ដោយ ទីន ហ្សាការីយ៉ា
2012-05-15
កូនអ្នកភូមិបុរីកីឡាម្នាក់ស្លាប់ និងជាច្រើននាក់ទៀតឈឺគ្រុនក្ដៅ ផ្ដាសាយ និងរាករូស ដោយសារគ្មានទីកន្លែងរស់នៅសមរម្យ។
អ្នកភូមិបុរីកីឡា កាន់រូបថតអ្នកភូមិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងបដាទាមទាររកយុត្តិធម៌ ក្នុងថ្ងៃអ្នកភូមិធ្វើសន្និសីទកាសែត នៅប្លុកបុរីកីឡា ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២។
ស្ត្រីឈ្មោះ ខួន តឿន ជាម្ដាយរបស់ទារកដែលស្លាប់នោះ បានឲ្យដឹងថា កូនប្រុសរបស់គាត់មានអាយុ ៩ខែ បានចាប់ផ្ដើមឈឺនៅខណៈដែលគាត់បានចេញតវ៉ាទាមទាររកសំណងពី ក្រុមហ៊ុនជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ពីព្រោះថា គាត់ត្រូវយកកូនទៅជាមួយគ្រប់ពេល ហើយកូននោះត្រូវថ្ងៃក្ដៅ ត្រូវទឹកភ្លៀង។
កូនអ្នកភូមិបុរីកីឡាស្លាប់នេះបានស្លាប់ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅក្នុងអាណត្តិដឹកនាំប្រទេសរបស់លោក លោកមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ខួន តឿន បានរៀបរាប់ទាំងសោកសង្រេង អាណិតស្រណោះកូនប្រុសរបស់គាត់ថា កាលកូនគាត់នៅរស់ គាត់គ្មានទីជម្រក និងអាហារូបត្ថម្ភឲ្យកូនបរិភោគទេ រស់ពឹងអាស្រ័យលើទឹកដោះរបស់គាត់ ប៉ុន្តែពេលគាត់គ្មានម្ហូបអាហារបរិភោគក៏ខ្វះទឹកដោះឲ្យកូនបៅដែរ។ អ្នកស្រីបន្តថា កូនរបស់គាត់ចាប់ផ្ដើមឈឺកាន់តែខ្លាំង ហើយគាត់ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដេកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យជិតមួយខែរហូតដល់ថ្ងៃស្លាប់។
អ្នកស្រីបានលើកឡើងទាំងអាណិតកូនដែលគាត់ទើបមានកូនតែម្នាក់ គត់នោះថា បន្ទាប់ពីកូនគាត់ស្លាប់ គាត់ក៏ប្រគល់ឲ្យមន្ទីរពេទ្យយកទៅបូជាជូន ដោយសារតែបើយកមកបុរីកីឡាវិញ គ្មានផ្ទះតម្កល់សាកសព និងគ្មានលុយធ្វើបុណ្យសព។
អ្នកស្រី ខួន តឿន រៀបរាប់ទៀតថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា គាត់បានទៅសុំប្រាក់ពីចៅសង្កាត់វាលវង់ ដើម្បីធ្វើបុណ្យសព តែអ្នកស្រីចៅសង្កាត់សួរគាត់ថា បើសិនជា ខួន តឿន កាន់គណបក្សណាឲ្យទៅសុំលុយគណបក្សនោះទៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ចៅសង្កាត់វាលវង់ អ្នកស្រី កែវ សុកល ដើម្បីសួរអំពីបញ្ហានេះ បានទេ នៅថ្ងៃទី១៥ ខែឧសភានេះ។
ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានលើកឡើងថា ករណីនេះ ក្រុមហ៊ុន ឬរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ។ លោក មឿន តុលា អះអាងថា ការបណ្ដេញចេញប្រជាពលរដ្ឋនៅបុរីកីឡានេះជារឿងខុសច្បាប់។
កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ សហគមន៍អ្នកភូមិបឹងកក់ និងបុរីកីឡា បានធ្វើសំណើសុំដោយឡែកគ្នា ២ ដើម្បីជំរុញឲ្យសាលារាជធានីភ្នំពេញ ពន្លឿនការអនុវត្តសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយទំនាស់ដីនៅតំបន់ទាំងពីរនេះដោយផ្ទាល់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានលទ្ធផលនៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកភូមិបានសម្ដែងការព្រួយបារម្ភថា កូនៗរបស់ពួកគាត់ជាច្រើននាក់កំពុងមានជំងឺរាករូស និងគ្រុនក្ដៅ ដោយសារកត្តារស់នៅមិនសមរម្យ រស់នៅក្រោមតង់ ត្រូវភ្លៀងក្ដៅរាល់ថ្ងៃ និងគ្មានអាហារបរិភោគគ្រប់គ្រាន់ជាដើម៕
កូនអ្នកភូមិបុរីកីឡាម្នាក់ស្លាប់និងច្រើននាក់ឈឺដោយសារគ្មានជម្រក
No comments:
Post a Comment