ដោយ ថុល ស្រីលក្ខណ៍ និង ស៊ុន ណារិន ថ្ងៃពុធ ទី12 កញ្ញា ឆ្នាំ2012 ម៉ោង12:12
ក្រុមអ្នករត់ម៉ូតូឌុប ជាសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាប្រមាណ ជា ២០០នាក់ ប្រមូលផ្តុំគ្នា នៅសួនសេរីភាព ក្បែរវត្តភ្នំ ទាមទារឲ្យមន្ត្រីអង្គការលីកាដូប្រកាន់ឯករាជ្យ ក្នុងរឿងរ៉ាវរវាងសកម្មជនដីធ្លីបឹងកក់ និងអ្នករត់ម៉ូតូឌុប។លិខិតរបស់សមាគមដែលចុះថ្ងៃទី១១ ខែកញ្ញា ទាមទារឲ្យមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គ ការលីកាដូ លោក អំ សំអាត និយាយករណីជម្លោះរវាងតំណាងអ្នកបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នករត់ម៉ូតូឌុប មិនផ្អែកលើគោលការណ៍ឯករាជ្យ។
ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ មានប្រសាសន៍ថា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មិនគួរព្យាយាមទាញរឿងចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា ទៅជារឿងទំនាស់ដីធ្លីនោះទេ។ លោកថា លោកបាននាំគ្នាដង្ហែលិខិតដាក់ទៅអង្គការលីកាដូ កាលពីព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញានេះ តែមិនទាន់មានការឆ្លើយតបនោះទេ ៖”
កាលពីថ្ងៃទី៩ ខែកញ្ញា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍តាមវិទ្យុក្នុងស្រុកមួយថា ការចាប់ខ្លួនអ្នកបឹងកក់ និងអ្នកបុរីកីឡា ជារូបភាពថ្មីមួយ ដើម្បីបំបាក់ទឹកចិត្តមុះមុតរបស់អ្នកតវ៉ា ក្នុងបំណងបង្ខំឲ្យពួកគេទទួលយកដំណោះស្រាយមិនសមរម្យ។
ទោះជាយ៉ាងណា នៅកន្លែងប្រមូលផ្តុំគ្នា នៅសួនច្បាររបស់ក្រុមអ្នករត់ម៉ូតូឌុបមួយនេះ គេមិនឃើញមានសមត្ថកិច្ចឈរយាមត្រៀបត្រា ដូចក្រុមផ្សេងទៀតឈរតវ៉ានោះទេ។ នៅព្រឹកថ្ងៃពុធនេះ VOD មិនទាន់អាចសុំការអធិប្បាយពីមន្រ្តីគ្រប់គ្រងបច្ចេក ទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បាននៅឡើយទេ។
អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់ បដិសេធថា អ្នកស្រី យ៉ោម បុប្ផា មិនបានវាយអ្នករត់ម៉ូតូដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបន្តថា ការចោទប្រកាន់នេះ ជាគម្រោងរបស់អាជ្ញាធរដែលចង់បំបាក់ស្មារតីពួកគាត់ ជាសកម្មជនការពារដីធ្លីតែប៉ុណ្ណោះ ៖”
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានដាក់ញត្តិគាំទ្រ ដែលតុលាការឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ដោយចោទថា ក្រុមអ្នកស្រីព្រួតគ្នាចាប់អ្នករត់ម៉ូតូឌុប ដោយយកទុលឡឺវីសចាក់ និងកាប់ក្បាលនឹងពូថៅ ឲ្យរងរបួសធ្ងន់ ។ អ្នកស្រីយ៉ោម បុប្ផា ចោទថា អ្នករត់ម៉ូតូឌុបរូបនោះ លួចកាច់កញ្ចក់ឡានរបស់ក្រុមគ្រួសារអ្នកស្រី៕
No comments:
Post a Comment