ភ្នំពេញ: ការអង្កេតមួយរបស់អង្គការ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បានរកឃើញថា មនុស្សវ័យក្មេងចំនួន៨២ភាគរយ កំពុងគិតថា កម្ពុជា កំពុងតែដើរ លើផ្លូវត្រូវ។ លទ្ធផលនេះបញ្ជាក់ថា មនុស្សវ័យក្មេងឬយុវជន និងយុវតី កំពុងតែគាំទ្រ ដល់រដ្ឋាភិបាល បច្ចុប្បន្នឬក៏គណបក្ស កាន់អំណាច។ ម្លោះហើយ វាអាចនឹងធ្វើអោយគណបក្សកាន់អំណាចមានទឹកមាត់លេបចំពោះការបោះឆ្នោត ដែលនឹងធ្វើនៅ ថ្ងៃទី៣ ខែមិថុនា ខាងមុខ។
ប៉ុន្តែការអង្កេត ដដែលក៏បង្ហាញដែរ អំពីការមិនសប្បាយចិត្តចំពោះអំពើពុករលួយ ដែលកំពុងតែញាំញីប្រទេសកម្ពុជា។ នេះមានន័យថាការអោបដៃញញឹម ចំពោះលទ្ធផលគឺជាកំហុសឆ្គង ហើយតម្រូវអោយគណបក្សកាន់អំណាច ត្រូវដោះស្រាយជាបន្ទាន់។
ការបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនា នឹងមានអ្នកបោឆ្នោត ដែលមានអាយុចន្លោះពី១៨ទៅ៣៥ឆ្នាំ ចំនួន៥៤ភាគរយ។ ដូច្នេះពួកគេជាកម្លាំងស្នូល នៃការ កំណត់លទ្ធផលបោឆ្នោត។ គណបក្សនានា ក៏មើលឃើញពីសារសំខាន់ នៃការទាក់ទាញ ការគាំទ្រពីមនុស្ស នៅក្នុងក្រុមនេះ។
លទ្ធផលរបស់ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ អាចបង្ហាញថា កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការស្វែងរកពីយុវជនពិត ជាបាន ផ្លែផ្កា។ វាប្រហែលជាគ្មានអ្វីស្រពេចស្រពិលទេ ដែលថាគណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខនេះ។ ប៉ុន្តែសំនួរ នោះគឺថា តើគណបក្សនេះនឹងស៊ីដាច់នៅក្នុងការបោះឆ្នោត ឬក៏នឹងអាចទទួលបាន ការគាំទ្រដូចកាលពីការបោះឆ្នោត ឃុំ-សង្កាត់ កាលពីឆ្នាំ២០០៧ឬ យ៉ាងណា។ មនុស្សគ្រប់គ្នានឹងតាមដានចំពោះសំនួរនេះ។
សម្តេចហ៊ុនសែន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់វិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិ បានអោយដឹងថា មនុស្សចំនួន៦៧ភាគរយគាំទ្រ គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលទ្ធផលពិត នឹងចេញមកនៅក្រោយថ្ងៃបោះឆ្នោត ថ្ងៃទី៣ ខែមិថុនា។
កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស នៅក្នុងរយះពេលប៉ុន្មាឆ្នាំចុងក្រោយ គួបផ្សំនឹងភាពស្គុះស្គាយ នៃហេដ្ឋារចនាស័ម្ពន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ បានធ្វើអោយប្រជាជនកម្ពុជា គិតថា កម្ពុជាកំពុងតែធ្វើដំណើរលើផ្លូវត្រូវ។ នេះជាអ្វីដែលយើងមិនអាចបដិសេធបានឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាកម្ពុជាល្អឥតខ្ចោះនោះឡើយហើយយើងត្រូវ តែទទួលស្គាល់ ការពិតថា មានបញ្ហាជាច្រើនទៀត ត្រូវដោះស្រាយ។
នោះគឺជាកិច្ច ការដែលគណបក្សកាន់អំណាច ត្រូវតែដុតដៃដុតជើងសម្រេចអោយបាន។ រដ្ឋាភិបាលត្រូវតែធានាថា រាល់ការអភិវឌ្ឍមិនត្រូវនាំមកនូវ ទឹកភាពដែលហូរចេញពីកែវភ្នែក អ្នកក្រីក្រ លើផែនថ្ពាល់ ដ៏កម្សត់នោះឡើយ។ កិច្ចការចំពោះមុខគឺត្រូវចាត់វិធានការ ដោស្រាយបញ្ហាជម្លោះដីធ្លី អោយមានប្រសិទ្ធិភាព។ គ្រប់កាលៈទេសៈរដ្ឋាភិបាល ត្រូវតែធានាផលប្រយោជន៍ជាធំ។
អំពើពុករលួយក៏ជាបញ្ហាមួយទៀតដែលគណបក្សកាន់អំណាចត្រូវយកចិត្តទុកដាក់ ដោះស្រាយអោយមានប្រសិទ្ធិភាពផងដែរ។ វាជាក្តីរីរាយមួយ សម្រាប់គណបក្សកាន់អំណាច នៅពេល ដែលការអង្កេតរកឃើញថាមនុស្សភាគច្រើន (45%) គិតថារដ្ឋាភិបាលកំពុងតែប្តេជ្ញាចិត្ត ខ្លាំងណាស់ កំចាត់អំពើពុករលួយ នៅកម្ពុជា ដែលជាប្រទេសមួយ ដែលគេគិតថាមានបញ្ហាអំពើពុករលួយធ្ងន់ធ្ងរ។
តាមពិតទៅវា នឹងធ្វើអោយប្រជាជនកម្ពុជាកាន់តែច្រើនគាំទ្រគណបក្សប្រជាជនកម្ពុជា បើសិនជាគណបក្សនេះអាចដោះស្រាយបញ្ហាធំៗ បានប្រសិទ្ធិភាពជាងនេះ ដោយរាប់ទាំងការដោះស្រាយ ជម្លោះដីធ្លី បញ្ហាពុករលួយ និង ការកាប់ព្រៃឈើខុសច្បាប់់៕
No comments:
Post a Comment