អ្នកភូមិនៅកំពង់ឆ្នាំងចោទមន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើថាគំរាមយកដី ដោយ មណ្ឌល កែវ 2012-09-30 ពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកកំពង់លែង ចោទប្រកាន់ថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋក្នុងជម្លោះដីធ្លីមួយនៅទីនោះ បើទោះបីជាអាជ្ញាធរដែនដីបានទទួលស្គាល់ថា ពលរដ្ឋពិតជាបានកាន់កាប់ និងបង្កបង្កើនផលលើដីធ្លីនៅតំបន់នេះតាំងពីសម័យអតីតរដ្ឋកម្ពុជា មកក៏ដោយ។
RFA/Mondulkeo
២៦-កញ្ញា-២០១២៖ ជើងភ្នំនាងកង្រី ស្ថិតក្នុងខេត្តកំពង់ឆ្នាំង តំបន់ដែលប្រជាពលរដ្ឋធ្លាប់ដាំដុះបង្កបង្កើនផល តែផ្នែកជំនាញចង់យកធ្វើជាព្រៃសហគមន៍។
ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ នៅក្នុងឃុំចំនួន២ គឺឃុំស្វាយរំពារ និងឃុំត្រងិល បានប្រតិកម្មតវ៉ាចំពោះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដែលបានមកបង្ខំ ឲ្យគាត់ផ្ដិតមេដៃប្រគល់ដីនេះមកឲ្យខណ្ឌរដ្ឋបាលព្រៃឈើគ្រប់គ្រង ដោយគំរាមថា បើមិនព្រមផ្ដិតមេដៃទេ គេនឹងប្ដឹងឲ្យតុលាការកោះហៅយកទៅដាក់គុក។
ស្ត្រីអ្នកភូមិឈ្មោះ សៀក ឡៃ នៅឃុំស្វាយរំពារ បានឲ្យថា ដីចំការរបស់គាត់ដែលមានទទឹង ១២០ម៉ែត្រ និងបណ្ដោយ ២០០ម៉ែត្រនេះ គាត់បានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨២ មក។ គាត់បន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើផ្លូវឆ្ពោះមកកាន់តំបន់នេះបានល្អ ស្រាប់តែខាងខណ្ឌរដ្ឋបាលព្រៃឈើ បានមកអះអាងថា ដីនេះជាដីគម្របព្រៃរបស់រដ្ឋទៅវិញ។
ស្ត្រីអ្នកភូមិរូបនេះសំណូមពរឲ្យក្រុមយុវជនស្ម័គ្រចិត្តដែលចុះ មកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យជួយមកវាស់វែងដីតំបន់នេះជូន ប្រជាពលរដ្ឋក្នុងភូមិក្រីក្រនេះផង៖
«បានផ្លូវក្រួសក្រហម ប្រជាពលរដ្ឋអរជាទីបំផុត តែការត្រេកអរនេះមិនបានប៉ុន្មានផង ត្រូវបាត់បង់ទៅវិញដោយខាងរដ្ឋបាលព្រៃឈើមកហាមប្រជាពលរដ្ឋមិនឲ្យ ដាំដុះលើដីនៅតំបន់នេះ ព្រមទាំងបង្ខំ និងគំរាមប្រជាពលរដ្ឋឲ្យផ្តិតមេដៃប្រគល់ដីនេះមកឲ្យខាងរដ្ឋបាល ព្រៃឈើកាន់កាប់វិញ តែប្រជាពលរដ្ឋនៅរង់ចាំឲ្យក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី មកមើលសិន ទើបប្រជាពលរដ្ឋអស់ចិត្ត...» ។
បុរសអ្នកភូមិឈ្មោះ លាវ សាន់ ជាប្រជាពលរដ្ឋនៅឃុំត្រងិល បានឲ្យដឹងបន្ថែមថា គាត់មានដីតែកន្លះហិកតារប៉ុណ្ណោះ ដើម្បីបង្កបង្កើនផលចិញ្ចឹមគ្រួសារ ប្រសិនបើត្រូវគេដកហូត គ្រួសារគាត់មុខជាដាច់ពោះស្លាប់មិនខាន។
គាត់បន្តថា ដីចំការនេះគាត់បានគ្រប់គ្រង និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៣ មក មិនគួរឥឡូវគេបែរជាថាដីគម្របព្រៃរបស់រដ្ឋទៅវិញ៖
«សំណូមពរ ឲ្យក្រុមនិស្សិតចំណុះរបស់សម្ដេចតេជោ ឲ្យមកពិនិត្យផ្ទាល់ ព្រោះមួយថ្ងៃៗខាងរដ្ឋបាលព្រៃឈើបានមកគំរាមធ្វើឲ្យប្រជាពលរដ្ឋ ខ្លាច នាំគ្នាគេចរត់ចូលព្រៃ ព្រោះខ្លាចគេចាប់ដាក់គុក...» ។
កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ នៅឃុំស្វាយរំពារ និងឃុំត្រងិល ស្រុកកំពង់លែង ដែលមានដីធ្លីនៅសង្ខាងផ្លូវដែលទើបកសាងថ្មី ហៅ «ផ្លូវពេជ្រឡា» បាននាំគ្នាផ្ដិតមេដៃស្នើសុំទៅអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ឆ្នាំង និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកព្រះបរមរាជវាំង គឺលោក គង់ សំអុល ឲ្យជួយពួកគាត់ដោយធ្វើអន្តរាគមន៍មកអាជ្ញាធរជំនាញរដ្ឋបាលព្រៃឈើ កុំឲ្យរឹបអូសដីធ្លីរបស់ពួកគាត់។ ពួកគាត់បញ្ជាក់ថា ដីនេះពួកគាត់បានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៧៩ មក ដោយមានអាជ្ញាធរភូមិ ឃុំ បានដឹងឮ និងទទួលស្គាល់យ៉ាងត្រឹមត្រូវ។
