ហើយថាតើនឹងមានភាពប្រាកដប្រជាចំពោះឆន្ទៈដែលរដ្ឋាភិបាល បានលើកឡើង។
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសនូវនយោបាយចាស់ សកម្មភាពថ្មី ដោយឲ្យនិស្សិត និងមន្រ្តីជំនាញចុះវាស់ដីជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលរងផលប៉ះពាល់ដោយទំនាស់ដីធ្លី។ រដ្ឋាភិបាល ក៏បានប្រកាសឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ផ្សេងៗ ដែលតែងតែបង្កជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ហើយដកហូតដីសម្បទាន ដែលគ្រប់គ្រងដោយខុសច្បាប់ ទុកសម្រាប់ប្រគល់ជូនប្រជាពលរដ្ឋ។ កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសថា មានប្រជាពលរដ្ឋជិតមួយសែនគ្រួសារ នឹងទទួលបានប្លង់ដីកម្មសិទ្ធិលើដីធ្លី ហើយនឹងផ្តល់ជូនប្រជាពលរដ្ឋរាប់សែនគ្រួសារទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា គម្រោងរដ្ឋាភិបាល គឺវាស់វែងដីធ្លីទៅឲ្យប្រជាពលរដ្ឋជាង ៣៥ម៉ឺនគ្រួសារ នៅលើផ្ទៃដី ១,២លានហិកតា។
មជ្ឈមណ្ឌលសិទ្ធិមនុស្ស ក៏បានចោទសំណួរទៅលើគោលនយោបាយរបស់រដ្ឋាភិបាល ដោយលើកឧទាហរណ៍ ពីការបំបិទសំឡេងអ្នករិះគន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងកំណែទម្រង់ដីធ្លីនេះ និងការព្រមានលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដោយសារតែលោករិះគន់ចំពោះគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល ក្នុងការបញ្ជូននិស្សិតទៅវាស់វែងដីធ្លី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សមួយនេះ ក៏បានស្នើរដ្ឋាភិបាល ជំរុញគោលបំណងរបស់ខ្លួនដែលបានប្រកាសរួចហើយ ដើម្បីធានាឲ្យគោលនយោបាយកំណែទម្រង់ដីធ្លីទាំងឡាយ មានអត្ថន័យពេញលេញ ដោយការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាអនុលោម តាមនីតិរដ្ឋ។
មន្រ្តីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ការកំណត់ព្រំប្រទល់ដីផ្តល់កម្មសិទ្ធិ ត្រូវតែមានដំណើរការប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរដ្ឋាភិបាល គួរធានាថា ក្រុមនិស្សិតស្ម័គ្រចិត្ត មិនពឹងផ្អែកលើមន្រ្តីសុរិយោដីមួយចំនួន ដែលមានភាពលម្អៀងទៅខាងក្រុមហ៊ុន ឫអ្នកមានឥទ្ធិពលពាក់ព័ន្ធក្នុងជម្លោះដីធ្លី។
VOD មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីមន្រ្តីរដ្ឋាភិបាលណាមួយនៅឡើយទេ ទាក់ទងនឹងការលើកឡើងនេះ។ កន្លងទៅមានការលើកឡើងថា គោលនយោបាយកំណែទម្រង់ដីធ្លីថ្មីរបស់រដ្ឋាភិបាល គឺដើម្បីស្វែងរកសម្លេងឆ្នោតគាំទ្រ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ ពីប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទំនាស់ដីធ្លី។
គួរបញ្ជាក់ថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរិះគន់ខ្លាំងៗ ទៅលើការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ ដែលនាំឲ្យមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយសារពួកគាត់មិនបានទទួលនូវសំណងត្រឹមត្រូវ រហូតដល់មានការតវ៉ា ការដាក់ញត្តិ និងការប្រឈមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ៕
No comments:
Post a Comment