ភ្នំពេញៈ ប្រជាជនជិត ១០០ គ្រួសារ ដែលរស់នៅក្នុងភូមិ ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែររបងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការតវ៉ានៅសាលាខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីពួកគេទទួលបានលិខិតពីខណ្ឌឲ្យរើចេញក្នុងរយៈពេល ៧ថ្ងៃជាកំណត់ ដោយមានផ្ដល់សំណង។
លិខិតពីខណ្ឌពោធិ៍សែនជ័យ ដែលចុះហត្ថលេខាដោយលោក គិត សុផា អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះពីថ្ងៃទី ២៥ ខែកក្កដា បានជូនដំណឹងអ្នករស់នៅក្នុងភូមិថ្មគោល ភូមិគោកចំបក់ និងភូមិព្រៃជីសាក់ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងត្បូងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ឲ្យរើចេញដោយស្ម័គ្រចិត្ត ក្នុងរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ ផ្អែកតាមកិច្ចប្រជុំសាលាក្រុងភ្នំពេញ។
ក្នុងសេចក្តីប្រកាស នោះ រាល់ផ្ទះគ្រប់ប្រភេទដែលសាងសង់អនាធិបតេយ្យ នៅខាងត្បូងក្បែររបងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ម្ចាស់ត្រូវរើចេញឲ្យបានចម្ងាយ១០ ម៉ែត្រពីរបងព្រលានយន្ដហោះ។
ទោះ ជាយ៉ាងណា ប្រជាជនបានបដិសេធថានឹងមិនព្រមរើចេញពីទីនោះឡើយ ប្រសិនបើគ្មានសំណងឲ្យបានសមរម្យទេនោះ។ ពួកគេបានប្រមូលផ្តុំគ្នានៅសាលខណ្ឌពោធិ៍សែនជ័យជាង១ ម៉ោង។
អ្នកស្រី ខេង ជ័យលីម អាយុ ៤២ ឆ្នាំ ដែលជាប្រជាជនរស់នៅក្នុងភូមិនោះ បានថ្លែងថា ពួកគេមិនព្រមរើចេញ ដោយគ្មានសំណងឡើយ។
អ្នកស្រី បានបន្តថា៖ «យើងទិញផ្ទះនិងដីនៅទីនោះត្រឹមត្រូវដោយមានទាំងការចុះ ហត្ថលេខារបស់មន្រ្តីឃុំ និងខណ្ឌ ប៉ុន្តែឥឡូវនេះ គេបញ្ជាក់ថា យើងសាងសង់ផ្ទះអនាធិបតេយ្យ។ មិនតែប៉ុណ្ណោះពួកគេបញ្ជាឲ្យយើងរើចេញ ដោយគ្មានសំណង»។
អ្នកភូមិ ម្នាក់ទៀតឈ្មោះ ស្រេង បានថ្លែងថា៖ «គ្រួសាររបស់ខ្ញុំក្រីក្រខ្លាំងណាស់។ ខ្ញុំរស់នៅតំបន់នេះជាយូរមកហើយ។ ឥឡូវនេះហេតុអីក៏គេមកចេញបញ្ជាឲ្យខ្ញុំរើចេញដោយគ្មានសំណង? តើខ្ញុំអាចធ្វើយ៉ាងម៉េចទៅ? តើខ្ញុំរស់នៅកន្លែងណាបន្ទាប់ពីនេះ។ ចំពោះបញ្ហានេះគឺវាមានការពិបាកណាស់»។
ទោះជាយ៉ាងណានៅក្នុង ជំនួបជាមួយនឹងមន្រ្តីខណ្ឌពោធិ៍សែនជ័យ មន្រ្តីបានប្រាប់ពួកគេឲ្យជ្រើសរើសតំណាង១០នាក់សរសេរលិខិតទៅសាលា ក្រុងភ្នំពេញ។
ក្នុងសេចក្តីប្រកាសនោះបានសរសេរថា ប្រសិនបើពួកគេមិនរើ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាលកម្ទេចផ្ទះទាំងនោះចោល ដោយមិនទទួលខុសត្រូវដល់ការខូចខាត បាត់បង់ទ្រព្យសម្បត្តិឡើយជាអ្វីដែលប្រកាសនោះបាន បញ្ជាក់ថា ក្នុងគោលបំណងអភិវឌ្ឍរាជធានីភ្នំពេញឲ្យបានល្អប្រសើរឡើង។
ប៉ុន្តែ ក្រុមអ្នកតវ៉ាថា ពួកគេនៅតែទាមទាមឲ្យសាលាក្រុងភ្នំពេញរហូតទាល់តែទទួលបានដំណោះ ស្រាយសមស្រប៕
No comments:
Post a Comment