លោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជានឹងផ្តើមទស្សនកិច្ចលើកទី៩របស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី៨ធ្នូស្អែកនេះទៅ រហូតដល់ថ្ងៃទី១៥ធ្នូ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវបានសរសេរថា ក្នុងទស្សនកិច្ចនេះ អ្នករាយការណ៍ពិសេសនឹងពិនិត្យមើលសមិទ្ធិផលនៃការអនុវត្តិរបស់រដ្ឋាភិបាលនូវអនុសាសន៍របស់លោកលើវិស័យមួយចំនួនដែលជាប្រធានបទនៃ ទស្សនកិច្ចមុនៗរបស់លោក។ វិស័យទាំងនោះរួមមាន ការកែទម្រង់ប្រព័ន្ធតុលាការ សភា ការបោះឆ្នោត និងបញ្ហាសម្បទានដីសេដ្ឋកិច្ច។
គោលបំណងនៃដំណើរទស្សនកិច្ចលើកទី៩នៅកម្ពុជារយៈពេល៨ថ្ងៃនេះ ត្រូវបានប្រកាសអោយដឹងមុន នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ហើយក៏ជាសារប្រាប់រដ្ឋាភិបាលកម្ពុជាផង មុនលោកស៊ូរិយ៉ាមកដល់រាជធានីភ្នំពេញ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោក សូរិយ៉ា ស៊ូបេឌី បានថ្លែងថា៖«ដោយឈលើទស្សនៈវិស័យនៃការការពារសិទ្ធិមនុស្ស ខ្ញុំសូមទទូចដល់រដ្ឋាភិបាលកម្ពុជា វាយតម្លៃការរីកចំរើន និងឧបសគ្គ ឬផលលំបាកនៅក្នុងការអនុវត្តន៍អនុសាសន៍របស់ខ្ញុំ និងសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាក្នុងការរកមធ្យោបាយដោះស្រាយបញ្ហាទាំងនោះ»។
ក្នុងដំណើរទស្សនកិច្ចលើកទី៩នេះ លោកស៊ូបេឌីបានថ្លែងសង្ឃឹមថា លោកនឹងអាចបានចូលគាល់ព្រះមហាក្សត្រ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតក្នុងរដ្ឋាភិបាល។ លោក ស៊ូបេឌី ក៏មានគម្រោងជួបជាមួយអ្នកការពារសិទ្ធិមនុស្ស តំណាងសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។
គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេសបានមកបំពេញទស្សនកិច្ច៨លើកមកហើយ ចាប់តាំងពីលោកបានទទួលការតែងតាំងនៅក្នុងខែមិនាឆ្នាំ២០០៩។ កាលពីខែមិនាឆ្នាំ២០១១ លោកត្រូវបានអនុញ្ញាតអោយបន្តអណត្តិ២ឆ្នាំទៀត។
បញ្ហាសិទ្ធិមនុស្សនៅតែជាប្រធានបទដ៏រសើប និងប្រទាញប្រទង់រវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅតែសង្ស័យថា តើអ្នករាយការណ៍ពិសេសបំពេញការងារនៅកម្ពុជាក្នុងនាមជាដៃគូរបស់រដ្ឋាភិបាល ឬក៏ជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង? លោកស៊ូបេឌីវិញធ្លាប់អះអាងយ៉ាងម៉ឺងម៉ាត់ថា លោកគ្រាន់តែបំពេញការងារក្នុងអណត្តិជាអ្នករាការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីជីវភាពថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ៕
No comments:
Post a Comment