លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាសមាជិកនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា យោងតាមសភាពការណ៍តថភាព នៃការអភិវឌ្ឍជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក គឺសម្ដេចទាំងបី ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងឥស្សរជនកំពូលៗ រួមទាំងសមាជិកគណបក្សចំនួនជាងប្រាំលាននាក់ បានខិតខំពុះពាគ្រប់ឧបសគ្គទាំងអស់ ដើម្បីការពារមាតុភូមិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកបន្តថា គណបក្សនេះ ជាគណបក្ស ដែលមានវិន័យ និងមានចំណាស់យូរអង្វែង។ គណបក្សតែងតែធ្វើយ៉ាងណា អប់រំណែនាំគ្នាទៅវិញទៅមក ទាំងសមត្ថកិច្ចអាជ្ញាធរដែនដី ពីលើរហូតដល់ក្រោម ធ្វើយ៉ាងណា ដើម្បីប្រជាពលរដ្ឋ និងមាតុភូមិឲ្យអស់ពីចិត្តពីថ្លើម ដើម្បីឲ្យមានការជឿទុកចិត្ត និងគោរពរាប់អាន ដែលធ្វើឲ្យប្រជាជននឹងបោះឆ្នោតឲ្យគណបក្សប្រជាជន។ គណបក្សតែងតែទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតទាំងសកល និងអសកលផ្លូកទឹកផ្លូកដី។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា បានមានប្រសាសន៍គាំទ្រលទ្ធផលស្ទង់មតិ ដែលបង្ហាញថា មានចំនួន ៨១ភាគរយ នៅចុងឆ្នាំ២០១១ បានគាំទ្រថា កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសត្រូវ ដែលរៀបចំឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI)។ របាយការណ៍នេះ បង្ហាញថា ក្រុមយុវជនដែលមានអាយុ ១៨ ដល់ ២៤ឆ្នាំ បានឆ្លើយថា រាជរដ្ឋាភិបាលបានដឹកនាំប្រទេសមានកម្មវិធីនយោបាយត្រឹមត្រូវល្អ ដែលនេះ ជាជញ្ជីងយុត្តិធម៌មួយ ជូនទៅដល់គណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា “ខ្ញុំសូមអបអរសាទរ ចំពោះការវាយតម្លៃនេះ គឺជាការត្រឹមត្រូវមួយ ដែលជាការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រហូតដល់សមាជិកគណបក្សតាមឃុំ-សង្កាត់”។
លោក ជាម យៀប បានបន្តថា ចំពោះការបោះឆ្នោត គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ ទាំងការបោះឆ្នោតសកល និងអសកល ហើយការបោះឆ្នោតកន្លងមក ដែលជាមូលដ្ឋានគ្រឹះ យើងអាចវាយតម្លៃបានថា ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ នៅពេលខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបានកៅអីច្រើនជាងពេលមុន ហើយនៅពាក់កណ្ដាលឆ្នាំ២០១៣ នឹងមានការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្ដ្រ ហើយយុវជនដែលគ្រប់អាយុបោះឆ្នោត នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនថែមទៀតនោះ គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបានសន្លឹកឆ្នោតលើសពី ៩០អាសនៈ។
ចំណែកលោក កឹម សុខា សមាជិករដ្ឋសភា មណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា IRI មិនបានប្រើពាក្យឲ្យបានច្បាស់លាស់ទេ ក្នុងការស្ទង់មតិនេះ ដោយគ្មានពន្យល់និយមន័យពាក្យច្បាស់លាស់ ដែលថា "ដើរតាមផ្លូវត្រូវ" ដែលធ្វើឲ្យគណបក្សនយោបាយនីមួយៗ ច្បិចយកចំណេញរៀងៗខ្លួននោះ។
