Friday, March 23, 2012

អ្នក​បឹងកក់​បដិសេធ​ការ​ចោទ​ថា​ពួក​គេ​ពាក់​ព័ន្ធ​នឹង​បក្ស​នយោបាយ

2012-03-22
អ្នក​ភូមិ​បឹង​កក់​ប្រមាណ​១០០នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី២២ ខែ​មីនា។ ក្នុង​ពិធី​នោះ ពួកគេ​បាន​អូស​ទីង​មោង​ធ្វើ​ពី​ចំបើង​ចំនួន​៤ ទៅ​តាម​ផ្លូវ​នានា​ដែល​ជា​និមិត្តរូប​នៃ​ជន​ខិលខូច។
RFA/Sochivy
តំណាង​អ្នក​ភូមិ​បឹង​កក់ លោកស្រី ទេព វន្នី (រូប​បង់ក​ក្រមា) ព្រម​ទាំង​អ្នក​ភូមិ​ដទៃ​ទៀត ហែ​ក្បួន​នៅ​តាម​ដង​វិថី នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១២។
ក្រុម​អ្នក​ភូមិ​បាន​ទាមទារ​អោយ​​បញ្ឈប់​ការ​ចោទ​ប្រកាន់​ថា អ្នក​តវ៉ា​នៅ​តំបន់​បឹងកក់ ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​បក្ស​ប្រឆាំង។ ស្របគ្នា​នេះ​ពួកគេ​ទទូច​ថា​ ដរាប​ណា​អាជ្ញាធរ​កំណត់​ព្រំ​ដី​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​កាត់​អោយ​អ្នក​ភូមិ​នោះ​រួច​ ពួក​គេ​នឹង​បញ្ឈប់​ការ​តវ៉ា។
ការ​ទាម​ទារ​អោយ​បញ្ឈប់​ការ​លាប​ពណ៌ ឲ្យអ្នក​ភូមិ​បឹងកក់​ ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ​មាន​តំណាង​អ្នក​ភូមិ​បឹង​កក់​ គឺ​អ្នកស្រី ទេព វន្នី ​បាន​បង្កើត​សកម្មភាព​តវ៉ា​នានា គឺ​ដើម្បី​បម្រើ​ប្រយោជន៍​​គណបក្ស​ប្រឆាំង។
អ្នក​ភូមិ​បាន​ហែ​ក្បួន​ទៅ​តា​ម​ផ្លូវ​ខាង​មុខ​សាលា​រាជធានី ស្ថានទូត​សហរដ្ឋ​អាមេរិក និង​បាន​ទៅ​បន់​ស្រន់​ចំពោះ​រូប​សំណាក​យាយ​ពេញ នៅ​វត្ត​ភ្នំ។
អ្នក​ភូមិ​បាន​លើក​បដា និង​​រូប​ភាព​ជា​ច្រើន ដែល​បង្ហាញ​ពី​សកម្មភាព​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ ​​លើ​ពួក​គេ​ក្នុង​ការ​តវ៉ា​រឿង​​ដី​​​ធ្លី​​នា​ពេល​កន្លង​​មក។
អ្នក​ភូមិ​ក៏​បាន​ចង​ខ្សែ​អូស​​ទីង​មោង​​តំណាង​​មនុស្ស​ស្រី​ប្រុស​ចំនួន ៤​នាក់ ដើរ​តាម​ថ្នល់ ព្រម​ទាំង​បាច​អំបិល ម្ទេស​ទៅ​លើ​រូប​ទាំង​នោះ​ទៀត​ ដោយ​បាន​ចាត់​ទុក​ទីង​មោង​ទាំង​នោះ​ថា ជា​ក្រុម​មនុស្ស​​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​ប៉ុនប៉ង​យក​ដី​ពលរដ្ឋ។
អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹង​កក់ បាន​អោយ​ដឹង​ថា ការ​លាប​ពណ៌​ថា អ្នកស្រី​ជា​សកម្មជន​បក្ស​ប្រឆាំង គឺ​ជា​លេស​ចោទ​ប្រកាន់​ដើម្បី​អោយ​អ្នក​បឹង​កក់​បញ្ឈប់​ការ​តវ៉ា។
ប្រតិកម្ម​របស់​អ្នក​ភូមិ​បឹងកក់ ជា​ការ​ឆ្លើយតប​នឹង​កាសែត​រស្មី​កម្ពុជា ដែល​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។ កាសែត​នេះ បាន​ចុះ​ផ្សាយ​ថា ប្រជាពល​រដ្ឋ​ក្នុង​តំបន់​បឹង​កក់​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹង​កក់​ពេល​នេះ កំពុង​ក្លាយ​ជា​ភ្នាក់ងារ​របស់​គណ​បក្ស​ប្រឆាំង​ទៅ​វិញ និង​លែង​ជា​អ្នក​តវ៉ា​ដើម្បី​ពលរដ្ឋ​នៅ​បឹង​កក់​ទៀត​ហើយ។
និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា កាសែត​របស់​លោក​តែង​ប្រកាន់​វិជ្ជាជីវៈ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​មក​ ផ្សព្វផ្សាយ ចំណែក​ភាគី​ខាត​ប្រយោជន៍​មាន​សិទ្ធិ​រិះ​គន់។ លោក​បន្ត​ថា ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ គឺ​ប្រៀប​បាន​នឹង​ទឹក​ល្អក់​ដែល​ពិបាក​រក​អោយ​ឃើញ​ថា ភាគី​ណា​ត្រឹម​ត្រូវ ឬ​មាន​កំហុស។
អ្នក​ភូមិ​បឹង​កក់​បាន​តវ៉ា​អស់​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បោះ​ព្រំ​សំគាល់​ដី​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ប្រគល់​អោយ។ ពួកគាត់​នៅ​តែ​ទាមទារ​ដដែលៗ​ថា មាន​តែ​ការ​បោះ​ព្រំដី​ទេ​ទើប​អាច​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹង​កក់​នេះ​បាន។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​នៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ។ លោក​មាន​ប្រសាសន៍​ថា ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​តំបន់​បឹង​កក់​នេះ​ គឺ​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល​ ហើយ​ការ​ចោទ​ពលរដ្ឋ​ថា ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​គណបក្ស​ណា​មួយ​នោះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។
កាល​ពី​សប្ដាហ៍​កន្លង​ទៅ​អ្នកភូមិ​បឹង​កក់​បាន នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី និង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​មួយ​ចំនួន ដោយ​ទាម​ទារ​អោយ​អាជ្ញាធរ​បោះ​បង្គោល​កំណត់​ព្រំ​ដី និង​បញ្ចូល​អ្នក​ភូមិ​ចំនួន ៥៨​គ្រួសារ ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​កាត់​ចេញ។ មន្ត្រី​សាលា​រាជធានី​បាន​សន្យា​ផ្ដល់​ចម្លើយ​ដល់​អ្នក​ភូមិ​ក្នុង​រយៈពេល​ មួយ​សប្ដាហ៍ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​គាត់​នៅ​ឡើយ។
ប្រភព​ពី​ប្រជាពលរដ្ឋ​អោយ​ដឹង​ថា រហូត​មកដល់​ពេល​នេះ​មាន​អ្នក​ភូមិ​បឹង​កក់​ចំនួន ៦៣១​គ្រួសារ​បាន​ទទួល​ប្លង់​កម្ម​សិទ្ធិ​ពី​អាជ្ញាធរ​នៅ​លើ​ទីតាំង​ផ្ទះ​ដែល ​ពួក​គាត់​កំពុង​រស់នៅ។ ពួកគេ​បញ្ជាក់​ដែរ​ថា នៅ​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត មិន​ទាន់​ទទួល​ទទួល​បាន ដោយ​រួម​ទាំង ៩៤​គ្រួសារ ដែល​ត្រូវ​អាជ្ញាធរ​កាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។
ជាមួយ​គ្នា​នេះ អ្នក​ភូមិ​២២ ចំនួន ១៦៥​គ្រួសារ ដោយ​រួម​ទាំង​អ្នកស្រី ទេព វន្នី ក៏​បាន​ទទួល​ប្លង់​កម្មសិទ្ធិ​រួច​ហើយ​ដែរ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​ការ​តវ៉ា ដោយ​សំអាង​ថា ពួក​គេ​ជួយ​គ្នា​ក្នុង​ការ​ទាមទារ​អោយ​អ្នក​សហគមន៍​បឹង​កក់​ទាំង ៧៩៤​គ្រួសារ បាន​ទទួល​ដី​ពី​រដ្ឋាភិបាល៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

No comments:

Post a Comment