ដោយ នួន បូរិន          ថ្ងៃពុធ ទី12 កញ្ញា ឆ្នាំ2012 ម៉ោង09:36   
សវនាការករណីប្រធានវិទ្យុសំបុកឃ្មុំ  និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ  បានចូលដល់ថ្ងៃទីពីរហើយ នៅថ្ងៃពុធ ទី១២ ខែកញ្ញានេះ  ដែលជាព្រឹត្តិការណ៍ដ៏ក្ដៅមួយ  សម្រាប់អ្នកតាមការវិវឌ្ឍន៍ប្រជាធិបតេយ្យនៅកម្ពុជា  នៅដំណាក់កាលចុងក្រោយនេះ។អ្នករាយការណ៍ព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ លោក ញឹម សុខន បានរាយការណ៍ថា កងកម្លាំង និងរបាំងឃាឃាំង ត្រូវបានដាក់ពង្រាយនៅព័ទ្ធជុំវិញ និងតាមមហាវិថី ដែលឆ្លងកាត់សាលាដំបូងរាជធានីភ្នំពេញ ខណៈក្រុមអ្នកគាំទ្រ លោក ម៉ម សូណង់ដូ ចាប់ផ្ដើមមកប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ។
បើតាមលោក ញឹម សុខន អ្នកកាសែត និងអ្នកសង្កេតការណ៍ ត្រូវបានសន្តិសុខតុលាការឃាឃាំង មិនឲ្យចូលយកព័ត៌មានពេលកំពុងសវនាការនោះទេ ។ លោកបានឲ្យដឹងទៀតថា ឥឡូវនេះអ្នកកាសែតកំពុងតែធ្វើការតវ៉ា ដើម្បីបានចូលទៅដល់បន្ទប់សវនាការ ។
លោក ម៉ម សូណង់ដូ ត្រូវបានចោទ៤ករណី គឺទី១ ផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២ ធ្វើកុបកម្ម ទី៣ ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ និងទី៤ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្រប ច្បាប់។ ការចាប់ខ្លួននេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថ្កោលទោសថា មិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងស្នើឲ្យរដ្ឋាភិបាលដោះលែង លោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment