Tuesday, September 4, 2012

ហេតុអ្វី​យុវជន​រួមភេទ និង​សេព​គ្រឿងស្រវឹង​នៅ​វ័យ​ក្មេង? - RFI

ដោយ គី សុខលីម
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា យុវជន​យុវនារី​ទាំង​នៅ​វ័យក្មេងនាំ​គ្នា​សេព​គ្រឿង​ស្រវឹង​និង​មាន​សេ្នហា​។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​ថា តើ​បញ្ហា​នេះ​មាន​​ឥទ្ធិពល​អាក្រក់​លើ​សង្គម​ឬ​ទេ ?
ចរន្ត​សកលភាវូបនីយកម្ម​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ​កំពុង​មាន​ឥទ្ធិពល​ទៅ​លើគ្នា​ទៅវិញ​ទៅមក ផ្នត់​គំនិត​របស់​មនុស្ស​ជំនាន់ថ្មី​មាន​ការផ្លាស់​ប្តូរ របៀបរស់​នៅ​របស់​យុវជនសម័យថ្មី​មានការវិវត្តន៍។ ទាំង​អស់​នេះ​គឺ​ជា​និន្នាការ​ពិភព​លោក​ ហើយ​ប្រទេស​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​បរិបទ​នេះ​ដែរ។ ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា​១៤​លាន​នាក់​ក្នុង​នោះ​ យុវវ័យ​ដែល​មាន​អាយុពី​១៥​ដល់​៣០​ឆ្នាំ​មាន​ចំនួន​៣០​%​នៃ​ចំនួន​ ប្រជាពលរដ្ឋ​សរុប។ ប្រសិន​បើ​គេ​ពិនិត្យ​លើ​ពីរ៉ាមីត​ប្រជាសាស្រ្ត​នៃ​ប្រទេស​កម្ពុជា​ គេ​សង្កេត​ឃើញ​ថា យុវជន​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​វ័យ​ចំណាស់។

ជា​លក្ខណៈ​សេដ្ឋកិច្ច​ នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន​ ពេលនោះ អ្នក​វិនិយោគិន​នឹង​ចាប់​អារម្មណ៍​មក​លើ​ទីផ្សារ​នៃប្រទេសនោះ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ ព្រួយបារម្ភ​ពី​អនាគត​របស់​យុវជន​ទាំង​អស់​នោះ​ទៅ​វិញ។ ព្រួយបារម្ភ​ពីព្រោះ​ថា យុវជន​មួយ​ចំនួន​ធំ​មិន​បាន​បំពេញ​កាត្វកិច្ច​ខ្លួន​ជា​ពលរដ្ឋ​ល្អ​ដើម្បី​ បន្ត​វេន​មនុស្ស​ជំនាន់​មុន​ទេ។

ជា​ការ​កត់​សម្គាល់ យុវជន​សម័យ​ថ្មី​ចាប់​ផ្តើម​មាន​ស្នេហា​​និង​ចាប់​ផ្តើម​សេព​គ្រឿង​ស្រវឹង​ ទាំង​នៅវ័យ​ក្មេង។ តើ​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី? ហើយ​ថា តើ​បញ្ហា​នេះ​មាន​​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ឬ​ទេ?

ទាក់ទង​ទៅ​នឹង​ការ​សេព​គ្រឿង​ស្រវឹង។ យុវជន​​អាយុ​ក្រោម​២០​ឆ្នាំ​នាំ​គ្នា​ផឹកស្រា​ស ផឹក​ស្រាបៀរ​និង​ផឹក​គ្រឿង​ស្រវឹង​ផ្សេងៗ​កាន់តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ។ មូលហេតុ​មាន​ច្រើន​ប៉ុន្តែ​​បញ្ហា​ចម្បងៗ​មាន​ប្រាំ។ ទីមួយ៖​គឺ​ដោយសារ​វត្តមាន​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ​នៃ​ ប្រទេស​កម្ពុជា។ ទីពីរ៖​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ដែល​មាន​លក្ខណៈ​ញុះញង់​ចង់​ អោយ​ពិសារ​គ្រឿង​ស្រវឹង​។ ទីបី៖វត្តមាន​ក្លឹប​កំសាន្ត​បើក​កាន់​តែ​ច្រើន។ ទី​៤៖​បញ្ហា​បែកបាក់​ស្នេហា​​និង​ទី​៥​គឺ​បណ្តាល​មក​ពី​បញ្ហា​គ្រួសារ។ ឧទាហរណ៍​ជាក់ស្តែង​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​គ្រួសារ​លែងលះ​គ្នា​ឬ​ឧស្សាហ៍​ឈ្លោះ​គ្នា​ឬ​ប្រើប្រាស់​ អំពើហិង្សារ ពេលនោះ យុវជន​ឬ​យុវនារី​ដែល​ជា​កូន ​ខូច​ទឹកចិត្ត​នាំ​មិត្ត​ភក្តិ​ទៅ​កាត់​សាញ​តាមរយៈ​ការ​ប្រើប្រាស់​គ្រឿង​ ស្រវឹង។

