TUESDAY, 19 FEBRUARY 2013 ឆាយ ច័ន្ទនីដា
ភ្នំពេញៈ របាយការណ៍ប្រចាំឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញបានបង្ហាញថា ទីតាំងសំណង់បណ្តោះអាសន្នក្នុងរាជធានីសរុបមាន៥១១ទីតាំង គឺកើន៨ទីតាំង បើធៀបនឹងឆ្នាំ២០១១ ក្នុងនោះ ការតវ៉ាពីបញ្ហាសិទ្ធិមនុស្ស រួមទាំងអ្នកតវ៉ាក្នុងជម្លោះដីធ្លីមានការកើនឡើង។
របាយការណ៍ បូកសរុបការងារ ឆ្នាំ២០១២ និងលើកទិសដៅឆ្នាំ២០១៣ របស់សាលារាជធានីភ្នំពេញដែលផ្សព្វផ្សាយក្នុងសន្និបាតកាលពីថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញនៅសាលារាជធានីបង្ហាញពីការអនុវត្តសារាចរ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋដែលត្រូវទន្ទ្រាន កាន់កាប់ដោយខុសច្បាប់។
ទីតាំងបណ្តោះអាសន្នដែលសាលារាជធានីធ្វើជំរឿនសរុបជាង៥០០ទីតាំង មាន២៣.៥៤៦ ខ្នងផ្ទះ ( ថយចុះ១.៩៨៥ ខ្នងផ្ទះ ) មានទំហំដី៣.៦៤៣.៦២០ ម៉ែត្រក្រឡាដែលមានពលរដ្ឋចំនួន២៥.១៤២គ្រួសារ(កើន៤៧៤គ្រួសារ) ដែលមានប្រជាជនសរុប១០៥.៧៧១នាក់ (កើន ១៩.៩៦៤នាក់)។
របាយការណ៍ដដែលបង្ហាញថា ក្នុងឆ្នាំ២០១២ គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងវិវាទដីធ្លី ចំនួន ៦ករណី បន្ថែមលើបណ្តឹងសល់ពីឆ្នាំចាស់ចំនួន៦៩ករណី ក្នុងនោះអាជ្ញាធរដោះស្រាយរួច៥ករណី ច្រានចោល៨ ករណី ដកពាក្យ២ និងកំពុងដោះស្រាយ ៦០ករណី។
របាយការណ៍នេះ មិនបាននិយាយពីជម្លោះដីធ្លីនៅតំបន់ណានោះទេ មានតែករណីអ្នកសហគមន៍បុរីកីឡា ត្រូវបានលើកយកមកបង្ហាញក្នុងរបាយការណ៍ ដោយសរសេរថា ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា ដែលមានសិទ្ធិទទួលផ្ទះ និងចូលទៅរស់នៅក្នុងអគារទាំង៨ ដែលសាងសង់ដោយក្រុមហ៊ុនផានអ៊ីម៉ិចនោះ មានចំនួន ១.៣៨០ គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋបានចាប់ឆ្នោតឡើងទៅរស់នៅមានចំនួន១.៣២៨ គ្រួសារ នៅសល់៥២គ្រួសារទៀត(គ្រួសារនគរបាលចំនួន ២៤គ្រួសារ និងប្រជាពលរដ្ឋចំនួន២៨ គ្រួសារ)។
អាជ្ញាធរ ក៏បានផ្តល់ប័ណ្ណកម្មសិទ្ធិដល់ផ្ទះប្រជាពលរដ្ឋនិងដីជាលក្ខណៈ ដាច់ៗពីគ្នាមានចំនួន ៨៦៤ប័ណ្ណ គឺកើនឡើង១៩៧ ភាគរយ។
ទោះយ៉ាងណាសាលារាជធានី យល់ថា ការអនុវត្តនូវសារាចរ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋ ដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅរាជធានី ទីក្រុងនិងទីប្រជុំជន «មានភាពយឺតយ៉ាវ បង្កឲ្យមានការលំបាកដល់ការអភិវឌ្ឍទីក្រុង»។
ទាក់ទិននឹងការការពារសន្តិសុខ សាលារាជធានីបង្ហាញថា មានការប្រមូលផ្តុំធ្វើបាតុកម្មកូដកម្ម បាតុកម្មកើតមាន២០៦លើក(កើន៥៤លើក)ក្នុងនោះជាការតវ៉ាទាក់ទិន «សិទ្ធិមនុស្ស ច្បាប់ការងារ និងបញ្ហាទំនាស់ដីធ្លី»។
ការ តវ៉ាទាំងនោះ គឺសាលារាជធានី រកឃើញថា មានការធ្វើឡើងដោយគណបក្សនយោបាយប្រឆាំង១៨លើក (ថយចុះ ១លើក) ធ្វើឡើងដោយអង្គការសង្គមស៊ីវិល២៣លើក(កើន១៧លើក) ធ្វើឡើងដោយកម្មកររោងចក្រ៧៤លើក(កើន២២លើក) និងធ្វើឡើងដោយពលរដ្ឋ ៩១លើក(កើន១៦លើក)។
ការតវ៉ាទាំងនោះ ដែលរួមបញ្ចូលទាំងការតវ៉ាដីធ្លីនេះ ត្រូវបានសាលារាជធានីឲ្យដឹងថា គេបាន«ដោះស្រាយ សម្របសម្រួល និងបញ្ចប់ឲ្យមានភាពស្ងប់ស្ងាត់វិញ»។
ទោះជាមានការ បង្ហាញថាអាជ្ញាធរព្យាយាមសម្របសម្រួលជាមួយពលរដ្ឋ តំណាងពលរដ្ឋម្នាក់និយាយថា ការតវ៉ារឿងដីធ្លីរបស់សហគមន៍មានជម្លោះដីធ្លីម្តងៗ នៅរាជធានី ត្រូវបានរងការគំរាមកំហែងពីកម្លាំងមានសមត្ថកិច្ច ដោយបានប្រើហិង្សានិងគំរាមចាប់ឃុំជាដើម។
អ្នកស្រី ច្រាយ នីម អាយុ៣៤ឆ្នាំ ជាតំណាងពលរដ្ឋសហគមន៍ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ដែលអាជ្ញាធរបានប្រកាសថា នឹងត្រូវរុះរើឲ្យពលរដ្ឋចាកចេញដោយមិនមានសំណងឬសំណងតិចតួច ដើម្បីយកដីធ្វើការពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ ថ្លែងថា ពលរដ្ឋមករស់នៅទីនោះតាំងពីឆ្នាំ១៩៧៩មកដែលមានអ្នកខ្លះបានទិញ បន្តពីគេក្នុងឆ្នាំក្រោយៗ ហើយមានការទទួលស្គាល់ពីអាជ្ញាធរសង្កាត់និងខណ្ឌជាដើម។ ប៉ុន្តែនៅពេលរដ្ឋចង់ពង្រីកព្រលានយន្តហោះ រដ្ឋក៏ផ្តល់ដំណឹងឲ្យចាកចេញដោយមិនបានពិភាក្សាជាមួយពលរដ្ឋដែរ។
អ្នក ស្រីថ្លែងថា ៖ «ខ្ញុំឆ្ងល់ ពេលពលរដ្ឋរស់នៅតាំងពីយូរ និងលក់បន្តគ្នា ម៉េចក៏អាជ្ញាធរស៊ីញ៉េឲ្យ? តែពេលចង់បានដីនៅតំបន់យើង គេថាយើងរស់នៅខុសច្បាប់លើដីរដ្ឋ។ នេះយើងគ្រាន់តែតវ៉ាទាមទារនូវសិទិ្ធរស់នៅសមរម្យ ហើយឲ្យអាជ្ញាធរពិគ្រោះជាមួយពលរដ្ឋពីសំណងសមរម្យសិន មុននឹងបណ្តេញចេញ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងថាលោករវល់ប្រជុំ មិនអាចផ្តល់ការអធិប្បាយបានទេ កាលពីថ្ងៃចន្ទ ម្សិលមិញ។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេស អង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា លោកឆ្ងល់ចំពោះកំណើនសំណង់បណ្តោះអាសន្នដែលអាជ្ញាធរធ្វើជំរឿនបាន ព្រោះសារាចរ ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋ ដែលទើបចេញ ២ឆ្នាំកន្លងមកនេះ មានន័យថា បើអាជ្ញាធររកឃើញថា បានរស់នៅលើដីរដ្ឋ នោះគេនឹងមិនអនុញ្ញាតឲ្យរស់នៅទេ។ ប៉ុន្តែ លោកថា ការរកឃើញនោះ អាចជាទីតាំងយូរមកហើយ ដែលពលរដ្ឋបានចូលកាន់កាប់ តែពួកគេប្រឈមនឹងការមិនមានប័ណ្ណកម្មសិទ្ធិ ដែលជាភាពរងគ្រោះរបស់ពលរដ្ឋ។
លោក អំ សំអាត បានមានប្រសាសន៍ថា៖ «នេះជាការព្រួយបារម្ភរបស់លីកាដូយើង បើសិនអាជ្ញាធរចាត់ទុកពួកគាត់ថា រស់នៅបណ្តោះអាសន្ន នោះវាមានន័យថា ពួកគេនឹងត្រូវរងការបណ្តេញចេញនៅថ្ងៃណាមួយ ព្រោះពួកគាត់គ្មានប័ណ្ណកម្មសិទ្ធិ ដែលធ្វើឲ្យអាជ្ញាធរទាញគេចូលក្នុងករណីផ្អែកទៅលើសារាចរ ០៣ នេះ»៕
No comments:
Post a Comment