ដោយ ទីន ហ្សាការីយ៉ា
2012-07-29
បញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ ជាមួយក្រុមហ៊ុន ស៊ូកាគូ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយសមរម្យនៅឡើយទេ មកទល់ពេលនេះ។ទោះបីជារដ្ឋាភិបាលបានប្រកាស និងជញ្ជូនក្រុមនិស្សិតទៅវាស់វែងដី នៅតំបន់មានជម្លោះជាមួយក្រុមហ៊ុន នៅតាមបណ្ដាខែត្រមួយចំនួនហើយក្ដី ប៉ុន្តែករណីនៅតំបន់បឹងកក់ នៅតែមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
អ្នកភូមិបឹងកក់ទាមទារ ឲ្យក្រុមនិស្សិត ដែលរដ្ឋាភិបាលបានចាត់តាំងនោះ ចុះទៅវាស់វែងដីនៅតំបន់បឹងកក់ ដែលមានជម្លោះជាមួយក្រុមហ៊ុន ស៊ូកាគូ ជូនពួកគាត់ ដូចនៅតំបន់មួយចំនួនទៀតដែរ។
ប្រជាពលរដ្ឋបឹងកក់ជាង ៦០ គ្រួសារ បានបញ្ចេញប្រតិកម្មចំពោះលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលប្រកាសតាមទូរទស្សន៍ថា អ្នកភូមិបឹងកក់មួយចំនួនរស់នៅលើដីរដ្ឋខុសច្បាប់នោះ។
ការថ្លែងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែត នាតំបន់បឹងកក់ ព្រឹកថ្ងៃទី២៩ កក្កដា។ ក្រុមអ្នកភូមិលើកឡើងថា លោក កែប ជុតិមា ជាអភិបាលរាជធានីភ្នំពេញ ដែលចោទប្រកាន់ពលរដ្ឋបឹងកក់មួយចំនួនថា ជាអ្នករស់នៅលើដីរបស់រដ្ឋខុសច្បាប់នោះ គឺជាការចោទប្រកាន់មិនមានការទទួលខុសត្រូវ ជាការបង្ហាញអំពីអសមត្ថភាពក្នុងការដឹកនាំ និងព្យាយាមបិទបាំងការពិត ក្នុងនាមខ្លួនជាអភិបាលក្រុង។
សំឡេងអ្នកភូមិ៖ «តើអ្នកណាមួយមិនរស់នៅលើដីរបស់រដ្ឋ? សូម្បីតែឯកឧត្ដមក៏រស់នៅលើដីរបស់រដ្ឋដែរ។ បើមានរាស្ត្រទើបមានរដ្ឋ។ ដីដែលសម្ដេចកាត់ឲ្យពួកខ្ញុំចំនួន ១២.៤៤ ហិកតារហ្នឹង មិនដែលឃើញក្រុមនិស្សិតចុះមកវាស់វែងជូនប្រជាពលរដ្ឋទេ ហើយក៏មិននៅឆ្ងាយពីសាលារាជធានីភ្នំពេញ នៅមិនឆ្ងាយពីទីស្ដីការគណៈរដ្ឋមន្ត្រី និងមិនឆ្ងាយពីផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ»។
ការបញ្ចេញប្រតិកម្មរបស់ប្រជាពលរដ្ឋដូច្នេះ គឺនៅបន្ទាប់ពីលោក កែប ជុតិមា មានប្រសាសន៍នៅតាមកញ្ចក់ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី២៦ កក្កដាថា ប្រជាពលរដ្ឋនៅបឹងកក់ ទទួលបានប្លង់ដីជាង៨០០ គ្រួសារហើយ រីឯជាង៦០ គ្រួសារទៀត រស់នៅលើទឹកជាដីរបស់រដ្ឋគ្មានឯកសារគ្រប់គ្រាន់ទេ ហើយថាប្រជាពលរដ្ឋទាំងនោះ យករឿងបឹងកក់ធ្វើជារឿងនយោបាយ។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកស្រី ទេព វន្នី អះអាងថា ការលើកឡើងរបស់លោក កែប ជុតិមានេះ គ្រាន់តែជាការលាបពណ៌មកលើប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋទាមទារ គឺចង់ឲ្យសាលារាជធានីភ្នំពេញគោរពនូវអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលកាត់ដីតំបន់បឹងកក់ជាង ១២ ហិកតារជូនប្រជាពលរដ្ឋ។
