សង្គមស៊ីវិលប្រតិកម្មតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី
http://www.youtube.com/watch?v=l-o88_i-syY&feature=youtu.be
ដោយ វិជ័យ អានន្ទ 2012-11-25 RFA
សង្គមស៊ីវិល និងតំណាងសហគមន៍មានជម្លោះដីធ្លី សម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រី ថាកុំឲ្យតំណាងរាស្ត្រមកពីបក្សនយោបាយ និងសង្គមស៊ីវិល ចូលរួមឈឺឆ្អាលជាមួយនឹងប្រជាសហគមន៍ទាំងនោះ។
មន្ត្រីសង្គមស៊ីវិល និងតំណាងប្រជាសហគមន៍ទាំងនោះអះអាងថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីដូច្នោះ អាចនាំឲ្យមានការបែងចែកបក្សពួកនៅក្នុងសង្គម។
តំណាងសហគមន៍មានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិលលើកឡើងថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីថា នឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាសហគមន៍គឺជាដំណឹងល្អ ដែលឆ្លើយតបការទន្ទឹងរង់ចាំរបស់ពួកគាត់។ ប៉ុន្តែពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាលចាត់ទុកសង្គមស៊ីវិល និងអ្នកនយោបាយទាំងអស់មកពីគ្រប់គណបក្ស ជាដៃគូក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។
អ្នកស្រី ទេព វន្នី ឲ្យដឹងថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលកុំឲ្យចូលរួមដោះស្រាយបញ្ហារបស់ប្រជាសហគមន៍ នោះ ជាបញ្ហាគួរឲ្យព្រួយបារម្ភ ព្រោះថា ការលើកឡើងនោះអាចនាំឲ្យមន្ត្រីនៃអង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រនៃបក្សនយោបាយនានា ខកចិត្តចំពោះអ្វីដែលពួកគាត់ខិតខំជួយលើកស្ទួយប្រទេសជាតិឲ្យមាន ការអភិវឌ្ឍ។ ផ្ទុយទៅវិញ ការខិតខំរបស់ពួកគាត់ត្រូវរងការចោទពីសំណាក់រដ្ឋាភិបាលថា ពួកគាត់ជាអ្នកបង្កឲ្យមានជម្លោះដីធ្លីរីកសាយកាន់តែធំទៅវិញ។
អ្នកស្រីបញ្ជាក់ថា កន្លងមកមន្ត្រីអង្គការសង្គមស៊ីវិលបានជួយដល់ប្រជាសហគមន៍យ៉ាង ច្រើន តាមរយៈការផ្ដល់ចំណេះផ្លូវច្បាប់ ដែលធ្វើឲ្យពលរដ្ឋស្គាល់ពីសិទ្ធិ និងចេះការពារសិទ្ធិសេរីរបស់ខ្លួនកុំឲ្យក្រុមហ៊ុនរំលោភបំពានតាម អំពើចិត្ត។
អ្នកស្រី ទេព វន្នី៖ «ដោយសារតែមានការអប់រំ ពន្យល់ឲ្យមានការយល់ដឹងពីសិទ្ធិ ពីច្បាប់ទៅដល់ប្រជាជន ទៅដល់សហគមន៍អ៊ីចឹងទៅ ដូចជាក់ស្ដែងបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់អី គឺយើងពិចារណាបានវែងឆ្ងាយ យើងអត់គិតខ្លីទេ ហើយប្រើការទាមទារដោយសន្តិវិធី យើងប្រើតាមសិទ្ធិច្បាប់ដែលយើងមាន ដែលយើងអាចទទួលយកបាន។ គឺជាចំណែកមួយដ៏ធំសម្រាប់អង្គការដែលគាត់បានចូលរួមជួយដល់ រដ្ឋាភិបាល ដល់សង្គម ដល់ប្រជាជនដែលគាត់អត់យល់ដឹងនោះ ចៀសវាងការប្រើអំពើហិង្សា ការតបតហិង្សាទៅវិញទៅមកធ្វើឲ្យមានការចលាចលនោះណា»។
