Sunday, July 29, 2012

កម្ពុជា​គ្រោង​បន្ថែម​​ចំនួន​ចៅក្រម​និង​ព្រះរាជអាជ្ញា​រង​៥២​នាក់​​​ទៀត

(RFA/Uon Chhin អ្នក​ភូមិ​បឹង​កក់​ស្លៀក​ពាក់​ជា​ របៀប​ដូន​​ជី លុតជង្គង់​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១។)
លោក បាស៊ីល ហ្វឺណាន់ដូ៖ «ការ​បន្ថែម​ចំនួន​ ចៅក្រម និង​ព្រះរាជអាជ្ញា គឺ​ជា​គំនិត​មួយ​ល្អ​ហើយ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ កម្ពុជា​គួរ​បន្ថែម​ការ​ហ្វឹកហ្វឺន​សមត្ថភាព និង​ជំនាញ​របស់​ពួក​គេ​ឲ្យ​បាន​ពូកែ ហើយ​អ្វី​ដែល​សំខាន់​ជា​ទីបំផុត​នោះ គឺ​ថា ពួក​គេ​អាច​ធ្វើ​កិច្ចការ​របស់​ពួកគេ​ដោយ​ឯករាជ្យ​ស្រប​តាម​មូលដ្ឋាន​ច្បាប់ ​តែ​មួយ​គត់។ យើង​បាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​ហើយ​ថា ការ​ជ្រៀតជ្រែក​ដោយ​ឥទ្ធិពល​នយោបាយ​ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ពិត​បាន​កើត​ឡើង​យ៉ាង​ស៊ី​ជម្រៅ​នៅ​កម្ពុជា»
2012-07-29
ប្រភព៖ អាស៊ីសេរី
ក្រសួង​យុត្តិធម៌​គ្រោង​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​តាម​តុលាការ​ទូទាំង​ខេត្ត​ក្រុង​ក្នុង​ពេល​ដ៏​ឆាប់​ ខាង​មុខ​នេះ ដើម្បី​បំពេញ​សមត្ថកិច្ច​ក្នុង​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។


