

ក្រុមមន្ដ្រីសង្គមស៊ីវិល និងតំណាងសហគមន៍ដែលមានជម្លោះដីធ្លីបាន សម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថាកុំឱ្យតំណាងរាស្ដ្រមកពីគណបក្សនយោបាយនានា និងសង្គមស៊ីវិលចូល រួមឈឺឆ្អាលជាមួយប្រជាសហគមន៍ទាំងនោះ ។ ក្រុមមន្ដ្រីសង្គមស៊ីវិល និងតំណាងប្រជាសហគមន៍រងគ្រោះបានរិះគន់ថា ការលើកឡើងរបស់ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាលអាចនាំឱ្យមានការ បែងចែកបក្ខពួកនៅក្នុងសង្គម ។តំណាងសហគមន៍មានជម្លោះដីធ្លី និងមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលបានទទួលស្គាល់ថា ការប្រកាសរបស់នាយក រដ្ឋមន្ដ្រី ហ៊ុន សែន ថានឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាសហគមន៍ គឺ ជាដំណឹងល្អដែលឆ្លើយតបតាមការរង់ចាំរបស់ប្រជាពលរដ្ឋរងគ្រោះ ប៉ុន្ដែរដ្ឋាភិបាលគួរចាត់ទុកសង្គមស៊ីវិល និងអ្នកនយោបាយទាំងអស់មក ពីគ្រប់គណបក្សជាដៃគូក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ មាន ន័យថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនគួរ ចាត់ទុកគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលជាសត្រូវទេ ព្រោះគណ បក្សប្រឆាំង និងក្រុមសង្គមស៊ីវិលក៏មានភារកិច្ច និងតួនាទីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាលដែរ ។
តំណាងប្រជាពលរដ្ឋរងគ្រោះតំបន់បឹងកក់បានរិះគន់ថា ការលើក ឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលហាមអ្នកនយោបាយ និង មន្ដ្រីសង្គមស៊ីវិលកុំឱ្យចូលរួមដោះស្រាយបញ្ហារបស់ប្រជាសហគមន៍នោះ ជាបញ្ហាគួរឱ្យព្រួយបារម្ភ ព្រោះអីការលើកឡើងនោះអាចនាំឱ្យមន្ដ្រីនៃ អង្គការសង្គមស៊ីវិល និងតំណាងរាស្ដ្រពីគណបក្សនយោបាយនានាខក ចិត្ដចំពោះអ្វីដែលពួកកាត់ខិតខំជួយប្រទេសជាតិឱ្យមានការអភិវឌ្ឍ ។ ក្រុមសង្គមស៊ីវិល និងតំណាងរាស្ដ្រពីគណបក្សនយោបាយនានាមិនអាច ទទួលយកបានទេ នៅពេលដែលទទួលរងនូវការចោទប្រកាន់ពីសំណាក់ រដ្ឋាភិបាលថា ពួកគាត់ជាអ្នកបង្កឱ្យមានជម្លោះដីធ្លីរីករាលដាលកាន់តែ ធំទៅវិញ ។ ជាការពិតអង្គការសង្គមស៊ីវិល និងតំណាងរាស្ដ្រគណបក្ស ប្រឆាំងបានជួយដល់សហគមន៍ប្រជាពលរដ្ឋរងគ្រោះយ៉ាងច្រើន តាម រយៈការផ្ដល់ចំណេះដឹងផ្លូវច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋស្គាល់ពីសិទ្ធិ រស់នៅ និងចេះការពារសិទ្ធិរបស់ខ្លួនកុំឱ្យក្រុមហ៊ុនរំលោភបំពានស្រេច តែអំពើចិត្ដ ។ ការជួយជ្រោមជ្រែងរបស់ក្រុមសង្គមស៊ីវិល និងគណ បក្សប្រឆាំងជារឿងមិនអាចខ្វះបានឡើយសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ដែលរងគ្រោះដោយសារការបណ្ដេញចេញពីដីធ្លី ទីជម្រក ។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យដែលតាមដានបញ្ហាជម្លោះដីធ្លីនៅ ក្នុងប្រទេសកម្ពុជា