ទោះយ៉ាងណាអ្នកស្រី ទេព វន្នី មានប្រសាសន៍ថា សកម្មភាពតវ៉ាផ្សេងៗរបស់ប្រជាសហគមន៍ដែលធ្វើឡើងជារឿយៗនោះ ដោយសារពួកគេមានបំណងឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ប៉ុណ្ណោះ ដូច្នេះហើយអ្នកស្រីទទូចសុំឲ្យរដ្ឋាភិបាលចាត់ទុកបញ្ហារបស់រាស្ត្រ ជាបញ្ហាអាទិភាព មុននឹងគិតបញ្ហាដទៃទៀត។
កាលពីថ្ងៃទី២៣ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនាខេត្ត ព្រះវិហារ ថាលោកនឹងមិនដោះស្រាយបញ្ហាដីធ្លីទាំងឡាយណា ដែលមានអ្នកនយោបាយ និងសង្គមស៊ីវិលចូលរួមឈឺឆ្អាលនោះឡើយ ព្រោះអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលទាំងនោះបង្កឲ្យរដ្ឋាភិបាលពិបាកក្នុងការ ដោះស្រាយលើបញ្ហាទាំងនោះ។
ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ នាយកលេខាធិការដ្ឋានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀរ ភារម្យ មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនាំឲ្យមានការបែងចែកបក្សពួកនៅក្នុងសង្គម ព្រោះការលើកឡើងនោះ ជាការជំរុញឲ្យមានការរើសអើងរវាងពលរដ្ឋមាននិន្នាការទៅរកបក្ស កាន់អំណាចជាមួយសង្គមស៊ីវិល និងបក្សប្រឆាំង។
ម្យ៉ាងទៀតលោកបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋាភិបាលនោះបានបង្ហាញពីការមិនទទួលខុសត្រូវទៅ នឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត ព្រោះបញ្ហាដែលកើតឡើងនោះ គឺបណ្ដាលមកពីចំណាត់ការរបស់រដ្ឋាភិបាលលើការផ្ដល់ដីសម្បទាន សេដ្ឋកិច្ច ដែលមានរយៈពេលវែងទៅឲ្យក្រុមហ៊ុនធ្វើវិនិយោគ។ ដូច្នេះការចោទថា អង្គការសង្គមស៊ីវិលធ្វើឲ្យរដ្ឋាភិបាលពិបាកដោះស្រាយបញ្ហាដីធ្លីនោះ ជារឿងមិនពិត ព្រោះអ្វីដែលក្រុមអង្គការសង្គមស៊ីវិលធ្វើនោះ គឺជាការចូលរួមចំណែកធ្វើយ៉ាងណាឲ្យប្រជាសហគមន៍រងគ្រោះដោយសារ បញ្ហាដីធ្លីទាំងនោះ ចេះការពារខ្លួនតាមផ្លូវច្បាប់កុំឲ្យមានការរំលោភបំពានពីសំណាក់ អាជ្ញាធរដែលមិនគោរពច្បាប់មួយចំនួន និងក្រុមហ៊ុនដែលទទួលសិទ្ធិធ្វើការអភិវឌ្ឍទាំងឡាយណាដែលមិនគោរព តាមកិច្ចសន្យាស្របគោលការណ៍របស់រដ្ឋាភិបាលបានកំណត់ឲ្យ។
លោក សៀរ ភារម្យ៖ «នៅពេលគាត់មានប្រសាសន៍ដូច្នេះ វាធ្វើឲ្យប្រជាពលរដ្ឋមានការសោកស្ដាយ មានការខកចិត្ត នៅពេលដែលសម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ដែលជាការរើសអើង ដែលជាការមិនឲ្យតម្លៃប្រជាពលរដ្ឋរបស់ខ្លួន»។
ប្រហាក់ប្រហែលគ្នានេះ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស លោក ញ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលបានទទួលនូវការជឿទុកចិត្តពីសំណាក់ពលរដ្ឋរបស់ ខ្លួនតាមរយៈការបោះឆ្នោត។
