ភ្នំពេញ: សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះបទបញ្ជារបស់សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសម្រេចផ្អាកសម្បទានដីសេដ្ឋកិច្ច និងពិនិត្យឡើងវិញនូវរាល់សម្បទានដីសេដ្ឋកិច្ច នៅទូទាំងប្រទេស។
សេចក្តីប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ របស់សហភាពអឺរ៉ុប បង្ហាញថា ការគ្រប់គ្រងដីធ្លីនៅកម្ពុជា ដែលរួមមាន សិទ្ធិកាន់កាប់ដីធ្លី ដែលទាក់ទងនឹងកម្មសិទ្ធិ ពាក់ព័ន្ធនឹងបញ្ហាអភិបាលកិច្ចដ៏ស្មុគស្មាញ។ បញ្ហាទាំងអស់នេះ វាទាមទារឲ្យមានការប្រឹងប្រឹងរយៈពេលវែង និងប្រកបដោយចីរភាពពីរដ្ឋាភិបាល។
សហភាពអឺរ៉ុប មានសង្ឃឹមថា ការពិនិត្យឡើងវិញទាំងអស់នោះ រួមមាន កិច្ចប្រឹងប្រែងការពារក្រុមជនងាយរងគ្រោះ និងធ្វើឲ្យប្រសើរឡើង ការអនុវត្តច្បាប់ដីធ្លីឆ្នាំ២០០១ ព្រមទាំងអនុក្រឹត្យស្តីពីសម្បទានដីធ្លី។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ ចំពោះការគាំទ្រកំណែទម្រង់ដីធ្លីប្រកបដោយប្រសិទ្ធភាព ដែលការពារសិទ្ធិរបស់ពលរដ្ឋ ហើយធានាកំណើនសេដ្ឋកិច្ចបៃតង ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
សូម រម្លឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ឧសភា ឆ្នាំ២០១២ បានចុះហត្ថលេខាលើបទបញ្ជា ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។
ក្នុងបទបញ្ជា ដែលមាន ៤ ចំណុច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់សម្បទានដីសេដ្ឋកិច្ច។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចសន្យា ស្តីពី សម្បទានដីសេដ្ឋកិច្ច ពិសេសគឺការអនុវត្តតាមគោលនយោបាយ រូបមន្តស្បែកខ្លា និងការមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរក៏ត្រូវពិនិត្យ ដកហូតដីសម្បទាន ពីក្រុមហ៊ុនណា ដែលមិនគោរពច្បាប់ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “ក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន និងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍដីសម្បទាន ទន្ទ្រានដីបន្ថែម ទុកដីចោលទំនេរសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌនៃកិច្ចសន្យា បំពានដីរបស់ប្រជាពលរដ្ឋ ឬដីសហគមន៍ រដ្ឋាភិបាលនឹងដកហូតនូវដីសម្បទានសេដ្ឋកិច្ចទាំងនោះមកវិញ។ ដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានដកហូតមកវិញនោះ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដោយផ្ទាល់”៕
No comments:
Post a Comment