បានលើកឡើងថា កន្លងមកសកម្មភាពតវ៉ាផ្សេងៗ របស់ប្រជាសហគមន៍ដែលកើតឡើងជាញឹកញាប់នោះ ដោយសារពួក គាត់មានបំណងឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងសុំឱ្យ រដ្ឋាភិបាលចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋជាបញ្ហាអាទិភាពមុននឹងគិត ដល់បញ្ហាដទៃទៀត ។ ក៏ប៉ុន្ដែកន្លងមករដ្ឋាភិបាលដឹកនាំដោយលោកនា យករដ្ឋមន្ដ្រី ហ៊ុន សែន មិនបានយកចិត្ដទុកដាក់ឱ្យបានត្រឹមត្រូវចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបណ្ដេញចេញពីដីធ្លី លំនៅ ដ្ឋានយ៉ាងអយុត្ដិធម៌នោះទេ ។ ជាក់ស្ដែងរហូតមកដល់ពេលនេះប្រជា ពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់ ក៏ដូចជានៅសហគមន៍បុរីកីឡា និង តំបន់ដទៃទៀតព្យាយាមសុំអន្ដរាគមន៍ពីរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីឱ្យ មានដំណោះស្រាយសមស្រប ដែលពួកគាត់អាចទទួលយកបាន ក៏ប៉ុន្ដែ រដ្ឋាភិបាលធ្វើមិនដឹងមិនឮចំពោះការទាមទារនោះទេ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបណ្ដោយឱ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនស៊ូកា គូអ៊ីនរបស់មេឈ្មួញ ឡាវ ម៉េងឃីន និងក្រុមហ៊ុនផានអ៊ីម៉ិចរបស់មេ ឈ្មួញ ស៊ុយ សុផាន ធ្វើបាបប្រជាពលរដ្ឋតាមអំពើចិត្ដ ហើយប្រព័ន្ធ តុលាការពុករលួយចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងងងើល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ នាយករដ្ឋ មន្ដ្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋនៅខេត្ដព្រះវិហារ បានបញ្ជាក់ថា ខ្លួននឹងមិនដោះ ស្រាយបញ្ហាដីធ្លីទាំងឡាយណាដែលមានអ្នកនយោបាយ និងសង្គមស៊ី វិលចូលរួមឈឺឆ្អាលនោះទេ ព្រោះអ្នកនយោបាយ និងមន្ដ្រីសង្គមស៊ីវិល ទាំងនោះបង្កឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយលើបញ្ហាដីធ្លី ។ ប្រ តិកម្មទៅនឹងសំដីរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះ ក្រុមមន្ដ្រី សង្គមស៊ីវិលក្នុងប្រទេសកម្ពុជាមួយចំនួនបានបង្ហាញនូវការខកចិត្ដ ហើយ រិះគន់ថា ការលើកឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន អាចនាំឱ្យមាន ការបែងចែកបក្ខពួកនៅក្នុងសង្គម ព្រោះការលើកឡើងនោះជាការជំ រុញឱ្យមានការរើសអើងរវាងពលរដ្ឋ មាននិន្នាការទៅរកគណបក្សកាន់ អំណាចជាមួយសង្គមស៊ីវិល និងគណបក្សប្រឆាំង ។ ក្រុមមន្ដ្រីសង្គមស៊ី វិលបានរិះគន់ថា ការលើកឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន បង្ហាញពីការមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ដ ព្រោះបញ្ហាទាំងនោះបណ្ដាលមកពីរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលមានរយៈពេលវែងទៅឱ្យក្រុមហ៊ុនវិនិយោគ ។