លោក កឹម សុខា បានបញ្ជាក់ថា “ពាក្យថា កម្ពុជាដើរលើផ្លូវត្រូវ មិនមែនមានន័យថា រដ្ឋាភិបាល ហើយក៏មិនមែនមានន័យថា គណបក្សប្រជាជនហ្នឹង ដើរតាមផ្លូវត្រូវទេ”។
លោកបន្តថា ការធ្វើផ្លូវមិនមែនខុសទេ ទាល់តែកាប់ដាច់ផ្លូវទើបខុស។ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើ និងការរឹបអូសយកដីប្រជាពលរដ្ឋ អំពើពុករលួយ មិនមែនជាការត្រឹមត្រូវទេ និងមិនមែនជាការដើរតាមផ្លូវត្រូវទេ។
លោកបញ្ជាក់ថា “របាយការណ៍នេះ មិនច្បាស់លាស់”។
លោក កឹម សុខា បានបន្តទៀតថា អ្វីដែលត្រឹមត្រូវនោះ គឺសហគមន៍អន្តរជាតិ គេផ្ដល់ជំនួយដល់កម្ពុជា អភិវឌ្ឍន៍កសាងផ្លូវ មានប្រឡាយទឹកច្រើនជាងមុន ទាំងអស់ហ្នឹង គេថាត្រូវ។ មិនមែនមានន័យថា គណបក្សប្រជាជន ឬក៏រដ្ឋាភិបាលសព្វថ្ងៃ ធ្វើត្រូវនោះទេ។
ជាមួយគ្នានោះ លោក យឹម សុវណ្ណ សមាជិករដ្ឋសភា មណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា “ការស្ទង់មតិ ដែលធ្វើឡើងនៅក្នុងប្រទេសមួយ ដែលពុំមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានការគាបសង្កត់ តំណាងរាស្ដ្រ រហូតដល់សមាជិកគណបក្សសមរង្ស៊ី ការគាបសង្កត់អ្នក ដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល ការបំភិតបំភ័យគំរាមកំហែងផ្នែកនយោបាយ ការស្ទង់មតិដែលប្រជាពលរដ្ឋខ្លាចរអាល ភ័យខ្លាចមិនហ៊ានឆ្លើយនូវការពិត ចំពោះទង្វើទាំងឡាយទាំងពួង គឺការស្ទង់មតិនោះ មិនត្រឹមត្រូវទេ មិនឆ្លុះបញ្ចាំងពីការពិត”។
ជាមួយគ្នានោះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ចំពោះតួលេខចំនួន ៨១ភាគរយ ដែលបង្ហាញថា កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅត្រូវ ដែលវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ នៃសហរដ្ឋអាមេរិក ហៅកាត់ IRI ធ្វើស្ទង់មតិនោះ លោកក៏ដូចជាអង្គការសង្គមស៊ីវិលដទៃទៀត ពុំមានការភ្ញាក់ផ្អើលទេ ពីព្រោះតាំងពីដើមមក តែងតែមើលឃើញថា កម្ពុជាកំពុងឆ្ពោះទៅក្នុងផ្លូវត្រូវ គឺខុសគ្នានឹងពាក្យថា រដ្ឋាភិបាលដើរផ្លូវត្រូវ។
លោកបន្តថា “នេះជាការជួយជំរុញដល់ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា”។
របាយការណ៍របស់ IRI ដែលបានផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ បង្ហាញថា អ្នកមានអារម្មណ៍ជាទូទៅថា កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅត្រូវ ៨១ ភាគរយ។
សូម រម្លឹកថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI បានធ្វើការស្ទង់មតិសាធារណជនខ្មែរ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ ដោយសម្ភាសន៍លើពលរដ្ឋកម្ពុជា ចំនួន ២.០០០ នាក់ អាយុចាប់ពី ១៨ ឆ្នាំឡើង នៅទូទាំង ២៤ ខេត្តរាជធានី។
ការស្ទង់មតិរបស់ IRI ផ្តោតសំខាន់លើបរិយាកាសទូទៅ ទិសដៅរបស់ប្រទេស បញ្ហាពុករលួយ បញ្ហាកង្វះម្ហូបអាហារ បញ្ហានយោបាយ សាលាក្តីខ្មែរក្រហម បញ្ហាបទល្មើសក្នុងភូមិឃុំសង្កាត់ ដំណោះស្រាយចំពោះបទល្មើស បញ្ហាថវិកាឃុំសង្កាត់ និងការចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment