Tuesday, December 4, 2012

អ្នក​បឹង​កក់​បន្ត​តវ៉ា​​ទាមទារ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​២​នាក់



2012-12-03
អ្នក​ភូមិ​បឹង​កក់ នៅ​ព្រឹក​ថ្ងៃ​៣ ធ្នូ ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​ពីរ​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​ដាក់​គុក គឺ​អ្នកស្រី ទឹម សាក់មុន្នី និង​អ្នកស្រី យ៉ោម បុប្ផា និង​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ពួកគាត់។
RFA/Vichey Anandh
អ្នក​បឹង​កក់ អង្គុយ​សំពះ​អង្វរ​ក្រុម​សមត្ថកិច្ច​ឲ្យ​បើក​ផ្លូវ​ដើម្បី​ពួក​គេ​ដង្ហែ​ក្បួន​ចេញ​ពី​តំបន់​បឹង​កក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១២។
ស្រប​ពេល​ដែល​អ្នក​ភូមិ​បឹង​កក់​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​នេះ​ដែរ កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​ដាក់​របាំង​ការពារ​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់ ចេញ​ពី​ភូមិ​ដើម្បី​ដង្ហែ​ក្បួន​នេះ​បាន​នោះ​ទេ។
អ្នក​ភូមិ​ប្រមាណ ១០០​នាក់ អ្នក​ខ្លះ​លុតជង្គង់​សំពះ​សុំ​អង្វរ​កម្លាំង​សមត្ថកិច្ច​សុំ​ឲ្យ​បើក​ផ្លូវ​ឲ្យ​ពួក​គាត់។ រី​ឯ​អ្នក​ខ្លះ​ទៀត បាន​ឈរ​ស្រែក​តវ៉ា និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​នេះ។
សហគមន៍​នៃ​ភូមិ​បឹង​កក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) និង​សហគមន៍​នៃ​ភូមិ​ថ្ម​គោល ដែល​ស្ថិត​នៅ​ជាប់​លាន​យន្ត​ហោះ​អន្តរជាតិ ភ្នំពេញ បាន​នាំ​គ្នា​ជម្នះ​ការ​រារាំង​របស់​កង​កម្លាំង​សមត្ថកិច្ច ដើម្បី​ហែ​ក្បួន​យក​ញត្តិ​ពី​ភូមិ​បឹង​កក់ ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់។
បន្ទាប់​ពី​មាន​ការ​ដាក់​របាំង​រារាំង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច អ្នក​ភូមិ​បឹង​កក់ បាន​បំបែក​ក្បួន​លួច​រត់​ម្ដង​មួយៗ ទៅ​ជួប​ជុំ​គ្នា​ជាមួយ​សហគមន៍​ភូមិ​ថ្ម​គោល​អង្គុយ​នៅ​ខាង​មុខ​វិមាន​សន្តិភាព។
អ្នក​ភូមិ​ជាង ៥០ នាក់ បាន​អង្គុយ​បត់​ជើង​លើក​ដៃ​សំពះ និង​ស្រែក​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​យក​ញត្តិ និង​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ព្រម​ទាំង​សុំ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន ២ នាក់ គឺ​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ និង​អ្នក​ស្រី ទឹម សាក់មុន្នី សកម្មជន​តំបន់​បូរី​កីឡា។
តំណាង​សហគមន៍​មក​ពី​តំបន់​បឹង​កក់ អ្នកស្រី ហេង មុំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៣ ធ្នូ​ថា គោល​បំណង ដែល​អ្នក​ភូមិ​យក​ញត្តិ​មក​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ភូមិ​បឹង​កក់។ អ្នកស្រី​ថ្លែង​បន្ត​ថា ការ​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ឮ​ប្រសាសន៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស។
អ្នកស្រី ហេង មុំ៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​រងគ្រោះ​ពិត​ប្រាកដ ខ្ញុំ​នឹង​ឈរ​នៅ​ទីនេះ ដើម្បី​ថ្លែង​ពី​ទុក្ខ​សោក​របស់​ខ្ញុំ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​ដឹកនាំ​ដ៏​ឈ្លាស​វៃ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​ជឿជាក់​ថា សម្ដេច​មិន​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ពួក​ខ្ញុំ​រង​ទុក្ខ​បន្ត​ទៅ​មុខ​ទៀត​ទេ គាត់​នឹង​ដោះស្រាយ​នៅ​ពេល​គាត់​បាន​ឮ»។
កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី ៣ នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន​ថា លោក​នឹង​សហការ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ឡាយ ដែល​ប៉ង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ពិត​ប្រាកដ។
ទាក់ទង​នឹង​សកម្មភាព​បាតុកម្ម​នេះ អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជិត ១០០ នាក់ អ្នក​ខ្លះ​បាន​នាំ​គ្នា​លុត​ជង្គង់​សំពះ​កង​កម្លាំង​សមត្ថកិច្ច ដែល​បាន​ដាក់​របាំង​បិទ​ផ្លូវ ហាម​ឃាត់​ពួក​គាត់​នោះ សុំ​ឲ្យ​បើក​ផ្លូវ។ ប៉ុន្តែ កង​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ ហាក់​មិន​អើពើ​ទៅ​នឹង​កាយ​វិការ​អង្វរករ​របស់​អ្នក​ភូមិ​នោះ​ឡើយ។ យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​បាន​នាំ​គ្នា​បំបែក​ក្បួន និង​លួច​ចេញ​ម្ដង​មួយៗ ទៅ​ជួប​ប្រជុំ​គ្នា​ជាមួយ​អ្នក​ភូមិ​ថ្ម​គោល នៅ​មុខ​វិមាន​សន្តិភាព ដែល​មាន​ចំនួន​ជាង ៥០នាក់។
ដោយ​ឡែក ពាក់ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​របស់​សហគមន៍​ទាំង ២ នេះ តំណាង​សហគមន៍​ចំនួន ៦ នាក់ ដែល​បាន​ចូល​ជួប​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ចំនួន ២ នាក់ គឺ​លោក ប៊ុន អ៊ុយ និង​លោក ជា វ៉ាន់ដេត ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​ពីរ​នាក់​នោះ បាន​ទទួល​យក​ញត្តិ​សហគមន៍​ទាំង​ពីរ​រួច​ហើយ ដោយ​សន្យា​ថា ពួក​គាត់​នឹង​ព្យាយាម​នាំ​យក​ញត្តិ​នោះ ទៅ​ដល់​ដៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ឆ្លើយ​តប​នឹង​ការ​សន្យា​របស់​មន្ត្រី​ទាំង​ពីរ​រូប​នេះ តំណាង​សហគមន៍​អះអាង​ថា ពួក​គាត់​នឹង​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​ការ​ប្ដេជ្ញា​របស់​មន្ត្រី​រដ្ឋាភិបាល​ជា​ថ្មី​ម្ដង​ទៀត។ ប៉ុន្តែ អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​ការ​ដាក់​ញត្តិ​លើក​នេះ ត្រូវ​បាន​អូស​បន្លាយ​ពេល​វេលា​យូរ ហើយ​ស្ងាត់​មិន​ឃើញ​ឆ្លើយ​តប​ដូច​លើក​មុនៗ ទៀត ពួក​គាត់​នឹង​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​វិមាន​សន្តិភាព​ជា​រៀងរាល់​ថ្ងៃ។
បញ្ហា ដែល​នាំ​ឲ្យ​សហគមន៍​នាំ​គ្នា​ដើរ​តវ៉ា​នេះ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​ដោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ពលរដ្ឋ។ កាល​ពី​ថ្ងៃ​ទី ២៥ កក្កដា ឆ្នាំ ២០១២ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ស្ដីពី​ការ​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​រាប់​រយ​ខ្នង ដោយ​ឥត​ផ្ដល់​សំណង ដែល​ស្ថិត​នៅ​ភូមិ​ថ្ម​គោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ពង្រីក​ព្រះលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ ចំណែក បញ្ហា​ជម្លោះ​ដីធ្លី​របស់​អ្នក​ភូមិ បឹង​កក់​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ កើត​ឡើង​ចាប់​ពី​ឆ្នាំ ២០០៧ ដោយសារ​តែ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី និង​លំនៅឋាន​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ៕

No comments:

Post a Comment