Friday, August 17, 2012

សិទ្ធិស្រ្តី និង​កុមារី ត្រូវ​បាន​រំលោភ​បំពាន​ដោយ​អាជ្ញាធរ​ក្នុង​រឿង​ដីធ្លី​​

អង្គការ​សិទ្ធិ​លំនៅដ្ឋាន​ អះអាង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​​ បានកំ​ពុង​រំលោភ​លើ​​សិទ្ធិ​ស្រ្តី ​និងកុមារី​ជាច្រើន​ ក្នុង​រឿង​ទំនាស់​​ដីធ្លី​​កន្លង​​មក។
​ថ្លែង​ក្នុង​​សិក្ខាសិលាស្តី​ពីយេនឌ័រ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា ​ដែល​​រៀបចំ​ឡើង​​ដោយ​​​អង្គ​ការ​​យេន​ឌ័រ ​ដើម្បី​​អភិវឌ្ឍន៍​​នៅ​កម្ពុជា ​(GADC) ​និង​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ដែល​ប្រព្រឹត្ត​​ទៅនៅព្រឹក​ថ្ងៃសុក្រ ទី១៧ ខែសីហានេះ ប្រធាន​លេខាធិការ​​ដ្ឋាន​នៃក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​​លំនៅដ្ឋាន ​លោក សៀ ភារម្យ បាន​លើក​ឡើង​ថា សិទ្ធិស្រ្តី និងកុមារ ត្រូវ​បាន​អាជ្ញាធរ​ និង​ក្រុមហ៊ុន​​អភិវឌ្ឍន៍ ​កំពុង​រំលោភបំពាន​ ដែល​បញ្ហានេះ ​រដ្ឋាភិបាលត្រូវ​តែដោះស្រាយ។ លោក​បាន​លើក​​ករណី​មួយ​ចំនួន​ ដែល​កើត​ឡើង​កន្ល​ងមក ក្នុង​ទម្រង់​រំលោភ​សិទ្ធិស្រ្តី និងកុមារ ពាក់ព័ន្ធ​នឹង​ទំនាស់​​ដីធ្លី ​ដូចជា​ក​រណី​អ្នក​​ភូមិ​​បឹងកក់​ និង​អ្នក​បុរីកីឡា​ជាដើម។​
ក្នុង​ករណីទំ​នាស់​ដីធ្លី​នៅរាជធានី​ភ្នំពេញ ​ជាពិសេសក​រណី​បឹងកក់ ​និង​​បុរីកីឡា ​គេសង្កេត​​ឃើញមាន​​​របត់​នៃការ​ចេញ​មកត​វ៉ាថ្មី​នៃ​ក​ម្លាំង​​ស្រ្តី និ​ងកុ​មារ ជា​ពិសេស​កុមារី។ ពួកគេ បាន​​ប្រឈម​នឹង​កម្លាំង​ចម្រុះ​សមត្ថកិច្ច ហើយ​ពេលខ្លះរហូត​ដល់​មាន​ការ​វាយតប់​យ៉ាង​​ហឹង្សាទៀតផង។ ជា​ឧទាហរណ៍ ដូចជាស្រ្តីអ្នក​បឹងកក់​ម្នាក់ ​កន្លងទៅ ​ត្រូវ​បាន​មន្រ្តី​ប៉ូលីស ​​ធ្វើឲ្យ​​រលូត​​កូន ខណៈកំពុង​តវ៉ា។ ​ចំណែក​ក្មេងៗ​ បាន​ចេញមុខ​ស្រែក​យំជាបន្ត​បន្ទាប់​ ដើម្បី​​សុំ​​អន្តរាគម​ន៍​​ឲ្យ​ជួយ​រក​​យុត្តិ​ធម៌​ជូន​​ឪពុក​ម្តាយ​របស់​ ពួកគេ ​ដែល​រង​គ្រោះ​​​ដោយ​សារ​​រំលោភ​​យក​ដីធ្លី។​​
តំណាង​​​អ្នក​​ភូមិ​​​បឹង​​កក់​ ដែល​តែងតែចេញ​​តស៊ូ​មតិ​ជា​បន្ត​​បន្ទាប់ ​​អ្នក​​ស្រី ​ទេព វន្នី​ មាន​​ប្រសាស​ន៍​ថា ​សិទ្ធិ​របស់​គាត់​មិន​ត្រូវ​បាន​គោរព ​ដោយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​នោះទេ ​ហើយ​ថាការ​​ទាម​ទារ​របស់​គាត់ ​គឺដើម្បី​ភាព​យុត្តិធម៌​ មិន​បង្អាក់​ការ​អភិវឌ្ឍនោះ​ទេ។
លោក​​ សៀ ​ភារម្យ ​អះអាង​ថា ​រដ្ឋា​ភិបាល​គួរ​តែមាន​វិធានការ​ដោះស្រាយបញ្ហានេះ ​ជូន​ដ​ល់​​ប្រជាពលរដ្ឋ​ជា​ស្រ្តី ​និង​កុមារី ​តាម​តួនាទី​ក្នុង​នាម​ជាអ្ន​ក​បម្រើ​ប្រជា​ពលរដ្ឋ។
មន្រ្តី​រដ្ឋាភិបាល​មិន​អាច​សុំការ​អត្ថា​ធិប្បាយ​បានទេ ​លើការ​លើក​ឡើងនេះ ​តែកន្លង​មន្រ្តី​​រដ្ឋា​ភិបាល​ តែងតែ​​លើក​ឡើងថា ​អ្វីដែល​សមត្ថ​កិច្ចធ្វើ ​គឺគោរព​តាម​ច្បាប់។​
ប្រធាន​អង្គការ​សិទ្ធិ​មនុស្សលី​កាដូ ​លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ក្នុង​រឿង​ដីធ្លី​ស្រ្តី​តែងតែចេញមុខ ​ហើយគាត់​រង​ទុក្ខ​ជា​ទំងន់ ​ទាំង​ការ​​បាត់បង់​ដីធ្លី ការ​បណ្តេញ​ចេញ​ និងការ​​រំលោភ​​បំពាន។
យោងតាម​មាត្រា៣១​នៃច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​បញ្ញត្តិ​ថា ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ទទួល​​ស្គាល់ ​និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​​​នៃ​អង្គការ​សហប្រជា ​ជាតិ​​ សេចក្តី​​ប្រកាស​ជាសាកល​ស្តីពីសិទ្ធិមនុស្ស និង​កត្តិកា​សញ្ញា ​ព្រម​​ទាំង​​អនុសញ្ញា​ទាំង​ទ្បាយ​​ណា​ទាក់​​ទ​ង​​នឹង​​សិទ្ធិ​មនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ៕

No comments:

Post a Comment