ក្រចេះ: កិច្ចប្រជុំជាបន្ទាន់មួយ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្នែកយោធាជាច្រើននាក់ទៀត ត្រូវបានធ្វើឡើង នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១២ ដើម្បីត្រៀមប្រើកម្លាំងប្រដាប់អាវុធរាប់រយនាក់ បំបែកក្រុមអ្នកទាមទារដីធ្លីអនាធិបតេយ្យ នៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានប្រែក្លាយ ជាតំបន់អបគមន៍។
លោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ ក្នុងពីធិសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថា កម្លាំងអ្នកចាប់ដីអនាធិបតេយ្យទាំងនោះ មានបំណងបង្កើតតំបន់នេះ ជាតំបន់អបគមន៍ ដោយកម្លាំងទាំងនោះ បានគាបសង្កត់លើប្រជាពលរដ្ឋ និងចង់រំលាយរដ្ឋអំណាចមូលដ្ឋាន នៅតំបន់នោះ “ពួកគេ ចង់បង្កើតរដ្ឋ ក្នុងរដ្ឋ”។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បន្តថា "អាជ្ញាធរ រាជរដ្ឋាភិបាល មិនអាចឱ្យពួកគេ ធ្វើតាមចិត្តបានទេ"។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីដោះស្រាយភាពអនាធិបតេយ្យ នៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២។
កម្លាំងអនាធិបតេយ្យទាំងនោះ ដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា ដែលត្រូវតុលាការ ចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន កាស៊ូទីម ហើយបានចាប់ឃុំខ្លួន ក្នុងពន្ធនាគារមួយរយៈ ហើយបានដោះលែងវិញ បន្ទាប់ពីបក្ខពួកនាំប្រជាពលរដ្ឋបិទផ្លូវជាតិលេខ៧៣ ចំនួន២លើក។
មន្ត្រីស្រុកឆ្លូងបាននិយាយថា បន្ទាប់ពីបានដោះលែងពីពន្ធនាគារ ប៊ុន រដ្ឋា បានប្រមូលបក្ខពួកជាច្រើននាក់ បង្កបញ្ហាជាច្រើន រហូតហ៊ានប្រកាសរំលាយអាជ្ញាធរ ភូមិ ឃុំ នៅតំបន់នោះថែមទៀតផង។
លើសពីនេះទៅទៀត ក្រុមរបស់ ប៊ុន រដ្ឋា បានដាក់បារាស់ចំនួន ៤កន្លែង ហើយបានចាត់តាំងមេក្រុម មេភូមិ នៅតំបន់នោះទៀតផង។
មន្ត្រី ដដែលបាននិយាយទៀតថា ប៊ុន រដ្ឋា បានបង្កើតសហគមន៍មួយដោយប្រើឈ្មោះខ្លួនឯងផ្ទាល់ឈ្មោះថា "សហគមន៍សមាគម ប៊ុន រដ្ឋា"។
ប្រភពសមត្ថកិច្ចបាននិយាយថា អ្នកទាមទារដីធ្លីអនាធិបតេយ្យនៅតំបន់នោះ មានចំនួនជាង ១.០០០ គ្រួសារ ក្នុងនោះមានជនជាតិខ្មែឥស្លាមប្រមាណជា ២០០ គ្រួសារ។
មន្ត្រី ខេត្តក្រចេះ ដែលស្នើសុំមិនឱ្យបញ្ចេញឈ្មោះ បាននិយាយថា កម្លាំងយោធា ប៉ូលិស ប៉េអឹម មកពីខេត្តក្រចេះ និងខេត្តកំពង់ចាម បានធ្វើការឡាមព័ទ្ធតំបន់កំពង់ដំរី ដើម្បីស្វែងរកចាំខ្លួនឈ្មោះ ប៊ុន រដ្ឋា។
ទោះបីយ៉ាងណា អាជ្ញាធរមានការប្រុងប្រយ័ត្ន ដោយបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ចាកចេញពីតំបន់នោះ ដោយស្ម័គ្រចិត្ត និងជៀសវាង មិនឱ្យមានការបង្ហូរឈាម និងនាំឱ្យមានអំពើហឹង្សា នៅក្នុងជម្លោះដីធ្លី នៅខេត្តក្រចេះនោះ៕
អ្នកទាមទារដីធ្លីអនាធិបតេយ្យ ដែលចង់បង្កើតតំបន់អបគមន៍ នៅតំបន់កំពង់ដំរី ត្រូវអាជ្ញាធរ ត្រៀមបំបែក
No comments:
Post a Comment