អាជ្ញាធររាជធានីភ្នំពេញ ព្យាយាមរារាំងអ្នកបឹងកក់មិនអោយដាក់ញត្តិ ជូនប្រធានាធិបតីចិន រឿងដីធ្លី
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី02 មេសា ឆ្នាំ2012 ម៉ោង13:13

តំណាងពលរដ្ឋបឹងកក់ (រូបថត ញឹម សុខន)
តំណាងអ្នកភូមិបឹងកក់ចំនួន ៧នាក់ នៅព្រឹកថ្ងៃច័ន្ទនេះ បានប៉ះទង្គិចជាមួយនឹងកម្លំាងសមត្ថកិច្ច រាជធានីភ្នំពេញ នៅជិតស្ថាតទូតចិនប្រចាំកម្ពុជា ខណៈពួកគេព្យាយាមយកញត្តិដាក់ជូន លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន សុំអន្តរាគមន៍រឿងជម្លោះដីធ្លីនៅបឹងកក់ដែលមានភាគហ៊ុន របស់លោក ឡាវ ម៉េងឃិន និងក្រុមហ៊ុនចិន ៖ “ប្រជាពលរដ្ឋគឺសុទ្ធចិត្តបញ្ចេញមតិយោបល់ អត់មានធ្វើអ្វីអោយខុសច្បាប់អីទេ ក្នុងនាមជាប្រជាពលរដ្ឋ តែខ្ញុំទុកមុខអោយពូ បានខ្ញុំមិនធ្វើនៅកន្លែងនោះ ខ្ញុំសុខចិត្តមកន្លែងនេះ តើពូចង់យ៉ាងម៉េចទៀត។ បោសសំអាតទៅក្រុង បោសសំអាត ប៉ុន្តែផ្ទៃក្នុងពុករលួយ បោសសំអាតតែប្រជាពលរដ្ឋស្លូតត្រង់ បោសសំអាតទៅ ប៉ុន្តែអ្នកមានអំណាច មានទឹកលុយ នៅពុករលួយពេញខ្លួន បោសអត់ចេញទេ”។
តំណាងអ្នកភូមិទាំងនោះ បានអោយដឹងថា នៅពេលពួកគេធ្វើដំណើរតាមផ្លូវមកកាន់ស្ថានទូតចិន ឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ បើកម៉ូតូដេញតាមពួកគេ ពីក្រោយ និងមានពាក់របាំងមុខ ព្រមទាំងទាក់ទងទូរស័ព្ទយ៉ាងកងរំពង ធ្វើឲ្យពួកគេភ័យខ្លាច។
ស្តាប់សម្លេង៖
ក្រោយការតវ៉ារបស់តំណាងអ្នកភូមិចំនួន៧នាក់ នៅជិតស្ថានទូតចិន បានមួយសន្ទុះ មន្ត្រីខណ្ឌចំការមនដែលសុំមិនបញ្ចេញឈ្មោះបានដាក់លក្ខខ័ណ្ឌជាមួយពលរដ្ឋទាំងនោះ រួចអនុញ្ញាតិអោយតំណាងអ្នកភូមិពីរនាក់ចូលដាក់ញតិ្ត ប៉ុន្តែត្រូវបានអាក់ខាន ដោយសន្តិសុខស្ថានទូតអះអាងថា ស្ថានទូតមិនធ្វើការទេនៅពេលនេះ ៖ “ទូតគឺយើងត្រូវឆ្លងកាត់ក្រសួងការបរទេស ប្រជាពលរដ្ឋយើងមិនអាចទៅជួបទូតបាន ហើយទូតក៏មិនអាចទទួលព័ត៌មានពីប្រជាពលរដ្ឋបានដែរ ហើយប្រសិនជាបង មិនជឿខ្ញុំ បងអញ្ជើញម្នាក់ទៅជាមួយខ្ញុំ ខ្ញុំជូនបងទៅ។”
សំរាប់នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ចាត់ទុកទង្វើរបស់អាជ្ញាធរនោះ ថាជាការបំបិតសិទ្ធិសេរីភាពពលរដ្ឋដែលរងគ្រោះ និងថាជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នៅពេលដែលប្រទេសកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន
តាមញត្តិរបស់អ្នកភូមិបឹងកក់នោះ បានសរសេរថា សុំអោយលោក ហ៊ូ ជិនតាវ ជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិនដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនស៊ូកាគូ ត្រូវបញ្ឈប់ការរំលោកយកដីពលរដ្ឋដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់អោយ ហើយជំរុញអោយពន្លឿនបោះបង្គោលព្រំប្រទល់ដីឲ្យបានឆាប់ និងមិនអោយកាត់ឈ្មោះអ្នកភូមិដែលមិនព្រមចាកចេញ ពីទំហំដី ១២,៤៤ហិចតា តាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា។
សូមរំលឹកថា កាលពីចុងសប្តាហ៍មុន សហគមន៍នៅស្រុកបុទមសាគរ និងគិរីសាគរ ខេត្តកោះកុង ជិត៤០នាក់ ត្រូវបានអាជ្ញាធរខេត្តនេះ និងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនត្រឡប់ទៅខេត្តវិញ និងតំណាងមួយចំនួនទៀត ត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីមួយរយៈដោយសារពួកគេគ្រោងដាក់ញត្តិសុំអន្តរាគមន៍ ទៅប្រធានាធិបតីដែលមកទស្សនៈកិច្ចនៅកម្ពុជា៕
No comments:
Post a Comment