Tuesday, September 11, 2012

តុលាការ បើកសវនាការ កាត់ទោសលោក ម៉ម សូណង់ដូ | CEN: Local News

(ថ្ងៃទី 11 កញ្ញា 2012, ម៉ោង 09:52:AM) | ដោយ: ឆាយា
តុលាការ បើកសវ​នា​ការ កាត់ទោស​លោក
 ​ម៉ម ​សូណង់ដូ​
លោកម៉ម សូណង់ដូ ពេលដែលនាំខ្លួន ទៅដល់សាលាដំបូងរាជធានីភ្នំពេញ
1 of 3  
ភ្នំពេញ: ​សាលាដំបូងរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ បាន​ដំណើរ​ការ​​សវនាការកាត់ទោសលោក ម៉ម សូណង់ដូ នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ដែលមាន​ជន​ជាប់ចោទ​សរុប​ចំនួន ៩នាក់​។ រីឯ​សាក្សី​មាន​រហូត​ដល់ ៨៦នាក់ ដោយ​សាក្សីដោះ​បន្ទុក​​របស់លោក ម៉ម សូណង់ដូ មានតែ ៥​នាក់​ទេ​។ ចំណែក​សាក្សី​ដាក់បន្ទុក មាន​រហូត​​ដល់ ៨១នាក់​។​

​ក្នុង​បន្ទប់​ សវនាការ ទី​២ នៅ​ជាន់​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​កាត់ទោស​លោក​ ម៉ម ​សូណង់ដូ ជា​សាល​សវនាការ​តូចចង្អៀត ដោយ​មានតែ​មេធាវី​ការពារ​ក្តី​លោក​ ម៉ម ​សូណង់ដូ មេធាវី​របស់​ដើមបណ្តឹង​ខាង​អាជ្ញាធរ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អង្គទូត​មួយចំនួនចូលរួម។ ក្នុងពេល​សវនាការ​នោះ ប៉ូលិស​បាន​ឈរ​យាម​យ៉ាង​តឹងរ៉ឹង​បំផុត នៅ​មាត់ទ្វារ​។​

​សវនាការ​លើ​ ករណី​លោក​ ម៉ម​ សូណង់ដូ មាន​លោកស្រី​ចៅក្រម ចាំង ស៊ី​ណាត ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​មាន​ចៅក្រម ៣រូប និង​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ​។​

​លោក​ ម៉ម ​សូណង់ដូ បាន​បង្ហាញខ្លួនក្នុង​សវនាការ ជាមួយនឹង​ជនជាប់ចោទ ៨ នាក់​ផ្សេង​ទៀត​។ ក្នុង​សំណុំរឿង​ក្តី​នោះ មាន​ជនជាប់ចោទសរុប ៩នាក់ ដោយ ៤នាក់ រាប់​​ទាំង​លោក ម៉ម ​សូណង់ដូ ត្រូវបាន​ប៉ូលិស​ឃុំខ្លួន និង​នៅ​ក្រៅ​ឃុំ ៥នាក់​។​

​ជនជាប់ចោទ​ទាំង ៩ នាក់​នោះ ស្ថិត​ក្នុង​សំណុំរឿង​តែ​មួយ​ ជាមួយនឹង​លោក ម៉ម សូណង់ដូ ក្នុង​បទល្មើស​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីនៅខេត្តក្រចេះ រួម​មាន​៖ ទី១-បទផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី២-ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី៣-ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​​កាន់កាប់​អាវុធ​ខុសច្បាប់ និងទី៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​​វិលត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក បាន​បី​ថ្ងៃ​។

​ ការចោទប្រកាន់​លើ​លោក ​ម៉ម ​សូណង់ដូ គឺ​តុលាការបាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​​​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជា​ធិប​តេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដីនោះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាលចោទប្រកាន់ថា អ្នក​ទាំងនោះចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​​ត្រូវ​បាន​រដ្ឋាភិបាលបង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ស្លាប់ និង​មនុស្ស​ជាច្រើនបាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​​របស់​តុលាការ​ខេត្ត​ក្រចេះ​។​ ក្រោយមក សំណុំរឿងនោះ ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញ។

​យ៉ាងណាក៏ដោយ លោក ​ម៉ម​ សូណង់ដូ និង​អ្នកគាំទ្រ​រូបលោក ក្នុង​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ បាន​ច្រានចោល​នូវ​ការចោទប្រកាន់ ហើយ​លោក ​ម៉ម ​សូណង់ដូ ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់ឃុំខ្លួន​ពីរដង​មកហើយ ក៏បាន​សម្រេច​ចិត្តវិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃ​ទី​១២​ ខែកក្កដា ឆ្នាំ​២០១២​។​

​ក៏​ប៉ុន្តែ​មន្ត្រី​ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ករណី​លោក ​ម៉ម​ សូណង់ដូ ជា​រឿង​តុលាការ ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ចាប់​ឃុំខ្លួន​រូបលោក​។

សូមបន្ថែមថា ក្នុងពេលតុលាការបើក​សវនាការ កាត់ទោស​លោក​ ម៉ម​ សូណង់ដូ នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ ប៉ូលិស​បាន​បិទផ្លូវ​ចេញចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិតនៅ​ខាងជើង ជាប់​នឹង​របង​ស្តា​ត​អូឡាំពិក ចាប់ពី​ភ្លើងស្តុប​អាងទឹក រហូតដល់​ភ្លើងស្តុប​នាង​គង្ហីង វត្ត​ព្រះពុទ្ធ​។

អ្នកកាសែត សកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា អ្នកបឹង​កក់ ព្រមទាំងសមាជិកសមាគមអ្នកប្រជាធិបតេយ្យជាច្រើនរយនាក់ ត្រូវបានប៉ូលិស​ហាម​ឃាត់ មិនឲ្យចូលទៅកាន់តុលាការទេ។ ក្រុមពលរដ្ឋទាំងនោះ បានឈរលើក​បដា និងស្រែកតវ៉ា ទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ៕

No comments:

Post a Comment