ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី07 កញ្ញា ឆ្នាំ2012 ម៉ោង11:39
ពលរដ្ឋសហគមន៍ចំនួនពីរ នៅរាជធានីភ្នំពេញ ដែលមានជម្លោះដីធ្លី បើកយុទ្ធនាការហែរក្បួនតាមដងវិថីនានា ស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ សុំដោះលែងតំណាងពួកគេពីរនាក់ ដែលត្រូវតុលាការចាប់ឃុំខ្លួនថ្មីៗនេះ។អ្នកភូមិមកពីអតីតសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណ ៣០០នាក់ រួមទាំងកុមារផង បានស្រែកតាមឧបករណ៍បំពងសំឡេង តាមវិថីព្រះមុនីវង្ស ផ្លូវសហព័ន្ធរូស្ស៊ី ឆ្ពោះទៅដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសុំឲ្យដោះលែងតំណាងពួកគេពីរនាក់ដែលតុលាការឃុំ ខ្លួនទាក់ទងជម្លោះដីធ្លី កន្លងមក។ ប៉ុន្តែសកម្មជនដីធ្លីដែលភាគច្រើនជាស្រ្តីទាំងនោះ បានខកខានដាក់ញត្តិទៅកាន់ស្ថាប័នផ្សេងទៀត នៅថ្ងៃនេះ ដោយសារប៉ះទង្គិចដោយពាក្យសម្តីជាមួយសមត្ថកិច្ចចម្រុះ ជិត១០០នាក់ ប្រដាប់ដោយខែលនិងដំបងឆក់។
ក្រោយប៉ះទង្គិចប្រហែលជិត២០នាទី ដោយមិនមានអ្នករងរបួស តំណាងអ្នកភូមិត្រូវបានអនុញ្ញាតឲ្យចូលដាក់ញត្តិ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
តំណាងអ្នកភូមិអះអាងប្រាប់រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ ដែលចេញមកទទួលញត្តិនោះថា ការចាប់ខ្លួន អ្នកស្រី ទឹម សាក់មុនី និង អ្នកស្រី យ៉ោម បុប្ផា ជារឿងអយុត្តិធម៌ និងសុំឲ្យដោះលែងវិញ។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ អះអាងថា លោកនឹងយកសំណើរនេះ ដាក់ជូនទៅថ្នាក់លើពិនិត្យ ប៉ុន្តែលោកមិនហ៊ានអះអាងពីដំណោះស្រាយទេ ។
ការចាប់ខ្លួនសកម្មជនដីធ្លីជាបន្តបន្ទាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិលចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនឯករាជ្យ។ ក្រុមសិទ្ធិមនុស្សទាំងនោះ បានចាត់ទុកថា ស្រ្តីជាប់ចោទទាំងពីរនាក់នោះមិនបានធ្វើខុស ដូចការចោទប្រកាន់ទេ ហើយអំពាវនាវឲ្យដោះលែងពួកគេទាំងពីរនាក់នោះ ឲ្យមានសេរីភាពវិញ៕
No comments:
Post a Comment