Joseph Freeman
The Phnom Penh Post
ភ្នំពេញៈ បញ្ហាមួយក្នុងចំណោមបញ្ហាដំបូងជាច្រើន ដែលលោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានធ្វើអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ មកកាន់ប្រទេសកម្ពុជា គឺ ការទៅមើលផ្នូរអ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់។
វា មិនមែនជាផ្លូវដែលលោក សុរិយា ស៊ូប៊ែរឌី ត្រូវទៅទេ តែលោកបានថ្លែងថា លោកចង់«បង្ហាញ នូវសារមួយ» អំពី ការប្រើអំពើហិង្សា ប្រឆាំងនឹងសកម្មជនការពារព្រៃឈើ។ លោកបញ្ជាក់ថា៖«ក្ដី សង្ឃឹមរបស់ខ្ញុំ គឺថា អ្នកប្រព្រឹត្តបទល្មើស នឹងត្រូវនាំខ្លួនមកកាត់ទោស»។
លោកបានឈប់ ដោយគ្មានការគ្រោងទុក កាលពីព្រឹកថ្ងៃសៅរ៍ នៅគ្រាចាប់ផ្ដើម
នៃ ដំណើរទស្សនកិច្ច «បើកភ្នែក » ជាច្រើន ទៅកាន់ខេត្ត និងសហគមន៍នានា ជាកន្លែងដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាល ប្រើកម្លាំងបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។
ទោះ បីជាដំបូងឡើយ លោកគ្រោងនឹងផ្ដោតទៅសភាយ៉ាងណាក៏ដោយ ក៏លោក ស៊ូប៊ែរឌី បានទទួលពាក្យបណ្ដឹងជាច្រើន ទាក់ទងនឹងបញ្ហាការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ហើយគោលបំណងរបស់លោក បែរជាផ្ដោតទៅរកផលប៉ះពាល់នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាលកម្ពុជា។
ក្រោម អាណត្តិរបស់លោក លោក ស៊ូប៊ែរឌី ត្រូវមកបំពេញបេសកកម្មស្វែងរកការពិត ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកលោកនឹងធ្វើបទបង្ហាញ ពីរបាយការណ៍ប្រចាំឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
នៅ ក្នុងបទសម្ភាសមួយ ជាមួយភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃសុក្រ លោកក៏បានបញ្ជាក់ដដែលៗ នូវកង្វល់ពីរបាយការណ៍ កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងសេរីភាព ក្នុងការបញ្ចេញមតិ និងពីអ្វីដែលលោកបានហៅថា ជាការប្រើច្បាប់បរិហារកេរ្តិ៍ គ្មានសមាមាត្រ ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងក្រុមសកម្មជន។ ប៉ុន្តែបញ្ហាដីធ្លី គឺជាអ្វីមួយដែលត្រូវលើកមកនិយាយ ក្នុងអំឡុងពេលទស្សនកិច្ច លើកទី ៥ របស់លោក នៅលើកនេះ ជាពិសេសការចុះទៅមើលប្រជាពលរដ្ឋ រស់នៅសហគមន៍បុរីកីឡា ដែលអ្នកភូមិទាំងនេះ ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនផានអ៊ីម៉ិច គាំទ្រដោយអាជ្ញាធរក្រុងភ្នំពេញ ។
លោក ស៊ូ ប៊ែរឌី បានថ្លែងទៀតថា៖ «ខ្ញុំ រន្ធត់ចិត្តខ្លាំងណាស់ នៅពេលឃើញពួកគេ ត្រូវបានគេបង្ខំឲ្យរស់នៅក្នុងស្ថានភាពយ៉ាងលំបាក។ ពួកគេភាគច្រើន ហាក់ដូចជាកំពុងរស់នៅសឹងតែនៅលើគំនរសំរាម ស្អុយរលួយ និងស្ថិតនៅក្នុងស្ថានភាពអមនុស្សធម៌។ បញ្ហាមួយទៀត គឺរបៀបដែលក្រុមហ៊ុន មិនគោរពកិច្ចព្រមព្រៀង ដែលបានធ្វើជាមួយនឹងប្រជាពលរដ្ឋរស់នៅសហគមន៍នេះ កាលពីមុន»។
លោក បានថ្លែងថា ការប៉ុនប៉ងរបស់លោក ក្នុងការជួបជាមួយក្រុមហ៊ុនផ្សេងៗ ពាក់ព័ន្ធនឹងអ្នកបណ្ដេញប្រជាពលរដ្ឋ ទទួលបានជោគជ័យតិចតួចបំផុត។ ពាក់ព័ន្ធនឹងដំណើរបំពេញការងាររបស់លោក លោក ស៊ូប៊ែរឌី បានថ្លែងថា លោកមិនត្រូវបានគេរារាំង មិនឲ្យធ្វើដំណើរ ទៅកាន់ទីណាមួយ ក្នុងប្រទេសនេះទេ ឬក៏មិនឲ្យធ្វើបទសម្ភាសជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍ណាមួយនោះដែរ។ ទោះយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកប្រាថ្នាចង់ចូលជួបឲ្យបានច្រើនថែមទៀត ជាមួយមន្ត្រីក្រសួងកសិកម្ម ដែលជាក្រសួងដ៏សំខាន់ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
នៅពេលពិភាក្សា ពីដំណើររបស់លោក ទៅកាន់ផ្នូរលោក ឈុត វុទ្ធី លោក ស៊ូប៊ែរឌី មានការ«រន្ធត់ ចិត្ត»ជា ថ្មីម្ដងទៀត នៅពេលលោកបានឮថា សកម្មជនដ៏លេចធ្លោរូបនេះ ត្រូវបានគេបាញ់សម្លាប់។ បន្ទាប់ពីលោកបានស្មឹងស្មាធិ៍គោរព នៅចំពោះមុខផ្នូរ លោកបាននិយាយជាមួយប្អូនស្រីលោក ឈុត វុទ្ធី។
លោក ស៊ូ ប៊ែរឌី បានថ្លែងទៀតថា៖ «ខ្ញុំ បានពិភាក្សា ពីស្ថានភាព គ្រួសាររបស់លោក ឈុត វុទ្ធី ថា តើពួកគេ នឹងត្រូវដោះស្រាយយ៉ាងដូចម្ដេច បន្ទាប់ពីការស្លាប់របស់លោកឈុត វុទ្ធី។ ការស្លាប់របស់សកម្មជនការពារព្រៃឈើរូបនេះ ជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសនេះ»៕
No comments:
Post a Comment