Monday, October 1, 2012

នាយករដ្ឋមន្ត្រី​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ ដីធ្លី​ជូន​ពលរដ្ឋ​នៅ​បាត់ដំបង

2012-09-30
រដ្ឋាភិបាល​កម្ពុជា​ មាន​សុទិដ្ឋិនិយម​ថា ការ​ធ្វើ​ប្រទានកម្ម​ដី​ស្រែ​ចម្ការ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស នឹង​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ខាង​វិស័យ​កសិកម្ម​មាន​សន្ទុះ​កើន​ឡើង ហើយ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ។
RFA/Soun Sophalmony
៣០-កញ្ញា-២០១២៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់ មាន់​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។
ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ជា​ច្រើន​រយ​គ្រួសារ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា ​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ ​ស្ថិត​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​នឹង​ចុះ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ គ្រួសារ​នៅ​ពេល​ខាង​មុខ​ទៅ​កាន់​ខេត្ត​ជា​ច្រើន​ទៀត ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​នេះ នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ហក់​ឡើង ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ រយៈកាល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ងាក​ទៅ​តំបន់​ជនបទ ដើម្បី​រក​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ ដីធ្លី​ ហើយ​ទៅ​តាំង​ទី​លំនៅ​​ថ្មី និង​ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី​ ជំរុញ​ការ​បង្កបង្កើន​ផល​ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ដោះស្រាយ​បញ្ហា​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាជន និង​ប្រជាជន​ ប្រជាជន​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ លោក ហ៊ុន សែន៖ «ពូ មីង ពុក ម៉ែ យាយ តា ដែល​បាន​ទទួល​កម្មសិទ្ធិ​នេះ​រួច​ហើយ ការ​ដាំ​ដុះ​របស់​គាត់​នឹង​ស្ទុះ​ឡើង​រហ័ស​ អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​រហ័ស កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កើន​ឡើង។ ​អ៊ីចឹង​ទេ​ដី​នេះ បើ​យើង​ប្រើប្រាស់​អស់​សក្ដានុពល​វា សេដ្ឋកិច្ច​ជនបទ​ចេញ​ពី​វិស័យ​កសិកម្ម​ធំ​ណាស់»។ ការ​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ បាត់ដំបង ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​​ឡើង​បន្ទាប់​ពី​បាន​ចុះ​ចែក​នៅ​ស្រុក​ ស្នូល ​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ក្រោយ​ពី​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​បាន​ចុះ​​​វាស់វែង​បំពេញ​ សំណុំ​បែប​បទ​រួច​មក។ លោក ប្រាជ្ញ ច័ន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​បាន​រៀប​ចំ​ដី​ដែល​ត្រូវ​ធ្វើ​ប្រទានកម្ម​ រួចរាល់​នៅ​មុន​ខែ​មិថុនា។ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ សម្រេច​បាន​លទ្ធផល​ ប្រកាស​តំបន់​វិនិច្ឆ័យ​ ១៦​ទីតាំង។ លោក ប្រាជ្ញ ច័ន្ទ៖ «បំពេញ​សលាកបត្រ ១៩.៧៧៥​ក្បាល​​ដី​ បញ្ចូល​ឈ្មោះ​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​បាន ១៩.៣៩៣​ក្បាល​ដី ចំនួន​គ្រួសារ​មាន​ក្បាល​ដី ១៣.៧៨៣​គ្រួសារ​ វាស់វែង​បាន ២១.៥៨៣​ក្បាល​ដី គូស​ក្បាល​ដី​បាន ២០.៨១៦​ក្បាល​ដី ស្មើ​នឹង ៣៣.០៣៤​ហិកតារ​ និង​បំពេញ​បែបបទ​ទិន្នន័យ​ក្បាល​ដី​បាន​ ១៩.