Monday, March 12, 2012

សាលា​រាជធានី​ភ្នំពេញ​៖ នយោបាយ​ផ្តល់​ទីតាំង​លំនៅ​ថ្មី ត្រូវ​ជួបនឹង​ការជំទាស់ ដោយហេតុថា សមាជិក​គណបក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​
(ថ្ងៃទី 12 មីនា 2012, ម៉ោង 11:17:AM) | ដោយ: លីន​ណាក- ក ក+ | Print
ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១២ បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​ចំណងជើង​ថា “​បុរី​កីឡា​, ភាព​ចាប់អារម្មណ៍​ខ្ពស់ និង​ការយកចិត្តទុកដាក់របស់​អាជ្ញាធរ​” ដោយបាន​លើកឡើងថា នៅ​ទីបំផុត ទាំងអស់គ្នា ហាក់ដូចជា​បាន​ឈានទៅដល់​ភាព​ប្រកបដោយ​វិចារណញ្ញាណ ជាពិសេសអ្នកតស៊ូ​មតិ និង​អ្នក​សិទ្ធិមនុស្ស​ជ្រុលនិយម​មួយចំនួន ​។

​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ បានលើកឡើង​ពីស​ម្ដី លោក អំ សំអាត នៃ​អង្គការ​លីកាដូ បាន​និយាយ “​យើង​គប្បី​វិល​ទៅរក​វិធានការ​ប្រកបដោយ​សន្តិ​វិធី ដើម្បី​ចរចា​ស្វែងរក​នូវ​ដំណោះស្រាយដោយ​សន្តិវិធី ដែល​អាច​ទទួលបាន​ដោយ​ភាគី​ទាំងអស់ ហើយ​ចៀសវាង​អំពើហិង្សា​”​ ។

​ដោយឡែក អាជ្ញាធរ បានបង្ហាញ​ឲ្យ​ឃើញតាម​ភាពជាក់ស្តែងនូវ​ភាព​ចាប់អារម្មណ៍​ខ្ពស់ តាមផ្លូវ​រដ្ឋបាល និង​ផ្លូវច្បាប់ ដោយបាន​ដោះលែង​អ្នក​តវ៉ា​បុរី​កីឡាឲ្យ​នៅក្រៅ​ឃុំ ចំនួន ៧ នាក់ គឺ​៥​នាក់ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ហើយ ២​នាក់​ទៀត នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១២​ ។​

​ការផ្សព្វផ្សាយ​ព័ត៌មាន បាន​បង្ហាញថា ភាព​ចាប់អារម្មណ៍​ខ្ពស់ និង​ភាព​យកចិត្តទុកដាក់​ទំនុកបម្រុងរបស់​អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​ភ្នំពេញ ត្រូវបាន​កត់ត្រា​ទុក​យ៉ាងច្បាស់​លាស់​ពេញលេញ ជាមួយនឹង​គោលនយោបាយ​ផ្តល់​ទីតាំង​លំនៅ​ថ្មី និង​ការដោះស្រាយបញ្ហា​ជីវភាព​ប្រចាំថ្ងៃ សម្រាប់​រយៈកាល​មួយ​។ នយោបាយ​ផ្តល់​ទីតាំង​លំនៅ​ថ្មី ត្រូវ​ជួបនឹង​ការជំទាស់ ពេលខ្លះ​ខ្លាំងក្លា ពេលខ្លះទៀត​ក៏​មិន​ខ្លាំងក្លា ដោយហេតុថា មាន​ក្រុម​តស៊ូ​មតិ សមាជិក​គណបក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ប្រភេទ​ខ្លះ កេង​យកចំណេញ​លើ​ជម្លោះ និង​ការ​ប្រឈម​រវាងប្រជាជន​ក្រីក្រ និង​អាជ្ញាធរ ក្នុង​គោលបំណង​ជំរុញ​បញ្ហា​សិទ្ធិមនុស្ស ដែល​មិនមែន​ចាប់ផ្តើមពី​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ( ប៉ុន្តែ​ជា​បញ្ហា​សិទ្ធិមនុស្ស​ជា​សាកល ដែល​អនុវត្ត​ដោយ​ប្រទេស​ជឿនលឿន​មួយចំនួន ) មក​ធ្វើជា​មធ្យោបាយ បន្ទាបបន្ថោក​អាជ្ញាធរ​។ ការតវ៉ា​នៅ​បុរី​កីឡា គឺជា​មេរៀន​មួយ ត្រូវបាន​រៀនសូត្រ​ដោយ​ភាគី​ទាំងអស់គ្នា​មាន​ ៖ ភាគី​ពលរដ្ឋ​ស្លូតត្រង់ ភាគី​អាជ្ញាធរ និង​ភាគី​វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍​ ។

​ជាមួយនឹង​ភាព​ចាប់អារម្មណ៍​ខ្ពស់ និង​ភាព​យកចិត្តទុកដាក់​ទំនុកបម្រុងរបស់​អាជ្ញាធរ​ថ្នាក់ជាតិ ព្រមទាំង​ថ្នាក់​រាជធានី ប្រជាជន​ស្លូតត្រង់​បានទទួលចំណែក​សមរម្យ ឯ​វិនិយោគិននិង​អ្នក​អភិវឌ្ឍន៍ក៏​ទទួលបាន​ផល​ផ្លែផ្កា​ចេញពី​ការ​បណ្តាក់​ទុក​របស់គេ ហើយ​រាជធានី​ភ្នំពេញ​ក៏​នឹង​រីក​ធាត់​ធំ ក្លាយទៅជា​គ្រាប់ពេជ្រ​ភ្លឺ​ថ្លា​របស់​កម្ពុជា ​។

​ការផ្សព្វផ្សាយ បានលើកឡើង​ទៀតថា ក៏ប៉ុន្តែ​ភាព​ចាប់អារម្មណ៍​ខ្ពស់ និង​ភាព​យកចិត្តទុកដាក់​ទំនុកបម្រុង​របស់​អាជ្ញា​ធរ​ មិន​គប្បីត្រូវបាន​ចាត់ទុកថា​ជាអាជ្ញាប័ណ្ណ​សេរី សម្រាប់​មនុស្ស​ខិលខូច​មួយចំនួនដើម្បី​យកទៅ​ធ្វើ​អាជីវកម្មលើ​ខ្នង​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ និង​លើ​ខ្នង​អាជ្ញាធរ​ឡើយ​។ គេ​ឃើញ​មាន​ករណីអ្នក​ជួល​ទីលំនៅ​ក្នុង​បុរី​កីឡា​សម្រាប់​រស់នៅ តែ​បែរជា​អះអាងថា ជា​ម្ចាស់​ទីកន្លែង ហើយ​ទាមទារ​ទទួលផលប្រយោជន៍​ទៅវិញ​។ ម្យ៉ាង ក៏មាន​ករណី​ជនខិលខូច ដែល​បានទទួល​គោលនយោបាយ​រួចហើយ តាម​ការព្រមព្រៀង​ជាមួយនឹង​អាជ្ញាធរ​ហើយ​នោះ តែ​បែរជា​បន្ត​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អាជ្ញាធរ​តទៅទៀត​ ។ ពួក​ជនខិលខូច​ទាំងនេះ បាននាំគ្នា​បង្កើត​ពាក្យស្លោក​មួយ​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​ថា​៖ “​ចាញ់​បាន​លុយ ឈ្នះ​បាន​ដី ឬ​បាន​ផ្ទះ​” ​។

​សាលា​រាជធានី​ភ្នំពេញ សង្ឃឹមថា លោក អំ សំអាត នៃ​អង្គការ​លីកាដូ និង​អង្គការក្រៅរដ្ឋាភិបាល NGOs ដែលមាន​ការទទួលខុសត្រូវ នឹង​រួម​ដៃ​ជាមួយគ្នា​កសាង​ស្ពាន​រវាង​ប្រជាជន​ស្លូតត្រង់ ដែលជា​អ្នក​គោរព​ប្រតិបត្តិ​ច្បាប់និង​អាជ្ញាធរ ដើម្បី​ស្វែងរក​ការដោះស្រាយ​ដោយ​សន្តិវិធី តាមរយៈ​ទំនាក់ទំនង​ល្អ និង​ការចរចាបើប្រសិន​មានការ​ចាំបាច់​ ៕S ​

No comments:

Post a Comment