ងាកមក​និយាយ​ពីយុវជន​ដែល​មាន​ស្នេហា​នៅ​វ័យ​ក្មេង​វិញ មូល​ហេតុមាន​ច្រើន​​ក្នុងនោះមាន ៖ ទីមួយ៖ការ​ហូរចូល​នូវ​វីដេអូ​អាស​អាភាស។ ទីពីរ​៖បញ្ហា​គ្រួសារ​។ ប្តី​លែង​ប្រពន្ធ​ ប្រពន្ធ​លែង​ប្តី​ជា​ដើម។ ទីបី៖បញ្ហា​សម្ភារៈនិយម។ យុវនារី​ខ្លះ ដើម្បី​តែ​ប្រាក់​ សុខចិត្ត​ប្រគល់​ខ្លួន​ប្រាណ​ដោយ​មិន​ស្តាយ​ស្រណោះ។ ស្រ្តីខ្លះ​ទៀត ដោយ​ឃើញ​មិត្តភក្តិ​មាន​សម្ភារៈ​ប្រើប្រាស់​ល្អៗ​ដូច​ជា​ទូរស័ព្ទ​ I phone ម៉ូតូ​ល្អៗ ពួកគេ​បង្ខំចិត្ត​ប្រគល់​ខ្លួន​ប្រាណ​ជាមួយ​គូរ​ស្នេហ៍​ជា​ថ្នូរ​នឹង​ សម្ភារៈ​ទាំង​នោះ។ ចំណុច​ទី​៤​គឺ​ដោយសារ​ភាព​ក្រីក្រ​។ ភាព​ក្រីក្រ​ជំរុញ​អោយ​មនុស្ស​មួយ​ចំនួន​លែងគិត​ពី​កេរ្តិ៍ខ្មាស់​ឬ​សីលធម៌​ ទៀតហើយ​និង​ចំណុច​ទី​៥​គឺ​ដោយសារ​និន្នាការ​សង្គម​ទូទៅ​ មាន​ន័យ​ថា ទង្វើ​មាន​ស្នេហា​គឺ​ជារឿង​ទាន់​សម័យ។ នារី​ខ្លះ​ដែល​មិនមាន​គូរ​ស្នេហ៍​បែ​ជា​ខ្មាស់​គេ​ទៅ​វិញ​ពីព្រោះ​គេ​គិត​ថា ​ប្រហែល​ជា​ខ្លួន​គេ​មិនសូវ​ស្អាត​ទើប​គេ​គ្មាន​សង្សារ។ ទាក់ទង​ទៅ​នឹង​រឿង​ស្នេហា​នេះ យុវជន​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​ត្រង់​ៗថា ទាំង​យុវនារី​ ទាំង​យុវជន​ប្រមាណ​៥០%​ស្រលាញ់​គ្នា​ហើយ​រួមភេទ​ជា​មួយ​គ្នា​ទាំង​នៅ​វ័យ​ ក្មេង។

ការ​សេព​គ្រឿង​ស្រវឹង​និង​ទង្វើ​​មាន​ស្នេហា​គឺ​ជា​សិទ្ធិ​របស់​បុគ្គល​ ម្នាក់ៗ​។ ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​គួរ​ចាប់​ផ្តើម​ពិចារណា​ថា តើ​គេគួរ​មាន​ច្បាប់​ហាមឃាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​អោយ​សេព​គ្រឿង​ ស្រវឹងឬទេ? តើយុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ​គួរ​អនុញ្ញត​អោយ​ចូល​ផ្ទះ​សំណាក់​ឬ​ទេ?

ក្រុម​សង្កេតការ​ណ៍​​ដំណើរការ​សង្គម​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមក​នេះ​បាន ​អត្ថាធិប្បាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​មើល​រំលង​បញ្ហា​នេះ នាពេល​អនាគត​ រដ្ឋាភិបាល​នឹង​ខ្វះ​ធនធាន​មនុស្ស​ជំនាន់​ថ្មី​សម្រាប់​ស្នង​ធនធាន​មនុស្ស​ ជំនាន់​មុន។ យុវវ័យ​សម័យ​ថ្មី​មួយ​ចំនួន​គិតតែ​ពី​សប្បាយ​។ សប្បាយ​ដោយ​មិន​គិត​ពី​អនាគត​ខ្លួនឯង​និង​អនាគត​របស់ប្រទេស​​ជាតិ​៕

No comments:

Post a Comment