Friday, May 11, 2012

សមត្ថកិច្ច​ខំ​ទប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​កន្លែង​គេ​សម្លាប់​ឈុត វុទ្ធី | ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

កោះកុងៈ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ រារាំង​ប្រជាពលរដ្ឋ​ជាច្រើន ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៦០០ នាក់​ មក​ពី​ខេត្ត​ចំនួន ៩ ដែល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ដើរ​ល្បាត​ព្រៃ និង​ធ្វើ​ពិធី​បួងសួង​គោរព​ដល់​វិញ្ញាណក្ខន្ធ​សពសកម្មជន​ការពារ ព្រៃឈើ ដ៏​ល្បីល្បាញ​ម្នាក់ ​នៅ​កន្លែង​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​មេសា។ នេះ​បើ​តាម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។
លោក ឈឹម សាវុធ​ អ្នក​សម្រប​សម្រួល សម្រាប់​វេទិកា​សាធារណៈ នៅ​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែងថា ពលរដ្ឋ​ចំនួន​៣ ខេត្ត ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​ ៩ ខេត្ត ​ត្រូវ​បាន​អាជ្ញាធរ​ ធ្វើ​ការ​រារាំង ​មិន​ឲ្យ​ពួក​គេ ​ធ្វើ​ដំណើរ​មក​ចូល​រួម ​ធ្វើ​ពិធី​បួងសួង និង​ល្បាត​ព្រៃ ​នៅ​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កន្លែង​ដែល​លោក​ឈុត វុទ្ធី​ត្រូវ​បាន​គេ​បាញ់​សម្លាប់។ ពលរដ្ឋ​ទាំង​នោះ​ មាន​ដូចជា​ខេត្ត​កំពង់ធំ កំពង់ស្ពឺ និង​ខេត្ត​ស្ទឹងត្រែង។
លោក ថ្លែងថា​៖«នេះ​គឺជា​ទង្វើ​មួយ​ ដែល​ខុស​នឹង​ច្បាប់​ ហើយ​ក៏ជា​ទង្វើរ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ​ដែល​សង្គម​ស៊ីវិល មិន​អាច​ទទួល​យក​បាន​»។ លោក​ឲ្យ​ដឹង​ទៀត​ថា​ ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ រដ្ឋបាល​ព្រៃឈើ ​បាន​ចុះ​ទៅ​ស្រង់​ស្ថិតិ​ និង​ស្នាម​មេដៃ​ ហើយ​បាន​ទាញ​ពលរដ្ឋ​ចុះ​ចេញ​ពី​រថយន្ត​ រីឯ​នៅ​ខេត្ត​កំពង់ស្ពឺ មេ​ព្រៃ បាន​ចុះ​ទៅ​កាក់​ឡាន​ មិន​ឲ្យ​ពល​រដ្ឋ​ចេញ។ មាន​ពលរដ្ឋ ៥០ ​នាក់​ ដែល​សមត្ថកិច្ច​បាន​កាក់​ឡាន ទូរស័ព្ទ​មិន​អាច​ទំនាក់​ទំនង​បាន​ ហើយ​នៅ​ឯខេត្ត​ស្ទឹងត្រែង មាន​អង្គ​​ការ​មួយ​ឈ្មោះ​ថា​ ព្រហ្មវិហារធម៌ បាន​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ ដែល​មាន​គម្រោង​មក​ចូល​រួម ​ហើយ​ថា​នឹង​យក​ទៅ​រាយការណ៍​ឲ្យ​ថ្នាក់​លើ​ ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ទប់​ស្កាត់​យ៉ាង​ណាក៏ដោយ​ ក៏​ពលរដ្ឋ​ទាំង​​នោះ បាន​មក​ដល់​គោលដៅ ដែល​ពួក​គេ​បាន​កំណត់​។
លោក ឈឹម សាវុធ និយាយ​ថា​៖​«អាជ្ញាធរ គួរ​តែ​គាំទ្រ​ទង្វើ​របស់​ប្រជាពលរដ្ឋ​ ពីព្រោះ​ពួក​គាត់​ បាន​ដើរ​ល្បាត​ព្រៃ​ប្រឆាំង​និង​បទ​ល្មើស​ព្រៃឈើ​»។
បើ​តាម​លោក ឈឹម សាវុធ តាម​គម្រោង ប្រជា​ពលរដ្ឋ​ទាំង​អស់​ ដែល​ភាគ​ច្រើន​ជា​សកម្មជន នៅ​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ ត្រូវ​ទៅ​ជួប​ជុំ​គ្នា​ នៅ​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល​ ដើម្បី​បន្ត​ដំណើរ​ដោយ​រថយន្ត​ចំនួន​ ២៧ ​គ្រឿង​ ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ហើយ​នឹង​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​ ដើម្បី​បន្ត​ដំណើរ​ទៅ​ចំណុច​មុំ​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ដើម្បី​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​សពលោក​ ឈុត វុទ្ធី​ រួច​ហើយ​ពលរដ្ឋ​ទាំង​អស់​ នឹង​ដើរ​ល្បាត​ព្រៃ ​ដើម្បី​ពិនិត្យ​មើល​បទ​ល្មើស​ព្រៃ​ឈើ ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ពលរដ្ឋ​ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ ជា​ទីកន្លែង​កាប់​បំផ្លាញ​ឈើ​ដ៏ធំ​របស់​លោក​ឧកញ៉ា​ ទី្រ ភាព​។
ម៉ិញ​ នី ​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ពីរ​ឃុំ​ នៅ​ស្រុក​សណ្តាន់ ត្រូវ​បាន​មេ​ឃុំ និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់ មក​ស្រង់​ស្ថិតិ​ និង​ធ្វើ​ការ​រារាំង​ មិន​ឲ្យ​ចូលរួម​ធ្វើ​ពីធី​ នៅ​ក្នុង​ខេត្ត​កោះកុង​ឡើយ តែ​ពលរដ្ឋ​របស់​លោក​នៅ​តែ​ប្តេជ្ញាថា​ ត្រូវ​តែ​ចូល​រួម​ឲ្យ​ខាង​តែ​បាន​ ពីព្រោះ​ពួក​គាត់ ​គ្រាន់​តែ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ ឈុត​ វុទ្ធី​ តែ​ប៉ុណ្ណោះ​។ ​លោក​បន្ថែម​ថា​៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​មេ​ព្រៃ​ថា ពួក​ខ្ញុំ​មិន​បាន​ធ្វើ​អី្វ​ខុស​នោះ​ទេ​ ដូច្នេះ​ពួក​ខ្ញុំ​ ត្រូវ​តែ​ទៅ​ចូល​រួមកម្ម​វិធី​នោះ»។​
ឆឺយ ឧត្តម​រស្មី​ កូន​ប្រុស​ច្បង​របស់​សព​លោក​ ឈុត វុទ្ធី​ ដែល​ចូល​រួម​ជា​មួយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖​«ខ្ញុំ​ចង់​ដឹង​អំពី​ ទីតាំង ​ដែល​គេ​បាញ់​សម្លាប់​ឪពុក​របស់​ខ្ញុំ ហើយ​និង​ដុត​ធូប​គោរព​ដល់​ព្រលឹង​ឪពុក​របស់​ខ្ញុំ»។ រស្មី​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​ខ្ញុំ​ចង់​ឃើញ​ទីតាំង​នោះ​ ថា​តើ​វា​យ៉ាង​ម៉េច​ បាន​ជា​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ?»។
លោក ស្វាយ ភឿន​ តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​មក​ដល់​គោលដៅ តាម​ការ​កំណត់​ ហើយ​លោក​នឹង​គ្រោង​ទៅ​ធ្វើ​ពិធី​បួង​សួង គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក វុទ្ធី បន្ទាប់​មក នឹង​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​ថា​ តើ​បទ​ល្មើស​នៅ​កន្លែង​នោះ​ វា​មាន​ទំហំ​ធំ​ធេង​ប៉ុនណា ​បាន​ជា​ពួក​គេ​បាញ់​​សម្លាប់​លោក​ឈុត ​វុទ្ធី​? ​លោក​ឲ្យ​ដឹង​ថា​៖​ «​ពួក​យើង​មិន​ធ្វើ​បាតុកម្ម​នោះ​ទេ ពួក​យើង​គ្រាន់​តែ​ចុះ​ល្បាតក្នុង​ព្រៃ​ ដើម្បី​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ​ប្រគល់​ឲ្យ​រដ្ឋាភិបាល​តែ​ ប៉ុណ្ណោះ»។​
លោក​អ៊ុត សំអន អភិបាល​រង​ខេត្ត​កោះកុង បាន​ថ្លែង​ថា លោក​ពុំ​មាន​គោលការណ៍ ណា​មួយ​ដើម្បី​ធ្វើ​ការ​រារាំង​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​មក​ចូល​រួម​កម្មវិធី​នៅ​ក្នុង​ខេត្ត​កោះកុង​នោះ​ទេ។
លោក ប៊ុន លើត អភិបាល​ខេត្ត​កោះកុង បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ​កាល​ពី​ម្សិលមិញ​។ ចំណែក​លោក​សួន​ ណារ៉ា អភិបាល​រង​ខេត្ត​មួយ​រូប​ទៀត ថ្លែង​ថា លោក​ពុំ​បាន​ជ្រាប អំពី​បញ្ហា​នោះ​ទេ​ ដោយ​សារ​តែ​លោក​ពុំ​បាន​ធ្វើ​ការ​ទាក់ទង​ទៅ​នឹង​បញ្ហា​នោះ​។
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ហៅ​ថា ជា​វរជន​ការពារ​ព្រៃ​ឈើ ត្រូវ​បាន​គេ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ខណៈ​លោក នាំ​អ្នក​កាសែត​ពីរ​នាក់ ទៅ​ថតរូប នៅ​កន្លែង​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា​កាល​ពី​ថ្ងៃ​ ២៦ ខែ​មេសា​។
បើ​ទោះ​បី​ជា​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ថា លោក​ ឈុត វុទ្ធី ត្រូវ​បាន​លោក អ៊ិន រតនា ជា​មន្ត្រី​ប៉េអឹម ខេត្ត​កោះកុង ដែល​ត្រូវ​គ្រាប់​ស្លាប់​ដែរ​នោះ ​បាន​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ដោយ​សារ​តែ​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្តី ប៉ុន្តែ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល អ្នក​វិភាគ និង​ប្រជា​ពលរដ្ឋ មិន​ជឿ​លើ​របាយការណ៍​នេះ​ឡើយ ដោយ​គេ​គិត​ថា ការ​សម្លាប់​លោក​ ឈុត វុទ្ធី មាន​ការ​រៀបចំ​ទុក​ជា​មុន​ ដោយ​សារ​តែ​លោក​ឈុត វុទ្ធី បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ឈ្មួញ​មាន​អំណាច​រក​ស៊ី​កាប់ ឈើ​ខុស​ច្បាប់​។ ចំណែក​លោក អ៊ិន រត​នា ត្រូវ​គេ​គិត​ថា ត្រូវ​បាន​គេ​សម្លាប់​បំបិទ​មាត់ ដើម្បី​ទម្លាក់​កំហុស​លើ​គាត់ «ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»៕

សមត្ថកិច្ច​ខំ​ទប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​កន្លែង​គេ​សម្លាប់​ឈុត វុទ្ធី | ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

No comments:

Post a Comment