មួយថ្ងៃក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា ប្រជាពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុងច្រើនរយនាក់បាននាំគ្នាតវ៉ា បិទផ្លូវជាតិលេខ៤៨ឆ្ពោះទៅកាន់ខេត្តកោះកុងក្រោមតំណក់ទឹកភ្លៀងជា ច្រើនម៉ោង។
ការតវ៉ារបស់ប្រជាពលរដ្ឋច្រើនរយនាក់នៅថ្ងៃទី១២ខែឧសភានេះគឺ ធ្វើឡើងតាមរបៀបស្រាក់ដៃគ្នាឈរកាត់ទទឹងផ្លូវតែម្តង។ ការតវ៉ាបានចាប់ផ្តើមឡើងនៅម៉ោងជាង១០កាលពីព្រឹកមិញ ហើយប៉ុន្មានម៉ោងក្រោយមក រថយន្តរាប់រយគ្រឿងបានកកស្ទះទាំងសងខាងផ្លូវ ពីភ្នំពេញទៅកោះកុងនិងពីកោះកុងមកភ្នំពេញ។ រថយន្តភាគច្រើនគឺជារថយន្តទេសចរណ៍។ នេះបើយោងតាមសាក្សីនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់កាលពីព្រឹកមិញ។
ការបិទផ្លូវនេះគឺជាការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដាំអំពៅរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល។ ប្រជាជនបានចោទថា ក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់តាមរយៈដីសម្បទានសេដ្ឋកិច្ចនេះ។ ជម្លោះនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគ្មាន ដំណោះស្រាយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមានវត្តមាននៅកន្លែងកើតហេតុ ហើយបានតាមដានការតវ៉ារបស់ប្រជាជននៅក្នុងស្រុកស្រែ អំបិលខេត្តកោះកុងយ៉ាងយកចិត្តទុកដាក់នោះ បាននិយាយប្រាប់តាមទូរស័ព្ទមកថា៖«ប្រជាពលរដ្ឋធ្វើយ៉ាងនេះគឺដោយសារ ពួកគេគ្មានជម្រើសអ្វីផ្សេងទៀត។ ការបិទផ្លូវនេះវាប៉ះពាល់អ្នកធ្វើដំណើរខ្លះហើយ ប៉ុន្តែពួកគាត់មិនអាចធ្វើអ្វីក្រៅពីនេះទេ»។
ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានជ្រើសរើសយកមធ្យោបាយបិទផ្លូវ ជាតិដើម្បីស្វែងរកដំណោះស្រាយ។ ការបិទផ្លូវគឺជាវិធានការមួយរបស់ប្រជាពលរដ្ឋដើម្បីដាក់សម្ពាធទៅលើ រដ្ឋាភិបាលអោយរកដំណោះស្រាយជូនពួកគេប៉ុន្តែទង្វើនេះទទួលបានការ រិះគន់ពីសំណាក់អ្នកជំនាញសង្គមមួយចំនួនផងដែរ។ រងការរិះគន់ពីព្រោះសកម្មភាពនេះបង្កផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេង ទៀតដែលមិនពាក់ព័ន្ធក្នុងជម្លោះ។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជាបាននិយាយកាលពីម្សិលមិញនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រភេទនៃការតវ៉ាមានច្រើនបែប ជាឧទាហរណ៍ ដូចជា ការបិទផ្លូវរបស់សហគមន៍ជាដើម តែទង្វើនេះអាចប៉ះពាល់ខ្លាំងដល់អ្នកដទៃដែលមិនពាក់ព័ន្ធនឹង វិវាទ។
របាយការណ៍របស់អង្គការ អាដហុក បានបង្ហាញកាលពីពេលថ្មីកន្លងមកនេះថា រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួនជាង២ លានហិកតាដល់ក្រុមហ៊ុនឯកជន។ រឿងដីសម្បទាននេះគឺជាប្រធានបទចម្បងក្នុងដំណើរទស្សនកិច្ចរបស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជាក្នុងសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសប្តាហ៍នេះបានប្រកាសថា រដ្ឋាភិបាលសម្រេចផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ឯកជន។ រីឯកាលពីប៉ុន្មានខែមុន ដោយសារមានជម្លោះដីធ្លីកើតឡើងច្រើនតាមរយៈការផ្តល់ដីសម្បទាននោះ លោកប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានព្រមានដកយកដីសម្បទានសេដ្ឋកិច្ចណាដែលម្ចាស់ដីមិនបានដោះស្រាយជា មួយប្រជាពលរដ្ឋពាក់ព័ន្ធអោយបានជ្រះស្រឡះ៕
No comments:
Post a Comment