៧៤៥​ច្បាប់»។ ក្រៅ​ពី​នេះ ​ក្រុម​ការងារ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​បាន ១២​ភូមិ នៃ ៨​ឃុំ ស្មើ​នឹង ៧.៦៨៤​ក្បាល​ដី និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​បួន​ទី​តាំង ស្នើ​នឹង ១.៥៩៤​គ្រួសារ ស្មើ​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ២.១៧៣​ប័ណ្ណ ដែល​មាន​ផ្ទៃ​ដី ១.៣០៥​ហិកតារ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ហក់​ឡើង។ រដ្ឋាភិបាល​បាន​ធ្វើ​កម្មសិទ្ធិ ឬ​ហៅ​ថា ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​បាន ២,៦​លាន​ក្បាល​ដី។ លោក ហ៊ុន សែន៖ «នៅ​ខាង​ក្នុង​ទើប​ធ្វើ​បាន ២,៦​លាន​ក្បាល​ដី​ទេ ប៉ុន្តែ​ត្រូវ​ដក​កម្លាំង​មក​ធ្វើ​ដើម្បី​ជូន​ប្រជាពលរដ្ឋ​នៅ​ឯ​ជនបទ​មុន ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​សង្ស័យ ព្រោះ​ការ​សង្ស័យ​បាត់បង់​ការ​ទុក​ចិត្ត​នេះ ​ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​បង្កបង្កើន​ផល​ជួប​ការ​លំបាក​ មិន​ដឹង​ថា ដី​ហ្នឹង​គេ​យក​វិញ ឬ​យ៉ាង​ម៉េច? អ៊ីចឹង​យើង​មាន​ការ​ចាំបាច់​ជំរុញ​ជនបទ​មុន​ អ្នក​នៅ​ខាង​ក្នុង​រង់ចាំ​តាម​ក្រោយ»។ ការ​មាន​ជំនឿ​ថា សេដ្ឋកិច្ច​ខាង​វិស័យ​កសិកម្ម​នឹង​មាន​ការ​ហក់​ឡើង​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ប្រាប់​ឲ្យ​ក្រសួង​ធនធាន​ទឹក​ ត្រូវ​ចាប់​ផ្ដើម​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រប់គ្រាន់ ​សម្រាប់​ការ​បង្កបង្កើន​ផល​នៅ​តំបន់​ ដែល​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ​ទៅ​ជា​ផ្លូវ​ចាក់​កៅស៊ូ​វិញ ​ដោយ​នៅ​ក្នុង​ដំណាក់​កាល​ទី​១ កំពុង​អនុវត្ត​មាន​ប្រវែង ៥០៥​គីឡូម៉ែត្រ និង​ដំណាក់កាល​ទី​២ នឹង​មាន​ប្រវែង ១.៣០០​គីឡូម៉ែត្រ។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា បើ​ការ​ធ្វើ​កសិកម្ម​កើន​ឡើង ហើយ​អត់​មាន​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន​នោះ ក៏​មិន​អាច​រីក​ចំរើន​ដែរ ដូច្នេះ​លោក​បាន​ទៅ​ពឹង​ពាក់​ចិន ឲ្យ​ជួយ​ធ្វើ​ផ្លូវ​បន្ថែម​ទៀត៖ «ហើយ​ ពេល​ទៅ​ស្រុក​ចិន កន្លង​ទៅ​ ចេញ​ពី​ប្រទេស​អ៊ីរ៉ង់ មក​ស្រុក​ចិន​នេះ ​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​ចិន​ គាំទ្រ​ផ្លូវ​លំ​ចាក់​កៅស៊ូ​ចំនួន ៤០០​គីឡូ​ក្នុង​មួយ​ឆ្នាំ​ទៀត បូក​បន្ថែម​ថវិកា​ជាតិ​របស់​យើង ហិរញ្ញប្បទាន​​បញ្ចេញ​ទៅ​ជា​រៀង​រាល់​ឆ្នាំ។ ខ្ញុំ​បាន​ស្នើ​ចិន ក្នុង​១​ឆ្នាំ ៤០០​គីឡូ អ៊ីចឹង ១០ បាន ៤​ពាន់​គីឡូ​ម៉ែត្រ​ដែរ ព្រោះ​អា​ហ្នឹង​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជនបទ​រីក​ខ្លាំង បើ​ធ្វើ​ហើយ​មិន​ដឹង​ដឹក​ទៅ​ណា ក៏​មិន​កើត​ដែរ​ អ៊ីចឹង​យើង​ត្រូវ​ការវិនិយោគ​​​​បន្ថែម»
រដ្ឋាភិបាល​កំពុង​អនុវត្ត​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ លើ​ផ្ទៃ​ដី​ទំហំ ១.៨២៧.០០០ មាន​គ្រួសារ ៤៧៨.០០០ មាន​ទំហំ​ដី​ប្រហែល ៧០​ម៉ឺន​ក្បាល​ដី។ សកម្មភាព​នេះ​បាន​ធ្វើ​នៅ​លើ ១៨៣​ឃុំ ​នៅ​តាម​បណ្ដាល​ខេត្ត​នានា។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អះអាង​បញ្ជាក់​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត ​ពោធិ៍សាត់ ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ​បន្ទាប់​មក​ទៅ​ខេត្ត​ស្វាយរៀង ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពត ខេត្ត​កំពង់ចាម ខេត្ត​តាកែវ និង​ខេត្ត​កំពង់ឆ្នាំង ចុង​ក្រោយ​គេ៕

No comments:

Post a Comment