ក្រុមអ្នកវិភាគឯករាជ្យបានវែកញែកថា ការចោទប្រកាន់អង្គការ ក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងថាជាអ្នកធ្វើឱ្យរដ្ឋាភិបាលពិបាក ដោះស្រាយបញ្ហាដីធ្លីនោះជារឿងមិនត្រឹមត្រូវឡើយ ព្រោះអ្វីដែលអង្គ ការក្រៅរដ្ឋាភិបាល ឬតំណាងរាស្ដ្រគណបក្សប្រឆាំងបានធ្វើ គឺជាការ ចូលរួមចំណែកធ្វើយ៉ាងណាឱ្យប្រជាសហគមន៍រងគ្រោះដោយសារបញ្ហា ដីធ្លីចេះការពារខ្លួនតាមផ្លូវច្បាប់ កុំឱ្យមានការរំលោភបំពានពីសំណាក់ អាជ្ញាធរដែលមិនគោរពច្បាប់ និងក្រុមហ៊ុនប្រើអំណាចរំលោភយកដីធ្លី ប្រជាពលរដ្ឋ ។ ក្រុមអ្នកវិភាគឯករាជ្យបានសង្កត់ធ្ងន់ថា សំដីរបស់នា យករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានធ្វើឱ្យប្រជាពល រដ្ឋមានការសោយស្ដាយ មានការខកចិត្ដ ព្រោះនាយករដ្ឋមន្ដ្រីហាក់ដូច ជាមានការរើសអើង និងមិនឱ្យតម្លៃប្រជាពលរដ្ឋរបស់ខ្លួន ។ ដូច្នេះនា យករដ្ឋមន្ដ្រី ហ៊ុន សែន គួរតែទទួលស្គាល់ការពិត ជាពិសេសបញ្ហា ជម្លោះដីធ្លីដែលកើតឡើងនៅក្រោមពាក្យអភិវឌ្ឍន៍ និងការផ្ដល់ដីសម្ប ទានសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ។ នាយករដ្ឋ មន្ដ្រី ហ៊ុន សែន មិនអាចវាយប្រហារទៅលើក្រុមសង្គមស៊ីវិល និងគណ បក្សប្រឆាំងបានទេ ព្រោះសង្គមស៊ីវិល និងគណបក្សប្រឆាំងពុំមានសិទ្ធិ ផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឡើយ ។
តំណាងរាស្ដ្រគណបក្សប្រឆាំងដែលតែងតែជួយឈឺឆ្អាលចំពោះប្រ ជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីបានលើកឡើងថា បញ្ហា ជម្លោះដីធ្លីជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលបាន ទទួលនូវការជឿទុកចិត្ដពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួន តាមរយៈការ បោះឆ្នោត ។ លើសនេះទៅទៀតតំណាងរាស្ដ្រគ្រប់គណបក្សនយោ បាយសុទ្ធតែមានសិទ្ធិចុះជួយប្រជាពលរដ្ឋរបស់ខ្លួនដែលមានបញ្ហា និង ទុក្ខលំបាកមិនថាពួកគាត់រស់នៅក្នុងតំបន់ណា ឬទីកន្លែងណានោះទេ ។ ម្យ៉ាងទៀតអ្នកនយោបាយទាំងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំងគួររួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនឱ្យមានការរីក ចំរើនទៅមុខ ជាជាងចាត់ទុកគ្នាជាសត្រូវនាំឱ្យប៉ះពាល់ទៅដល់ផល ប្រយោជន៍ជាតិ ។ អាចនិយាយបានថា រដ្ឋាភិបាលដឹកនាំដោយនាយក រដ្ឋមន្ដ្រី ហ៊ុន សែន គួរទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនក្នុងការបណ្ដោយ ឱ្យជម្លោះដីធ្លីកើតឡើងយ៉ាងពេញបន្ទុក ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា គ្មានទីបញ្ចប់ ។ លើសនេះទៅទៀតរដ្ឋាភិបាលត្រូវទទួលស្គាល់ថា គណ បក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំ មើលការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលផងដែរ៕
No comments:
Post a Comment