(ថ្ងៃទី 19 មិថុនា 2012, ម៉ោង 07:10:PM) | ដោយ: សមុទ្រ
លោក ស៊ុន សុខន អភិបាលរងខេត្តព្រះសីហនុ ជាប្រធានក្រុមការងារចុះដោះស្រាយដីធ្លីតំបន់ក្បាលឆាយ បានថ្លែងថា កិច្ចប្រជុំជំហានទី១នេះ គឺបង្កើតក្រុមគណៈកម្មការ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកំពុងរស់នៅ និងកាន់កាប់ដីតំបន់ក្បាលឆាយ ដោយជាក់ស្តែង។ បើមានផ្ទះ មានដីហ៊ុមព័ទ្ធរបង គ្មានមនុស្សនៅ គឺមិនអនុញ្ញាតឲ្យចុះឈ្មោះបានដែរ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ការចុះឈ្មោះនេះ ក៏មិនប្រាកដ ចែកឲ្យនៅកន្លែងស្នាក់នៅបច្ចុប្បន្ននេះដែរ គឺមានការដោះដូរ។ តែមិនដឹងថា នៅកន្លែងណា នៅឡើយទេ។ ដីតំបន់ក្បាលឆាយនេះ តាមអនុសាសន៍របស់សម្តេច គឺរក្សាទុកជាអចលនៈទ្រព្យរបស់រដ្ឋ ដែលជាប្រភពទឹកស្អាត សម្រាប់ខេត្តព្រះសីហនុ។
ការថ្លែង បែបនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារមួយ នៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋប្រមាណជិត ៣០នាក់។
ក្នុងកិច្ចប្រជុំនោះដែរ តំណាងប្រជាពលរដ្ឋ បានខ្សិបខ្សៀវថា កិច្ចការដើរចុះឈ្មោះ ដើម្បីធ្វើការដោះដូរដី ពីកន្លែងរស់នៅអាស្រ័យផលសព្វថ្ងៃ ឲ្យទៅរស់នៅកន្លែងថ្មី ក្នុងព្រៃ គ្មានភ្លើង គ្មានទឹក ឆ្ងាយពីកន្លែងធ្វើការ និងឆ្ងាយពីរោងចក្រកាត់ដេរ ប្រហែលជាមិនអាចទៅរួចនោះទេ។
ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ពួកគាត់បានរស់នៅកាន់កាប់ម្នាក់ៗ យូរឆ្នាំមកហើយ មិនមែនទើបមកកាប់រានថ្មីៗនេះទេ។ ដូចនេះអាជ្ញាធរខេត្តគប្បីពិចារណា។ ក៏ប៉ុន្តែក៏មានកន្លែងខ្លះ ដែលទើបដណ្តើមកាន់កាប់ថ្មី ធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅយូរអង្វែង ពួកគាត់ក៏មិនគាំទ្រដែរ ជាក់ស្តែងដូចជា នៅមុខរោងចក្រ ញូស្តារ ដែលមេព្រៃហៅថាប្លុក (A).(B)។
សូមបញ្ជាក់ថា ដីតំបន់ក្បាលឆាយ ត្រូវបានរដ្ឋបាលព្រៃឈើ កំណត់ជាតំបន់ A.B.C.D.E ហើយតំបន់ទាំងនោះ សុទ្ធសឹងមានមនុស្សកំពុងរស់នៅយ៉ាងកកកុញ និងក៏មានចម្ងាយមិនឆ្ងាយពីផ្លូវជាតិលេខ៤ ប៉ុន្មានដែរ៕
No comments:
Post a Comment