3 of 3
ភ្នំពេញ: ប្ដីៗរបស់សកម្មជនស្ដ្រីបឹងកក់ បានទទួលរងនូវការគំរាមកំហែងបណ្ដេញចេញពីការងារ ពីសំណាក់ក្រុមចៅហ្វាយនាយរបស់ពួកគេ ដោយសារតែការបណ្ដែតបណ្ដោយឲ្យប្រពន្ធ ធ្វើការតវ៉ាក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ស៊ូកា គូអ៊ីន ហើយក្រុមបុរសជាប្ដីទាំងនោះ ត្រូវបានស្ដីបន្ទោសថា “ការបណ្ដោយឲ្យប្រពន្ធរបស់ពួកខ្លួន ចេញមកតវ៉ានៅមុខសាលាក្រុងភ្នំពេញ និងតវ៉ានៅកន្លែងផ្សេងៗនោះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល”។ ទង្វើគំរាមបែបនេះ ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថា ជាការដាក់គំនាបផ្នែកស្មារតីទៅលើបុរសៗជាប្ដី។

អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ បាននិយាយថា ស្រីដែលមានប្ដីធ្វើជាមន្ត្រីរាជការ ត្រូវបានគេគំរាមកំហែងថា បើសិនជានៅតែឲ្យប្រពន្ធទៅតវ៉ាទៀត គេនឹងឈប់ឲ្យប្ដីធ្វើការ គេដកចេញ។ ទាក់ទិននឹងការគំរាមផ្នែកស្មារតីទៅលើប្ដីពួកខ្លួនបែបនេះ អ្នកស្រី ទេព វន្នី បានបញ្ជាក់ថា “ឥឡូវពួកគាត់នឹងសម្រេចចិត្តហើយ លែងលះជាមួយប្ដីគាត់ ពីព្រោះអីពួកគាត់មិនអាចឈប់តវ៉ាបានទេ ដើម្បីផ្ទះ ហើយផ្ទះនេះក៏សម្រាប់កូន និងសម្រាប់ប្ដីទាំងអស់គ្នាដែរ។ តែបើគេគំរាមអ៊ីចឹង មានតែគាត់លះបង់ប្ដីសិន ដើម្បីឲ្យប្ដីធ្វើការចុះ ជួយចិញ្ចឹមកូន ហើយពួកគាត់ទៅតវ៉ាការពារផ្ទះ”។
អ្នកស្រី ទេព វន្នី មានកូនពីរនាក់ និងមានប្ដីបម្រើការនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ អ្នកស្រីបានបញ្ជាក់ថា កន្លងមកប្ដីរបស់អ្នកស្រី ត្រូវចៅហ្វាយនាយហៅទៅសាកសួរ បន្ទាប់ពីអ្នកស្រីចេញធ្វើការតវ៉ាប្រឆាំងការរំលោភយកដីធ្លី ពីសំណាក់ក្រុមហ៊ុន ស៊ូកា គូអ៊ីន ហើយថែមទាំងចោទថា មានប្រពន្ធជាគណបក្សប្រឆាំងទៀត។ អ្នកស្រីបានចាត់ទុកការហៅប្ដីអ្នកស្រីទៅព្រមានបែបនេះ គឺជាការដាក់សម្ពាធផ្នែកស្មារតីមកលើប្ដីអ្នកស្រី។ បន្ទាប់ពីមានការហៅសួរនាំពីថ្នាក់លើនោះ ប្ដីរបស់អ្នកស្រីតែងតែទទូចឲ្យអ្នកស្រីកុំធ្វើការតវ៉ា ពីព្រោះប្ដីអ្នកស្រីព្រួយបារម្ភថា បើគាត់អត់ការងារធ្វើទៀត គ្រួសារនឹងជួបការលំបាក។
