Wednesday, May 9, 2012

បណ្ដាញ​សហគមន៍ គាំទ្រ​លើ​ចំណាត់ការ​របស់​សម្ដេច ហ៊ុន សែន ស្ដីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​គ្រប់​គ្រង់​ដី​សម្បទាន​សេដ្ឋកិច្ច​

ភ្នំពេញ: បណ្ដាញ​សហគមន៍ សមាគម​នានា ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១២ បានចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​លើ​ចំណាត់ការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី វិធានការ​ពង្រឹង និង​បង្កើន ប្រសិទ្ធភាព នៃ​ការ​គ្រប់​គ្រង់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

​ នៅ​សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា "​យើងខ្ញុំ​ទាំងអស់គ្នា ជា​ប្រជា​សហគមន៍​នា​ន​ក្នុងប្រទេស​កម្ពុជា មាន​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិដើម​ភាគតិច​ដែល​រស់​ពឹងផ្អែក​ទាំងស្រុង លើ​ធនធានធម្មជាតិ​សម្រាប់​ចិញ្ចឹមជីវិត​"​។​

​នៅក្នុង​ សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា "​យើងខ្ញុំ​មានការ​ត្រេកអរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​បទបញ្ជា​លេខ​០១ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ ស្ដីពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​។ យោងតាម​ខ្លឹមសារ នៃ​បញ្ជា​លេខ​០១ នេះ យើងខ្ញុំ​សូម​កោតសរសើរ​នូវ​ទឹកចិត្ត​របស់​សម្ដេច ដែល​យកចិត្តទុកដាក់​ខ្ពស់​ពី​ទុក្ខ​កង្វល់​របស់​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​រង់ចាំ​ចំណាត់ការ​នេះ​ជា​យូរ​មកហើយ ព្រោះ​រយៈពេល​ចុងក្រោយ​នេះ យើងខ្ញុំ​ដែល​រស់នៅ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច សម្បទាន​រ៉ែ កំពុង​ជួប​បញ្ហាលំបាក​ជាច្រើន​ដូចជា បាត់បង់​ដី​កសិកម្ម ដី​លំនៅដ្ឋាន ផ្ទះសម្បែង និង​តំបន់​ព្រៃ​ដែល​ធ្លាប់​អាស្រ័យ​ផល និង​គោរពបូជា​តាម​ជំនឿ​សាសនា​។ យើងខ្ញុំ​ជឿជាក់ថា បញ្ជា​ប្រកបដោយ​គតិ​ប​ញ្ឌិ​តរបស់​សម្ដេច នឹង​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​សម្បទា​និក យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​"​។​

​សេចក្ដីថ្លែងការណ៍ បន្ថែមទៀតថា ទន្ទឹមនឹងនោះ យើងខ្ញុំ​សូម​ទទូច​ដល់ សម្ដេចនាយក​រដ្ឋមន្ត្រី នូវ​សំណូមពរ​មួយចំនួន​ដូចខាងក្រោម​៖

១. បញ្ឈប់​ការផ្ដល់​ដី​សម្បទាន​នានា ក្នុង​តំបន់​ព្រៃស្រោង ដែល​ប្រជា​សហគមន៍​កំពុង​អាស្រ័យ ដូចជា នៅ​តំបន់​ព្រៃ​ឡង់ តំបន់​ឱ​រ៉ា​ល់ សហគមន៍​ព្រៃឈើ ដី​សហគមន៍​ជនជាតិដើម​ភាគតិច តំបន់​ការពារ​ដែន​ជំរក​សត្វ ឧទ្យាន​ជាតិ​៘​

២. ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​ម្ចាស់​សម្បទាន ទាំងឡាយណា​ដែល​បាន​រំលោភ​យក​ដីធ្លី និង​ព្រៃឈើ​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់ និង​ប្រើប្រាស់​ពីមុនមក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។​

៣. ធ្វើការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​ទាំងឡាយ ដែល​មិនបាន​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ជា​ពិ​សេ​ក្នុង​តំបន់​ព្រៃស្រោង​ដែល​ប្រជា​សហគមន៍​កំពុង​អាស្រ័យ ដូចជា នៅ​តំបន់​ព្រៃ​ឡង់ តំបន់​ឱ​រ៉ា​ល់​សហគមន៍​ព្រៃឈើ តំបន់​ការពារ​ដែន​ជំរក​សត្វ ឧទ្យាន​ជាតិ ដី​សហគមន៍​ជនជាតិដើម​ភាគតិច​៘​

៤. ជំរុញ​ឲ្យ​ក្រសួង​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គោរព​តាម​បទបញ្ជា​លេខ​០១​នេះ​។​

៥. ស្ដារ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​ដែល​ត្រូវបាន​ឈូសឆាយ និង​កាប់បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន​។​

៦. លើកកម្ពស់ គាំទ្រ និង​ទទួលស្គាល់​បណ្ដាញ​សហគមន៍​ក្នុងការ​ការពារ​ព្រៃឈើ និង​សហការ​ជាមួយ​រដ្ឋាភិបាល​។​

៧. ផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយណា ដែល​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ និង​បាន​ឈូសឆាយ​តំបន់​ព្រៃស្រោង​។​

​ សូមជម្រាបថា បណ្ដាញ​សហគមន៍ សមាគម ដែល​ចូលរួម​គាំទ្រ សេចក្ដីថ្លែងការណ៍ រួមមាន បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​, បណ្ដាញ​ឱ​រ៉ា​ល់​, បណ្ដាញ​កសាង​សន្ដិភាព​សហគមន៍​, សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​, សមាជិក​សកម្ម​ជនជាតិ​ដើម​ភាគតិច​, សមាគម​កសិករ​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​, បណ្ដាញ​កសិករ និង​ធម្មជាតិ​, បណ្ដាល​ភ្នំ​គុក​, សហគមន៍​ស្រុក​គិរីសាគរ និង​បុ​ទុម​សាគរ​, បណ្ដាញ​សហគមន៍​ភ្នំ​ដងរ៉ែក​, បណ្ដាញ​ស្ករអំពៅ​ស្អាតស្អំ​, បណ្ដាញ​យុវជន​កម្ពុជា​, សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, មិត្ត​ព្រៃឈើ​, សម្ព័ន្ធភាព​ស្ដ្រី​បឹងកក់​តស៊ូ​ដើម្បី​សិទ្ធិ​លំនៅដ្ឋាន​, បណ្ដាញ​សកម្មភាព​សហគមន៍​ខេត្តព្រះវិហារ និង​សមាគម​ការពារ​សិទ្ធិ​កម្មករ​ចំណាកស្រុក និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៃ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​៧​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ ដោយ​សម្រេច​ផ្អាក​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​ពិនិត្យ​ដកហូត​ដី​សម្បទាន ពី​ក្រុមហ៊ុន​ណា ដែល​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​នីតិវិធី​ច្បាប់​៕​

No comments:

Post a Comment