កម្ពុជា​គ្រោង​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​ចំនួន ៥២​នាក់​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស នៅ​ដើម​ខែ​សីហា ខាង​មុខ​នេះ ខណៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​​​សព្វ​ថ្ងៃ​មាន​ចំនួន​សរុប ៤១៥​នាក់។
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មាន​សុទិដ្ឋិនិយម​ថា ការ​បន្ថែម​ចំនួន​ចៅក្រម​ទាំង​នេះ គឺ​ដើម្បី​បំប៉ន​ទៅ​ដល់​ការ​ជម្រះ​ក្តី​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​សភាពការណ៍។
មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត មាន​ប្រសាសន៍​ថា ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​ដែល​នឹង​ដាក់​បន្ថែម​នៅ​តុលាការ​ទូទាំង​ប្រទេស​ខាង​ មុខ​នេះ នឹង​គ្រប់គ្រាន់​សំរាប់​ពលរដ្ឋ​ខ្មែរ​ជាង ១៤​លាន​នាក់ ដើម្បី​ធ្វើ​ការ​ឲ្យ​បាន​រលូន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​យុត្តិធម៌​ ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។
ក្រុម​អ្នក​ឃ្លាំមើល និង​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខ្លះ បាន​គាំទ្រ​ចំពោះ​គំរោង​បន្ថែម​ចំនួន​មន្ត្រី​តុលាការ​នេះ ដែល​ពួក​គេ​សង្ឃឹម​ថា នឹង​អាច​នាំ​ឲ្យ​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន​ល្អ​ប្រសើរ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​គំរោង​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បំពាក់​មធ្យោបាយ​ផ្សេងៗ​សំរាប់​កិច្ចការ​ របស់​តុលាការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ចំណែក​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ បាន​សំដែង​សុទិដ្ឋិនិយម​ថា ការ​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ​នឹង​អាច​នាំ​ឲ្យ​ដំណើរ​ការ​ក្តី​លែង​មាន​ការ​កក​ ស្ទះ។
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ប្រាក់​ខែ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​កម្ពុជា មាន​កម្រិត​ទាប ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​មាន​ចំនួន​តិច ខ្វះ​ការ​ហ្វឹកហ្វឺន​ជំនាញ​ដល់​ចៅក្រម ករណី​ជា​ច្រើន​កក​ស្ទះ​មិន​ចាត់ការ មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់ ខ្វះ​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ប្រាក់​ខែ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​ប្រធាន​តុលាការ​ត្រូវ​គេ​ដឹង​ថា មាន​ចំនួន​ជាង ២​លាន​រៀល ហើយ​រី​ឯ​អនុ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​រង​មាន ១,៨​លាន​រៀល។
ទាក់ទិន​នឹង​ការ​ករណី​ក្ដីក្ដាំ​ដែល​កក​ស្ទះ​ក្នុង​តុលាការ​នោះ លោក ផាន់ វណ្ណរ័ត្ន បាន​ទទួល​ស្គាល់​ថា ពិត​ជា​កើត​មាន​មែន ប៉ុន្តែ​បញ្ហា​នេះ​បាន​ធូរ​ស្រាល​ឡើង​វិញ ក្រោយ​ពី​កម្ពុជា បាន​បង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួកគេ។ លោក​បញ្ជាក់​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ សព្វថ្ងៃ​មាន​សមត្ថភាព​សម​ល្មម​ដែល​ធានា​ថា រឿង​ក្តី​ក្នុង​ខេត្ត​នឹង​មិន​អាច​កក​ស្ទះ។
នាយក​ប្រតិបត្តិ​ខាង​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស អាស៊ី លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មាន​ប្រសាសន៍​ថា ការ​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​ជំហាន​មួយ​ដ៏​ល្អ និង​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​ថា អ្នក​ទាំង​នោះ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋាភិបាល។
លោក បាស៊ីល ហ្វឺណាន់ដូ៖ «ការ​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា គឺ​ជា​គំនិត​មួយ​ល្អ​ហើយ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ កម្ពុជា​គួរ​បន្ថែម​ការ​ហ្វឹកហ្វឺន​សមត្ថភាព និង​ជំនាញ​របស់​ពួក​គេ​ឲ្យ​បាន​ពូកែ ហើយ​អ្វី​ដែល​សំខាន់​ជា​ទីបំផុត​នោះ គឺ​ថា ពួក​គេ​អាច​ធ្វើ​កិច្ចការ​របស់​ពួកគេ​ដោយ​ឯករាជ្យ​ស្រប​តាម​មូលដ្ឋាន​ច្បាប់ ​តែ​មួយ​គត់។ យើង​បាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​ហើយ​ថា ការ​ជ្រៀតជ្រែក​ដោយ​ឥទ្ធិពល​នយោបាយ​ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ពិត​បាន​កើត​ឡើង​យ៉ាង​ស៊ី​ជម្រៅ​នៅ​កម្ពុជា»
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​កាន់​តែ​មាន​ការ​វិវឌ្ឍន៍​ជឿន​លឿន​ទៅ ​មុខ​ដ៏​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ពី​មហាជន​នោះ កម្ពុជា​គួរ​អនុម័ត​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​ឯករាជភាព​ដល់​កិច្ចការ​របស់​ពួកគេ។
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​បី​ដែល​នៅ​សេសសល់ គឺ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ នោះ ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ជជែក​រួច​ពិភាក្សា​ហើយ។
ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា រយៈពេល​នៃ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ មាន​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ដែល​ជា​រយៈពេល​មួយ​ដ៏​យូរ​រ៉ាំរ៉ៃ​ពេក ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា ហាក់​នៅ​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ក្នុង​ការ​កាត់​ក្ដី​ជូន​ ពលរដ្ឋ៕

No comments:

Post a Comment