ឆ្លើយតបចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង លោក ស៊ិន កុសល មានប្រសាសន៍ថា កន្លងទៅប្រជាពលរដ្ឋមួយចំនួនមានបំណងបង្កើតសហគមន៍ព្រៃឈើនៅតំបន់ នេះ៖
«ខ្ញុំចង់ជម្រាបបងយ៉ាងខ្លីថា កន្លែងនេះប្រជាពលរដ្ឋបានផ្ដិតមេដៃមកខាងរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តដើម្បីរៀបចំធ្វើជាសហគមន៍ព្រៃឈើ។ ឥឡូវក្រសួងកសិកម្ម និងសហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀងប្រគល់ដីតំបន់នេះឲ្យ ពួកគាត់គ្រប់គ្រងរយៈពេល ១៥ឆ្នាំ តែឥឡូវកំពុងមានចលនាថា គាត់ទៅអង្កន់ដីនេះចែកគ្នា ហើយយើងកំពុងអនុវត្តតាមផ្លូវច្បាប់ហើយ...» ។
ប៉ុន្តែទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរដែនដីភូមិឃុំ មិនយល់ស្របចំពោះសំណូមពររបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនោះទេ។
មេភូមិទំនប់ ឃុំត្រងិល គឺលោក នូ ហេង មានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋក្នុងភូមិទាមទារឲ្យមានកំណើនដីលំនៅឋាន និងដីបង្កបង្កើនផលឲ្យមានតុល្យភាពផងដែរ។ លោកថា នៅពេលដែលប្រជាពលរដ្ឋពុំមានដីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល តើគេគួរទុកដីដើម្បីធ្វើព្រៃសហគមន៍ ឬយ៉ាងណា?
លោក នូ ហេង៖
«បើសិនជាលោកអភិបាលរងខេត្ត លោកជួយសម្រួលផ្ដល់ដីនេះជូនប្រជាពលរដ្ឋ គឺខ្ញុំមានការត្រេកអរខ្លាំង ព្រោះកំណើនប្រជាពលរដ្ឋធ្វើឲ្យអាជ្ញាធរជួបការលំបាកក្នុងការជួយ ប្រជាពលរដ្ឋឲ្យមានជីវភាពប្រសើរ ដោយកង្វះដីធ្លីសម្រាប់ឲ្យប្រជាពលរដ្ឋបង្កបង្កើនផល។ ម្យ៉ាងតំបន់នេះទឹកលិចនៅសល់តែម្ដុំដីភូមិដែលកំពុងមានជម្លោះ នេះប៉ុណ្ណោះ...» ។
ចំណែកមេឃុំស្វាយរំពារ គឺលោក ឌី អឿន បានពន្យល់ចំពោះបញ្ហានេះថា ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងបង្កបង្កើនផលនេះ គឺជាដីដែលអាជ្ញាធរភូមិឃុំបានបែងចែកឲ្យប្រជាពលរដ្ឋធ្វើស្រែតាម លក្ខណៈជាក្រុមសាមគ្គី តាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ។
លោកថា បច្ចុប្បន្នដីខ្លះអ្នកភូមិបានធ្វើស្រែ ឯដីខ្លះជាដីចំការដែលមានដាំស្វាយចន្ទី។ លោកក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិចារណា និងជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋផង៖
«អ្នកជំនាញខាង ជីភីអែស (GPS) នៅពេលបោះបង្គោលព្រំបាននិយាយថា ការដាក់បង្គោលនេះគ្រាន់តែបណ្ដោះអាសន្នទេ។ ដីស្រែដីចំការរបស់ប្រជាពលរដ្ឋនៅកន្លែងណា គឺនៅដដែល។ នៅពេលនោះខ្ញុំ និងខាងសហគមន៍ក៏យល់ស្របចុះហត្ថលេខា តែដល់ឥឡូវវាមិនដូចពាក្យនិយាយ គឺគេមិនព្រមឆ្វៀលដីប៉ះពាល់ចេញទើបប្រជាពលរដ្ឋគាត់តវ៉ាយកដីរបស់ គាត់ដែលគាត់ធ្លាប់ធ្វើតាំងពីដើមរៀងមក...» ។
លក្ខណៈភូមិសាស្ត្របានបង្ហាញថា នៅរដូវវស្សាឃុំស្វាយរំពារ និងឃុំត្រងិល រងការលិចទឹកដោយអន្លើ។ ដោយឡែកតំបន់ដីជម្លោះស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ និងឃុំត្រងិល គឺជាតំបន់ទីទួលដែលមិនលិចទឹក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអភិបាល ស្រុកកំពង់លែង គឺលោក មាន់ អៀងលី បានទេ នៅល្ងាចថ្ងៃទី២៩ កញ្ញា។ យ៉ាងនេះក្ដី អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី គឺលោក ចេង ញ៉ាន់ មានប្រសាសន៍ថា លោកនឹងចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅពេលឆាប់ៗនេះ៕
No comments:
Post a Comment