បន្ថែមលើនេះ លោក ញ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់ថា តំណាងរាស្ត្រគ្រប់គណបក្សនយោបាយសុទ្ធតែមានសិទ្ធិចុះជួយប្រជាពលរដ្ឋ ទាំងឡាយរបស់ខ្លួនដែលមានបញ្ហា និងទុក្ខលំបាកមិនថា ពួកគាត់ស្ថិតនៅកន្លែងណានោះឡើយ។ ម្យ៉ាងទៀត លោកថ្លែងបន្តថា អ្នកនយោបាយគួររួបរួមគ្នាកសាងប្រទេសជាតិរបស់ខ្លួនឲ្យរីកចម្រើន ទៅមុខជាជាងចាត់ទុកគ្នាជាសត្រូវ។
ទោះយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី មានប្រសាសន៍ថា ការលើកឡើងរបស់រដ្ឋាភិបាលនោះពុំសូវបង្ហាញពីការទទួលខុសត្រូវឲ្យ ស្របតាមតួនាទីរបស់ខ្លួននៅឡើយ ដោយលោកបញ្ជាក់ថា បើសិនរដ្ឋាភិបាលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋ ប្រហែលជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនោះមិនទៅពឹងពាក់បក្ស ប្រឆាំង និងសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះឡើយ។
ដោយឡែក ទាក់ទងនឹងការហាមឃាត់តំណាងរាស្ត្រកុំឲ្យលូកដៃចូលក្នុងរឿងជម្លោះ ដីធ្លី លោក កែម ឡី មានប្រសាសន៍ថា ជាការផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេស៖ «តួនាទីរបស់ តំណាងរាស្ត្រគឺមាន ៤ សំខាន់ៗ តាក់តែងច្បាប់ ត្រួតពិនិត្យដំណើរការយន្តការដោះស្រាយបញ្ហាការអនុវត្តរបស់ រដ្ឋាភិបាល សួរសុខទុក្ខប្រជាជន និងតំណាងឲ្យប្រជាជន។ ពេលដែលប្រជាជនមានបញ្ហាហ្នឹង គឺធ្វើជាតំណាងដល់ពេលយើងអត់ឲ្យគាត់ធ្វើជាតំណាង អត់ឲ្យគាត់ធ្វើជាសាក្សី អត់ឲ្យគាត់ធ្វើការតាមដាន អាហ្នឹងបែរជារឹតត្បិតតួនាទី និងភារកិច្ចរបស់តំណាងរាស្ត្រទៅវិញ»។
បន្ថែមលើនេះ លោក កែម ឡី បញ្ជាក់ថា ការទាមទាររបស់រដ្ឋាភិបាលចាត់ចែងក្នុងការងារប្រទេសជាតិតែម្ខាង ដោយគ្មានការចូលរួមពីសំណាក់សង្គមស៊ីវិល និងបក្សប្រឆាំងនោះ វាអាចធ្វើឲ្យរដ្ឋាភិបាលរងផលប៉ះពាល់មួយចំនួន រួមមានការដឹកនាំគ្មានតម្លាភាព ម្ចាស់ជំនួយមិនសូវមានទំនុកចិត្តទៅលើរដ្ឋាភិបាល និងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសមិនឆ្លើយតបនឹង តម្រូវការប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយ។
ជាងនេះទៀត លោកអះអាងថា គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលភាពខុសឆ្គងរបស់រដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស ដើម្បីរិះគន់នូវចំណុចខ្វះខាតទាំងនោះ ក្នុងបំណងកែលំអធ្វើឲ្យប្រទេសជាតិរីកចម្រើន។ មួយវិញទៀត ការបង្ហាញពីសកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាននៃពលរដ្ឋក្នុងសង្គម ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ក្នុងសង្គមនោះកំពុងតែរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment