Tuesday, December 11, 2012


សមត្ថកិច្ច​រារាំង​ក្រុម​សហគមន៍​បឹង​កក់​មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​​​វិមាន​សន្តិភាព

2012-12-10
ក្រៅ​តែ​ពី​និមន្ត​ព្រះសង្ឃ​ច្រើន​អង្គ​មក​សូត្រ​មន្ត​រំដោះ​គ្រោះ និង​លើក​រាសី ក្រុម​សហគមន៍​បឹង​កក់​ប្រមាណ​ជាង ១០០​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​វិមាន​សន្តិភាព ដើម្បី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ឲ្យ​ពួកគេ។
RFA/Tep Soravy
១០-ធ្នូ-២០១២៖ សមត្ថកិច្ច​រារាំង​ក្រុម​សហគមន៍​បឹង​កក់ មិន​ឲ្យ​ហែ​ក្បួន​ទៅ​វិមាន​សន្តិភាព នៅ​ក្បែរ​ស្ថានីយ​រថភ្លើង។
ទោះ​ជា​យ៉ាង​ណា ​ក្បួន​ដង្ហែ​របស់​ក្រុម​សហគមន៍​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ជិត ៥០០​នាក់ ដាក់​បារាស​គ្រប់​ច្រក​ល្ហក​ជា​ច្រើន​ថ្នាក់ រារាំង​ដំណើរ​ក្បួន​ដង្ហែ​នោះ រហូត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ ដែល​ធ្វើ​ឲ្យ​តំណាង​ស្ត្រី​បឹង​កក់​ម្នាក់​ដួល​សន្លប់ និង​ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់។
សមត្ថកិច្ច​ចម្រុះ​នៅ​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ច្រើន​រយ​នាក់ រារាំង និង​បង្ក្រាប​ក្រុម​បាតុករ​ជា​សហគមន៍​បឹង​កក់ មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​ឯ​វិមាន​សន្តិភាព នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២។
អ្នក​ភូមិ​បឹង​កក់ និង​សហគមន៍​ផ្សេង​ទៀត​ដែល​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជាង ១០០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​រយ​នាក់ ដាក់​បារាស​រារាំង​អ្នក​បឹង​កក់ នៅ​ជិត​វិហារ​ចាម។ អ្នក​ភូមិ​បាន​ដក​ថយ និង​បង្វែរ​គេច​ទៅ​ច្រក​ចេញ​មួយ​ទៀត នៅ​ជិត​ពេទ្យ​កាល់ម៉ែត ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បន្ត​រារាំង​ដំណើរ​ក្បួន​របស់​ពួកគេ​ដដែល។ ក្រុម​សហគមន៍​ខ្លះ​បាន​រត់​គេច​ពី​ការ​ដេញ​ចាប់​របស់​សមត្ថកិច្ច​សំដៅ​ទៅ​មុខ​វិមាន​សន្តិភាព។
ទោះ​ជា​យ៉ាង​ណា មាន​តំណាង​សហគមន៍​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​មុខ​ស្ថានីយ​រថភ្លើង ហើយ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង ដាក់​កម្លាំង​រារាំង​ជា​ថ្មី​ម្ដង។
ម្ដង​នេះ​សមត្ថកិច្ច​ជិត ១០០​នាក់​បាន​ប្រើ​កម្លាំង​បាយ​ដោយ​រុញ​ច្រាន​ស្រ្តីៗ​ជា​តំណាង​អ្នក​បឹងកក់ នៅ​ពេល​ដែល​អ្នក​បឹងកក់ រុល​ចូល​បំបែក​ហ្វូង​ក្រុម​សមត្ថកិច្ច។ សមត្ថកិច្ច​បាន​វាយ​ទៅ​លើ​តំណាង​សហគមន៍ និង​រុញ​ច្រាន​រហូត​ឲ្យ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី បូ ឆវី ដួល​សន្លប់។ អ្នកស្រី បូ ឆវី ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ។
អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ ចាត់​ទុក​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​មក​លើ​ពលរដ្ឋ​សហគមន៍ ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា ប្រទេស​កម្ពុជា គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។
ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​ឃ្លាំ​មើល​ផ្ទាល់​ចំពោះ​ហេតុការណ៍​នេះ សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដង្ហែ​ក្បួន និង​ជា​ការ​បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។
កញ្ញា ឡុង គឹមហៀង មន្ត្រី​ព័ត៌មាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ចាត់​ទុក​ថា ទង្វើ​របស់​សមត្ថកិច្ច​ជា​ការ​មិន​គោរព​សិទ្ធិ​មនុស្ស លើស​ពី​នោះ​បាន​ធ្វើ​ផ្គើន​ទៅ​នឹង​សំណើ​របស់​សហគមន៍​អន្តរជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ មន្ត្រី​ឃ្លាំមើល​រូប​នេះ បន្ថែម​ថា រដ្ឋាភិបាល​កំពុង​បង្ហាញ​អំណាច​មួយ​ដែល​បង្ហាញ​ទៅ​ពលរដ្ឋ​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​ប៉ះពាល់​ដល់​គាត់​បាន។
អធិការ​រង​ខណ្ឌ​ដូនពេញ លោក ញ៉ែម សៅណុល មិន​បាន​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ដាក់​កម្លាំង​រារាំង​តំណាង​សហគមន៍ ធ្វើ​ឡើង​តាម​បទបញ្ជា​ពី​ថ្នាក់​លើ។
ក្រុម​សហគមន៍​បឹងកក់ បាន​រំសាយ​ក្រុម​បាតុករ​នៅ​ជិត​ស្ថានីយ​រថភ្លើង នៅ​វេលា​ម៉ោង​ជិត ១១​ថ្ងៃ​ត្រង់។ ប៉ុន្តែ​មុន​នឹង​បំបែក​ហ្វូង​បាតុករ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន​ម្នាក់ គឺ​លោក ណើប លី ទៅ​ប៉ុស្តិ៍​នគរបាល​ស្រះចក បន្ទាប់​ពី​លោក ណើប លី បាន​ថត​រូប​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ជជែក​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល។ ទោះ​ជា​យ៉ាង​ណា លោក ណើប លី ត្រូវ​បាន​ដោះលែង​វិញ​នៅ​បន្ទាប់​ពី​សមត្ថកិច្ច​ស្រះចក បាន​ព្រមាន​ថា មុន​នឹង​ថត​រូប​ថ្នាក់​ដឹកនាំ​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment