Tuesday, December 11, 2012


សមត្ថកិច្ច ​ឃាត់ខ្លួន​​សកម្ម​ជន​​ម្នាក់​ និ​​ងគំរាម​​​សកម្ម​​​ជន​ម្នាក់​​​​ទៀត​​​​​

បោះពុម្ព
bkk-borikila-in-human-rights-day-oudom
ការ​រារាំងដាក់ញត្តិរបស់​​សហ​គមន៍​ដីធ្លី ​ពី​សំណាក់​សមត្ថកិច្ចរាជធានីភ្នំ​ពេញ (រូប​ថត តាត ឧត្តម)
សកម្មជន​សិទ្ធិ​មនុស្សម្នាក់​ ត្រូវ​បាន​ឃាត់ខ្លួន ​និង​សកម្មជន​ផ្សេង​ទៀត ​ត្រូវ​បាន​គំរាម​​​កំហែង ​ពីកម្លាំង​​សមត្ថកិច្ច ​នៅក្បែរ​វិមាន​សន្តិភាព ព្រឹកថ្ងៃ​ចន្ទ​នេះ ​ដែល​ជាទិវាសិទ្ធិ​មនុស្សអន្តរ​ជាតិ​ ១០​ធ្នូ។
មន្រ្តី​ពង្រឹង​អំណាច​ខាង​សិទ្ធិ​លំនៅ​ដ្ឋាន លោក ណើប លី ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ប្រាប់​VOD​ថា លោក​បាន​ថត​សកម្ម​ភាព​ផ្សេងៗ​សម្រាប់​ទិវា​សិទ្ធិ​មនុស្ស​នេះ ស្រាប់​តែ​ស្នង​ការ​រាជ​ធានី​ភ្នំ​ពេញ លោក ជួន សុវណ្ណ បញ្ជា​ឲ្យ​កម្លាំង​សមត្ថ​កិច្ច​ចាប់​ខ្លួន​លោក ៖ "ខ្ញុំ​គិត​ថា​វា​ ការ​បិទ​សិទ្ធិ​សេរី​ភាព បំភិត​បំភ័យ​ចំពោះ​អ្នក​​ឃ្លាំ​មើលការ​រំលោភ​សិទ្ធិ​មនុស្ស​ ព្រោះ​អី​ខ្ញុំ​ដូច​ជា​បុគ្គលិក​អង្គការ​ផ្សេង​ៗ​ទៀត​ដែរ ដែល​ចុះ​មើល​ការ​តវ៉ា​របស់​អ្នក​ស្រុក​ ជា​ធម្មតា ពេល​អ្នក​ស្រុកចេញ​តវ៉ា​ ពួក​ខ្ញុំ​តែង​​តែ​ចុះ​ឃ្លាំ​មើល​អី ក្រែង​លោ​​មាន​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​អី"។
ស្តាប់សំឡេង៖    
នៅក្នុង​ព្រឹត្ត​ការណ៍​ព្រឹក​មិញ​នេះ​ផង​ដែរ មន្ត្រី​សិទ្ធិ​លំនៅ​ដ្ឋាន កញ្ញា ឡុង គឹម​ហ៊ាង រង​ការ​គំរាម​ពី​សមត្ថ​កិច្ច។ កញ្ញា បន្ត​ថា រាជ​រដ្ឋាភិ​បាល​បាន​ដាក់​កម្លាំង​សមត្ថ​កិច្ច​ជា​ច្រើន ដើម្បី​ចាត់​ការ​ប្រជា​ពលរដ្ឋ​ទន់​ខ្សោយ ៖ "ក្នុង​នាម​ខ្ញុំ​ជាមន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ខ្ញុំ​ធ្វើ​ការ​ងារ​របស់​ខ្ញុំ​តាម​តួនាទី ដែល​ខ្ញុំ​ធ្វើការ​ឃ្លាំ​មើល​ទៅ​នឹង​សកម្មភាព​ទាំង​ឡាយ ដែល​ប្រជា​ពលរដ្ឋ​គាត់​ធ្វើ​ និង​សកម្ម​ភាពទាំង​ឡាយ ដែល​ប្រើ​ប្រាស់​​ហិង្សា ឬក៏​រំលោភ​បំពាន​ដោយ​អាជ្ញា​ធរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ឬ​ត្រូវ​បាន​ប៉ូលិស​ដែល​មាន​ពាក់​ស័ក្តិ​ហ្នឹង​ គាត់​បាន​មក​គំរាម​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​ថត​ដោយ​ស្តី​ឲ្យខ្ញុំ ដោយ​គាត់​ប្រើថា ចាំ​មើល​ ចាំ​ទុក​ ខ្ញុំ​យល់​ថា វា​ជា​ការ​គំរាម​កំហែង និង​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ មក​លើ​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ងារ​របស់​ខ្លួន"។
តំណាង​អ្នក​ភូមិ​បឹង​កក់​អ្នក​ស្រី ទេព វន្នី មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​តវ៉ា​នោះ​ថា ប្រទេស​កម្ពុជា​មិន​បាន​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ដែល​អាជ្ញាធរ​តែង​តែ​បង្រ្កាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ៖ "ប្តឹង​ឲ្យ​ប្រទេស​ បណ្តា​ពិភពលោក​ទាំង​អស់ ដែល​​កាន់​នូវ​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​ និង​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ពលរដ្ឋ​គ្រប់​ប្រទេស​ទាំង​អស់​ មេត្តា​ជួយ​ជំរុញ​ដាច់​ខាត​ ឲ្យ​បាន​ចាត់វិធាន​ការ​ទៅ​លើ​​​ប្រទេស​កម្ពុជា ឲ្យមាន​ការគោរព​សិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ចាប់​ពី​ខួប​លើក​ទី​៦៤​នេះ​តទៅ​"។
​គួរ​បញ្ជាក់​ថា នៅព្រឹក​ថ្ងៃចន្ទ ទី១០ ខែធ្នូនេះ ​គឺជា​ទិវា​សិទ្ធិ​មនុស្ស ​១០ធ្នូ ខួប​លើក​ទី៦៤។ ក្រុមស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ផ្សេងៗ​​​គ្នា ធ្វើ​ពិធី​​រាប់​បាត​​នៅ​តំបន់​បឹងកក់ ​បន្ទាប់​មក​ពួកគេ​ប្រមាណ​ជា ១០០​​នាក់​ បាន​ដង្ហែ​ញត្តិ​ទៅដាក់​នៅវិមាន​សន្តិភាព​​ដើម្បី​​សុំ​​ឲ្យ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោះស្រាយ​រឿង​ដីធ្លី​ និង​​ដោះលែង​សកម្មជន​​ដីធ្លី​​របស់​​ពួកគេ ​តែត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច​ដាក់​កម្លាំង​​យ៉ាង​តឹងតែង​​ធ្វើ​ឲ្យ​​មាន​​ការ​ប៉ះ​​ទង្គិច​​គ្នា​ស​ន្លប់​​ស្តី្រម្នាក់៕​

No comments:

Post a Comment