អ្នកស្រី ទេព វន្នី៖ «អនុវត្តទៅតាមអនុក្រឹត្យទៅ វាចប់សព្វគ្រប់ហើយ។ មិនបាច់គាត់យកហេតុផលវែងឆ្ងាយបិទបាំងខ្លួនឯងទេ។ នេះជាល្បិចកលអាក្រក់របស់គាត់ ដែលគាត់ចង់ប្រព្រឹត្តិអំពើពុករលួយ យកដី ១២.៤៤ ហិកតារឃុបឃិតតែគ្នាគាត់ កាត់ប្រជាពលរដ្ឋចេញ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក កែប ជុតិមា ជាអភិបាលរាជធានីភ្នំពេញ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃអាទិត្យទី២៩ កក្កដា។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ពន្យល់ថា ករណីជម្លោះដីធ្លីនៅតំបន់បឹងកក់ រដ្ឋាភិបាល ឬសាលារាជធានីភ្នំពេញ ត្រូវតែដោះស្រាយជូនពួកគាត់ ដូចដែលរដ្ឋាភិបាល បានបញ្ជូនក្រុមនិស្សិតទៅវាស់វែងដីជូនប្រជាពលរដ្ឋ ដែលមានជម្លោះជាមួយក្រុមហ៊ុនដទៃទៀតដែរ។
លោក អំ សំអាត៖ «កាលណាតែយើងលើកលែងតំបន់បឹងកក់ មានន័យថា ការដោះស្រាយទាំងឡាយ បង្កើតឡើងគ្រាន់តែជាការបំភ័ន្តភ្នែក សម្រាប់យកចំណេញនៅមុនពេលបោះឆ្នោតនោះទេ»។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានលើកឡើងថា បញ្ហាសំខាន់នៅត្រង់ថា សាលារាជធានីមិនមានឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទេ ទោះបីជារដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីជូនប្រជាពលរដ្ឋក្ដី។
លោក សៀ ភារម្យ៖ «ហេតុអ្វីបានជាសាលារាជធានីភ្នំពេញគាត់កាត់ អ្នក ៦៤ គ្រួសារនោះចេញ នេះសបញ្ជាក់ថា ការអនុវត្តការងារមិនស៊ីសង្វាក់គ្នារវាងថ្នាក់ក្រោម និងថ្នាក់លើរវាងសាលារាជធានី និងរដ្ឋាភិបាល។ បញ្ហានេះមិនដឹងថា សាលារាជធានីភ្នំពេញធំជាងលោកនាយករដ្ឋមន្ត្រីឬយ៉ាងម៉េច?»
ករណីជម្លោះដីនៅតំបន់បឹងកក់ បានអូសបន្លាយពេលជាង ៥ ឆ្នាំមកហើយ គិតពីឆ្នាំ ២០០៧ មក ដែលរដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ប្រមាណ ១៣៣ ហិកតារ ឲ្យទៅក្រុមហ៊ុន ស៊ូកាគូ ក្រុងរយៈពេល ៩៩ ឆ្នាំ។
បន្ទាប់ពីរដ្ឋាភិបាលប្រកាសជួលដីឲ្យទៅក្រុមហ៊ុន ស៊ូកាគូ វិនិយោគ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០០៧ ដដែល សាលារាជធានីបានប្រកាសថា គេមិនបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់បឹងកក់ទេ ដោយគេធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែងតាមរយៈកិច្ចសន្យាជួលដីបឹង កក់របស់រដ្ឋាភិបាល។
ផ្ទុយទៅវិញបញ្ហាជម្លោះនេះ ក្រុមមន្ត្រីសិទ្ធិមនុស្ស បញ្ជាក់ថា ក្រុមហ៊ុន និងអាជ្ញាធររាជធានីភ្នំពេញបានអនុវត្តខុសពីកិច្ចសន្យា ដោយសមត្ថកិច្ចប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ក្រុមហ៊ុនបូមខ្សាច់ពន្លិចផ្ទះ និងចាប់ប្រជាពលរដ្ឋដាក់គុកជាដើម ដែលនេះជាទង្វើរំលោភសិទ្ធិមនុស្ស៕
No comments:
Post a Comment