Tuesday, June 19, 2012
លោកនាយករដ្ឋ មន្ត្រីហ៊ុន សែន នៅក្នុងពិធីមួយ កាលពីសប្តាហ៍មុន។ រូបថត ផា លីណា |
19 June 2012
កាន់ វិរៈ
The Phnom Penh Post
គោរពលោកការីនិពន្ធ
ដោយសារតែបទ បញ្ជារបស់សមេ្ដច ហ៊ុន សែន មិនសូវមានតម្លៃ សព្វថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាមើលឃើញថា ហាក់ដូចជាមានភាពអនាធិបតេយ្យសម្បើមណាស់ ហើយបទបញ្ជាទាំងអស់នោះ ពុំមែនហាក់ដូចជាគ្មានតម្លៃនោះទេ និយាយឲ្យចំទៅ គឺវាអត់តម្លៃតែម្តង។ ខ្ញុំលើកឧទារហណ៍ជាក់ស្តែង ដូចជាបទ ល្មើសព្រៃឈើ បទល្មើសនេសាទ បទល្មើសការប្រើប្រាស់អាវុធខុសច្បាប់ជាដើម ។ល។ និង ។ល។ ឯស្តង់ដារក្នុងការអនុវត្តច្បាប់វិញហាក់ដូចជាមានលក្ខណៈខុសគ្នា នៅតាមតំបន់ និងបានអនុវត្តដោយរើសមុខ។ ខ្ញុំសូមលើកយកបទល្មើសមួយជាក់ស្តែង ពាក់ព័ន្ធការប្រើប្រាស់កាំភ្លើងខុសច្បាប់ និងបាញ់បោះសេរី នៅតាមភោជនីយដ្ឋាន ហាងផឹកស៊ីនៅទូទាំងប្រទេស។ កន្លងមកបទល្មើសជាច្រើន នៅតាមបណ្តាហាងផឹកស៊ី ដែលពាក់ព័ន្ធនឹងការវាយតប់ នៅតាមបណ្តាខេត្ត ក្រុង កន្លែងដែលគ្មានខ្នងគឺត្រូវគេបិទ តែបើកន្លែងដែលមានខ្នង គេបិទ តែមួយប៉ប្រិចភ្នែក រួចបើកវិញ ហើយបើកន្លែងដែលមានខ្នងក្រាស់គឺអត់បិទទេ ទោះជាបទល្មើសនោះ ជាក់ស្តែងផ្អើលម៉ាស្រុកខ្មែរ ក៏ហាងដែលពាក់ព័ន្ធនឹងបទល្មើសនោះ មិនត្រូវបានគេបិទដែរ មិនដឹងថាមកពីហេតុអ្វី? ដូចជាករណីវាយចៅក្រមនៅមណ្ឌលគិរី លោក ហ៊ុន សែន បញ្ជាឱ្យគេចាប់ជនល្មើស ទោះជាអ្នកនោះគឺជាកូនប្រសាចៅហ្វាយខេត្តក៏ដោយ។ ចុះករណីនៅរតនគិរី អ្នកបើកហាងផឹកស៊ីមានអង្គរក្ស ប្រើកាំភ្លើង ហើយវាយតប់គេស្ទើរងាប់ ហេតុអ្វីក៏មកដល់ថ្ងៃនេះបែរជាស្ងាត់អត់ទាន់ស្រែកមួយម៉ាត់ទៅ វិញ? ហើយករណីនេះ កើតចំកូនតំណាងរាស្ត្រ គណបក្សប្រជាជនគ្នាឯង ដែលត្រូវជាប្អូនលោក ប៊ូ ថង សមាជិកអចិន្រៃ្តយិ៍ការិយាល័យនយោបាយមជ្ឈិមបក្សថែមទៀត ឬក៏ម្ចាស់ហាង ដែលឲ្យអង្គរក្សប្រើកាំភ្លើង វាយក្បាលកូនតំណាងរាស្ត្រ ប៊ូ ឡាំ មានខ្នងធំជាង លោក ប៊ូ ឡាំ? ដល់ថ្នាក់កូនតំណាងរាស្ត្រ ប៊ូ ឡាំ ក៏គេហ៊ានវាយដែរ មិនឲ្យនិយាយថា ខ្នងធំជាងម្តេចបាន? ថាវាយ ក៏វាយចុះ គឺមកពីកូនលោក ប៊ូ ឡាំ មានកំហុសដែរ តែឋានៈត្រឹមថៅកែហាងមួយសោះ មានអង្គរក្ស មានកាំភ្លើងប្រើប្រាស់យកទៅវាយគេនោះ បានកាំភ្លើងពីណា នរណាចេញលិខិតឲ្យប្រើប្រាស់? ហើយរហូតមកទល់ថៃ្ងនេះ ហាងនោះ នៅតែអាចដំណើរការលក់ដូរបានទៀតតើហេតុអ្វី? ខ្ញុំនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍អះអាងថា អ្នកមានសិទ្ធិប្រើប្រាស់កាំភ្លើងខ្លី លុះត្រាតែមានឋានៈពីថ្នាក់វរសេនីយ៍ទោ ឡើងទៅ តែសព្វថ្ងៃនេះកុំថាឡើយវរសេនីយ៍ទោ ព្រិន្ទបាលឯកក៏មានសិទ្ធិប្រើប្រាស់ដែរ ។ ខ្លះអត់មានទាំងដោយផង ករណីដូចជា កែន សារ៉ា មន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ផ្ទាល់ ដែលបាញ់បោះសេរី ហើយត្រូវសមត្ថកិច្ចចាប់ដាក់គុក កាលពីអំឡុងចូលឆ្នាំខ្មែរនោះជាដើម។ ការសរសេរនេះពុំមែនមានន័យ ថា ផ្ចាញ់ផ្ចាលសម្តេច ហ៊ុន សែន ទេ តែក្នុងនាមប្រជាពលរដ្ឋម្នាក់ គ្រាន់តែចង់ជូនជាព័ត៌មានថា សូមសម្តេចគួរតែត្រួតពិនិត្យឡើងវិញនូវរាល់បទបញ្ជារបស់សម្តេច ជាពិសេស គឺបទបញ្ជាពាក់ព័ន្ធនឹងការប្រើកាំភ្លើងនេះ។ សម្តេចធ្លាប់នៅចាំបានទៀតទេ សម្តេចធ្លាប់បានមានប្រសាសន៍ថា គណបក្សប្រឆាំង បើដឹងថា មានកាំភ្លើងតែមួយដើម អ្នកឯងនឹងអាយុខ្លី! ចុះឋានៈត្រឹមថៅកែហាងមួយ ហើយនៅឯខេត្តទៀត តែមានអង្គរក្សប្រើកាំភ្លើងខ្លី ហេតុអ្វីក៏គ្មានទោស? បើតាមកាសែតចុះផ្សាយកន្លងមក ម្ចាស់ហាងមានឈ្មោះ លី សុខងីម ស្គាល់ទាំងម្ចាស់ច្បាស់យ៉ាងនេះ ច្បាស់ទៅហើយ ចុះចៅហ្វាយខេត្តលោក ប៉ាវ ហមផាន រវល់ធ្វើអី បានជាធ្វើមិនដឹង មិនឮដែរ ឬក៏ចាំទាល់តែសម្តេចស្រែកបានធ្វើ? វាចម្លែកដែរ នៅទូទាំងប្រទេស បើមានករណីបែបនេះឋានៈត្រឹមអភិបាលស្រុក ក៏គេមានអំណាច អាចឲ្យបិទ ឬ ផ្អាកសិនដែរ តែនេះស្ងាត់ច្រៀប ទាំងអភិបាលស្រុក ទាំងអភិបាលខេត្ត ទាំងតុលាការ ឬក៏ម្ចាស់ហាង លី សុខងីម នោះ មានបុណ្យស័ក្តិធំជាងចៅហ្វាយខេត្ត? វាអាក្រក់មើលពេកណាស់ និងបង្ហាញពីភាពកម្សោយពេក ដល់ថ្នាក់ចៅហ្វាយខេត្តមិនដឹងថា ធ្វើស្អីថៅកែហាងមួយកើត វាខូចទាំងតម្លៃ នាយករដ្ឋមន្ត្រីថែមទៀត។ ប៉ុន្តែថា ចៅហ្វាយខេត្តចុះអ៊ីចឹង ចុះតុលាការខេត្តយ៉ាងម៉េចដែរ លោកព្រះរាជ អាជ្ញា យ៉ាងណា បានជាស្ងាត់ដែរ ខ្ញុំមិនជឿថា ជនរងគ្រោះមិនប្តឹងនោះទេ ឬក៏ស្តង់ដា រច្បាប់នៅស្រុកខ្មែរ ខុសគ្នា? ដូចជាក្រុមដែលត្រូវរដ្ឋាភិបាលចោទថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍ គឺបានត្រូវបញ្ជាឲ្យដេញប៉ផាប់ចាប់ពភីង ដូច ករណីស្ត្រីនៅបឹងកក់ និងទំនាស់ដីធ្លីផ្សេងៗទៀតជាដើមអត់កាំភ្លើងក៏តាមចាប់ដែរ។ ចំណែកឯកឧត្តម ស ខេង សូមមេត្តាពិនិត្យខេត្ត រតនគិរី នេះផង ចៅហ្វាយខេត្តមុនៗ មិនសូវសម្បូររឿងអាស្រូវដូចសព្វថ្ងៃនេះទេ លើកលែងតែករណីកាប់ឈើ តែឥឡូវក្រោមការគ្រប់គ្រងរបស់លោក ប៉ាវ ហមផាន សម្បូររឿងណាស់ ឃាតកម្ម កាប់ចាក់ក៏សម្បូរ ចោរប្លន់ក៏ញឹក មានអាប្លន់មកពីខេត្តក្រៅពួនសម្ងំនៅក្នុងខេត្តក៏មាន ហើយពីមុនល្បែងភ្នាល់បាល់ ចាក់កន្ទុយលេខអត់មានទេ តែឥឡូវចាប់ផ្តើមមានហើយ មិនដឹងថាតើលោកអភិបាលខេត្តបានដឹងឬអត់?
ដោយ កាន់ វិរៈ
No comments:
Post a Comment