(ថ្ងៃទី 11 កញ្ញា 2012, ម៉ោង 09:52:AM) | ដោយ: ឆាយា
ក្នុងបន្ទប់ សវនាការ ទី២ នៅជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលជាកន្លែងកាត់ទោសលោក ម៉ម សូណង់ដូ ជាសាលសវនាការតូចចង្អៀត ដោយមានតែមេធាវីការពារក្តីលោក ម៉ម សូណង់ដូ មេធាវីរបស់ដើមបណ្តឹងខាងអាជ្ញាធររដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គទូតមួយចំនួនចូលរួម។ ក្នុងពេលសវនាការនោះ ប៉ូលិសបានឈរយាមយ៉ាងតឹងរ៉ឹងបំផុត នៅមាត់ទ្វារ។
សវនាការលើ ករណីលោក ម៉ម សូណង់ដូ មានលោកស្រីចៅក្រម ចាំង ស៊ីណាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម ៣រូប និងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ។
លោក ម៉ម សូណង់ដូ បានបង្ហាញខ្លួនក្នុងសវនាការ ជាមួយនឹងជនជាប់ចោទ ៨ នាក់ផ្សេងទៀត។ ក្នុងសំណុំរឿងក្តីនោះ មានជនជាប់ចោទសរុប ៩នាក់ ដោយ ៤នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសឃុំខ្លួន និងនៅក្រៅឃុំ ៥នាក់។
ជនជាប់ចោទទាំង ៩ នាក់នោះ ស្ថិតក្នុងសំណុំរឿងតែមួយ ជាមួយនឹងលោក ម៉ម សូណង់ដូ ក្នុងបទល្មើសចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីនៅខេត្តក្រចេះ រួមមាន៖ ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់ពីលោកវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានបីថ្ងៃ។
ការចោទប្រកាន់លើលោក ម៉ម សូណង់ដូ គឺតុលាការបានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដីនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចោទប្រកាន់ថា អ្នកទាំងនោះចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ហើយត្រូវបានរដ្ឋាភិបាលបង្ក្រាប និងបណ្តេញចេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើនបានរត់គេចខ្លួន ពីការតាមចាប់របស់តុលាការខេត្តក្រចេះ។ ក្រោយមក សំណុំរឿងនោះ ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ និងអ្នកគាំទ្ររូបលោក ក្នុងសមាគមអ្នកប្រជាធិបតេយ្យ បានច្រានចោលនូវការចោទប្រកាន់ ហើយលោក ម៉ម សូណង់ដូ ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ឃុំខ្លួនពីរដងមកហើយ ក៏បានសម្រេចចិត្តវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
ក៏ប៉ុន្តែមន្ត្រី រដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ករណីលោក ម៉ម សូណង់ដូ ជារឿងតុលាការ ដែលមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាប់ឃុំខ្លួនរូបលោក។
សូមបន្ថែមថា ក្នុងពេលតុលាការបើកសវនាការ កាត់ទោសលោក ម៉ម សូណង់ដូ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ប៉ូលិសបានបិទផ្លូវចេញចូលសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅខាងជើង ជាប់នឹងរបងស្តាតអូឡាំពិក ចាប់ពីភ្លើងស្តុបអាងទឹក រហូតដល់ភ្លើងស្តុបនាងគង្ហីង វត្តព្រះពុទ្ធ។
អ្នកកាសែត សកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា អ្នកបឹងកក់ ព្រមទាំងសមាជិកសមាគមអ្នកប្រជាធិបតេយ្យជាច្រើនរយនាក់ ត្រូវបានប៉ូលិសហាមឃាត់ មិនឲ្យចូលទៅកាន់តុលាការទេ។ ក្រុមពលរដ្ឋទាំងនោះ បានឈរលើកបដា និងស្រែកតវ៉ា ទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ៕

No comments:
Post a Comment