អ្នកស្រីបញ្ជាក់ទៀតថា “ខ្ញុំតែងតែគិតជាមួយគាត់ថា បើស្ថានភាពនៅតែធ្ងន់ធ្ងរជាងហ្នឹង ខ្ញុំនឹងសម្រេចចិត្តធ្វើការលែងលះគ្នា ដើម្បីបញ្ចប់គំនាប”។
ជាមួយគ្នានេះដែរ អ្នកស្រី តុល ស្រីពៅ ជាសកម្មជនតស៊ូរឿងដីធ្លីម្នាក់ផងដែរនោះ បាននិយាយថា “ដោយសារតែអ្នកស្រីចេញតវ៉ារឿងដីធ្លីផ្ទះសម្បែងនៅបឹងកក់ កន្លងមកគេគាបសង្កត់ពួកខ្ញុំដែរ តែខ្ញុំអត់ឈប់ ឥឡូវគេបានគាបសង្កត់ទៅខាងប្ដីខ្ញុំ គេនឹងបញ្ឈប់ការងារប្ដីខ្ញុំ”។ អ្នកស្រីបញ្ជាក់ថា “ខ្ញុំក៏ចង់ប្រាប់ទៅគាត់វិញដែរថា មិនបាច់ចង់បញ្ឈប់ការងារគាត់ (ប្ដី) ទេ ហើយក៏មិនចាំបាច់យកគាត់ហ្នឹង មកធ្វើជាអន្ទាក់ចង់ជើងខ្ញុំដែរ គឺគាត់មិនអាចចង់ជើងខ្ញុំបានទេ នេះគឺជាឆន្ទៈរបស់ខ្ញុំ បើគាត់នៅតែបង្ខំខ្ញុំ ៗសុខចិត្តលែងប្ដីខ្ញុំចោល”។
អ្នកស្រីបានឲ្យដឹងទៀតថា នៅថ្ងៃស្អែកទី១០ ខែឧសភា អ្នកស្រីនឹងទៅសាលាខណ្ឌដូនពេញ ធ្វើលិខិតលែងលះ ដោយអ្នកស្រីមិនអាចឲ្យប្ដីម្នាក់នេះ មកចង់ជើងអ្នកស្រី ហើយបែរជាអ្នកស្រីបាត់បង់ផ្ទះសម្បែងនោះទេ ពីព្រោះអ្នកស្រីត្រូវការផ្ទះសម្បែងយកមកឲ្យកូនរស់នៅ បើមានតែប្ដីអត់ផ្ទះសម្បែង យកប្ដីមកធ្វើអី។
តាមការបញ្ជាក់ បែបនេះ បង្ហាញថា មានស្ត្រីសកម្មជននៅតំបន់បឹងកក់ជាច្រើនទៀត ដែលមានប្ដីបម្រើការងារជាមន្ត្រីរាជការ នឹងត្រូវធ្វើការលែងលះប្ដីប្រពន្ធ។
សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យកាត់ដីទំហំ ១២,៤៤ ហិកតា ដល់ប្រជាពលរដ្ឋឲ្យដាច់ពីក្រុមហ៊ុន ដើម្បីបញ្ចប់ទំនាស់ ឲ្យប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ តែផ្ទុយទៅវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ធ្វើសម្បទានកម្មដីឲ្យប្រជាពលរដ្ឋ បែរជាមានកម្លាំងអាជ្ញាធរ និងមន្ត្រីសមត្ថកិច្ច ចុះមកវាយកម្ទេចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដោយគ្មានលិខិតស្នាមចេញពីស្ថាប័នសមត្ថកិច្ចណាឡើយ និងបានកាត់ប្រជាពលរដ្ឋជាង ៩០ គ្រួសារចេញ មិនឲ្យមានសិទ្ធិរស់នៅលើដីទំហំ ១២,៤៤ ហិកតា។ ជាថ្មីម្ដងទៀត ខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ ក៏បានបញ្ជូនករណីបឹងកក់ដដែលនេះ ទៅលោកអភិបាលរាជធានីភ្នំពេញ ជាអ្នកដោះស្រាយ តែមិនទាន់ឃើញចំណាត់ការអ្វីនោះទេ៕
No comments:
Post a Comment