Tuesday, February 19, 2013


ពលរដ្ឋ​ជាង ១ពាន់​គ្រួសារ ខក​ចិត្ត​នឹង​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល​

បោះពុម្ព
pp-kratie-complain-in-front-of-mol-vida
ពលរដ្ឋនៅខេត្តក្រចេះ តវ៉ារឿងដីធ្លីនៅក្រសួង​ដែន​ដី (រូបថត តាំង វីដា)
ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​កាសូ​ទីម ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ខក​ចិត្ត ចំពោះ​វិធាន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល។
ប្រតិ​កម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​តំណាង​ពលរដ្ឋ​ប្រមាណ ៥០​នាក់ បាន​ឡើង​មក​ដាក់​លិខិត​សុំ​អន្តរា​គមន៍​ពី​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី និង​សុំ​ពិភាក្សា​ផ្ទាល់​ជាមួយ​មន្រ្តី ក្រ​សួង​រៀប​ចំ​ដែន​ដី នគរ​រូប​នីយ​កម្ម និង​សំណង់ នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
តំណាង​ពលរដ្ឋ លោក ចាន់ សុផល ថ្លែង​ថា តំណាង​ពលរដ្ឋ ២០​នាក់ ត្រូវ​បាន​ចូល​ជួប និង​រៀប​រាប់​ពី​សាវតា​នៃ​ជម្លោះ​ដី​នោះ ហើយ​មន្រ្តី​ជំនាញ​របស់​ក្រសួង​នេះ បាន​សន្យា​ថា នឹង​ចាត់​វិធាន​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ មុន​នឹង​ចាត់​ឲ្យ​គណៈកម្មការ​ជាតិ ចុះ​ទៅ​ពិនិត្យ​ផ្ទាល់។ ប៉ុន្តែ លោក​ថា នេះ​គ្រាន់​តែ​ជាកា​រ​សន្យា​ចោល​តែ​ប៉ុណ្ណោះ ៖ "ខាង​ក្រសួង​គាត់​សន្យា​ថា ​ចុះ​ទៅជួយ​ពិនិត្យ​មើល​ផ្ទាល់​​ដី​នោះ ហើយ​គាត់​នឹង​មាន​វិធាន​ការ​​យ៉ាង​​ម៉េច យ៉ាង​​ម៉ា ឬ​ក៏​​ចំា​​មើល​​ខាង​​ថ្នាក់​​ស្រុក​ ថ្នាក់​ខេត្ត​គេ​ដោះ​​​ស្រាយ​ ក៏​ប៉ុន្តែ​​ចំពោះ​​ពួកខ្ញុំ​វិញ​ វា​អត់​មាន​ក្តី​សង្ឃឹមទេ ចំពោះ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត​ ពីព្រោះ​អីខ្ញុំ​ធ្លាប់​ពឹង​ពាក់គាត់​ប៉ុន្មាន​ដឹង​ហើយ​"។
ស្តាប់សំឡេង៖   
ពលរដ្ឋ​​ម្នាក់​​ទៀត ឈ្មោះ ណូរី ឲ្យ​​ដឹង​​ថា ពួក​​គេ​​ជាង ១ពាន់​​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​នេះ កំពុង​ជួប​ការ​ខ្វះ​ខាត​ខ្លាំង ដោយ​សារ​អត់​ដី​ធ្វើ​ស្រែ​ចម្ការ​គ្រប់​គ្រាន់ ហើយ​ពួក​គេ​ខ្លះ បាន​ដើរ​ស៊ី​ឈ្នួល​ដាំ​ដំណាំ​តាម​រដូវ និង​ខ្លះ​ទៀត ចង​ការ​ប្រាក់​គេ​រក​ស៊ី ដោយ​បាន​មួយ​ថ្ងៃ​ខ្វះ​មួយ​ថ្ងៃ ៖ "បើ​អស់​ចម្ការ​​ហើយ​ពិបាក​ ចិញ្ចឹម​កូន​​វេទនា បើ​គេ​​យ​កដី​​អស់​ ប្រជា​ពលរដ្ឋ​​អស់ ទំាង​​អស់​គ្នា​​អត់​ ខ្វះ​ខាត​​ទំាង​​អស់​​មិន​​ដឹង​​ធ្វើ​​ម៉េច​ បើ​តវ៉ា​ពី​គេ​ គេ​អត់​ឲ្យ​ កាប់​ដំឡូង​ទៅ ជួន​​កាល​​ខែ​ត្រពំាង​ ជីក​​ត្រពំា​ង​​ព្រៃ​ទៅ ខែត្រី រក​ត្រី​ទៅ​ បាន​គ្រាន់​​បាន​​ចិញ្ចឹម​ជីវិត​ មួយ​ថ្ងៃៗ​​រក​ រក​មួយ​ថ្ងៃ​រស់​មួយថ្ងៃ អត់​រស់មួយ​ថ្ងៃអត់​ទៅ កូន​ឈឺទៅអត់​ទៅ មា​ន​ប៉ា​រ៉ាលេបប៉ារ៉ា​ទៅ​ អត់​មាន​​អត់​ ថាចែក​ដី ចែក​ឲ្យ​វាគ្រាន់តែ​ថា តែគាត់អត់​ចែក​ឲ្យ​"។
មន្រ្តី​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី នគរ​រូប​នីយ​កម្ម និង​សំណង់ លោក ហុង សុជាតិ​ខេមរ៉ូ បដិ​សេធ​ឆ្លើយ​បំភ្លឺ​ពី​រឿង​នេះ និង​រុញ​ឲ្យ​សួរ​ទៅ​អគ្គ​នាយក​សុរិយោ​ដី និង​ភូមិ​សាស្រ្ត លោក សរ សុវណ្ណ តែ​លោក​ឆ្លើយ​ថា មិន​ទាន់​ដឹង​ច្បាស់​ពី​រឿង​នេះ​ឡើយ។   
ប៉ុន្តែ​ប្រធាន​ខុទ្ទ​កាល័យ​សាលា​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ឲ្យ​ដឹង​ថា តាម​ស្ថាន​ភាព​ជាក់​ស្តែង ដី​នៅ​តំបន់​នោះ​មាន​អ្នក​អាស្រ័យ​ផល​ផ្សេង ម្ល៉ោះ​ហើយ​មន្រ្តី​ថ្នាក់​ខេត្ត បាន​សម្រេច​ផ្ទេរ​ដី​សម្ប​ទាន​សង្គម​កិច្ច​នៅ​តំបន់​ផ្សេង​ទៀត ក្នុង​ឃុំកំ​ពង់​ដំរី ឲ្យ​ពលរដ្ឋ​​ទាំង ៩៩៨​គ្រួសារ​នោះ ដោយ​មួយ​គ្រួសារ​បាន ៣ហិក​តា ៖ "ដីនោះ​មិន​បាន​​បែង​​ចែក​​ជូន​​បងប្អូន​​ទេ គឺគាត់​ដោយ​សារ​មាន​​​គេ​អាស្រ័យ​ផល​នៅក្នុង​ហ្នឹង​ ការ​វាស់​វែង​​កន្លង​​មក​ គឺ​ក្រុម​ការ​ងារ​បាន​វា​ស់​ឲ្យ​អ្នក​អាស្រ័យ​ផល​ជាក់​ស្តែង​ អញ្ចឹង​បង​ប្អូន​ប្រជា​​ពលរដ្ឋ​៩៩៨​នេះ​ ថ្នាក់ខេត្ត​បាន​ទេ ទៅ​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​មួយ​ទៀត​នៅ​ក្នុង​ឃុំ កំពង់​​ដំរី យោង​តាម​អនុសាសន៍​សម្តេច​​នាយក​រដ្ឋ​មន្ត្រី តាមប្រព័ន្ធវីដេអូខនហ្វឺរ៉េន"។ ​
ប្រជាពលរដ្ឋ ឲ្យដឹងថា ពួកគេបានបង្កបង្កើនផលលើ​ដីចម្ការ ក្នុង​ឃុំ​ដំរី​ផុង ឃុំ​ខ្សាច់​អណ្តែត ឃុំ​ពង្រ និង​ឃុំ​ព្រែក​សាម៉ាន់ ស្រុក​ឆ្លូង តាំង​ពី​ឆ្នាំ​២០០៧ តែ​ក្រោយ​មក នៅ​ឆ្នាំ​២០១០ ក្រុម​ហ៊ុន​កាសូ​ទីម ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​​កម្ម​សិទ្ធិ​របស់​ឧកញ្ញា​ម្នាក់ ឈ្មោះ ឃួន ភីរុណ នេះ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ចម្ការ​ពលរដ្ឋ តែ​អាជ្ញាធរ​មិន​អាច​រារាំង​បាន​ឡើយ។ យោង​តាម​រយៈ​អនុ​ក្រឹត្យ​លេខ​៥៤ ចុះ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១២ ពលរដ្ឋ​អះ​អាង​ថា គណៈ​កម្ម​ការ​សម្ប​ទាន​សង្គម​កិច្ច​ថ្នាក់​ជាតិ បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច ទំហំ ៣៦៧១​ហិកតា ដល់​ពួក​គេ​កាន់​កាប់ ស្នាក់​នៅ និង​បង្ក​បង្កើន​ផល​ស្រប​ច្បាប់ កាល​ពី​ឆ្នាំ​២០១២។ តែ​ក្រុម​ហ៊ុន​កាសូទីម នៅ​តែ​បន្ត​សកម្ម​ភាព​យក​ដី​ពលរដ្ឋ៕

No comments:

Post a Comment