Tuesday, September 4, 2012

សាលា រាជធានីភ្នំពេញៈ ការផ្លាស់ប្តូរ ទីតាំងរបស់ ប្រជាពលរដ្ឋ​ នៅក្បែរ ព្រលានយន្តហោះ មិនធ្វើតម្រូវចិត្ត អូបាម៉ា

E-mail Print PDF
ភ្នំពេញៈ មន្រ្តីសាលារាជធានីភ្នំពេញនៅព្រឹកនេះ បានថ្លែងបដិសេធន៍ចំពោះ ការលើកឡើង របស់ កាសែតក្នុងស្រុកមួយ ដែលថា ការបណ្តេញប្រជាពលរដ្ឋ ជាង ១៨០ គ្រួសាររស់នៅ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺធ្វើដើម្បីរក្សាសន្តិសុខសុវត្ថិភាព របស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ។
នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យ ដឹងថា ការផ្លាស់ទីលំនៅប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រលានយន្ត ហោះនេះ មិនមែនធ្វើឡើង ដើម្បីតម្រូវចិត្តលោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទេ ប៉ុន្តែផ្ទុយ ទៅវិញសាលារាជធានីភ្នំពេញ ធ្វើតាមការស្នើសុំ របស់ក្រុមហ៊ុន សម្បទានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (SCA) ក្នុងគោលដៅលពង្រឹងសន្តិសុខ និងសុវត្ថិភាព តាមស្តង់ដាអន្តរជាតិតែប៉ុណ្ណោះ ។
លោក ឡុង ឌីម៉ង់ បានបន្តទៀតថា SCA បានធ្វើលិខិតស្នើសុំជាយូរមកហើយ ដល់រាជរដ្ឋាភិបាលកម្ពុជា និងស្នើទៅអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការរៀបចំសុវត្ថិភាព ព្រលាន ក្នុងគោលបំណងរក្សាសន្តិសុខ តាមស្តង់ដារព្រលានយន្តហោះអន្តរជាតិ ហើយការស្នើសុំនោះ គឺឲ្យអាជ្ញាធរជួយដោះស្រាយផ្លាស់ប្តូរផ្ទះ ប្រជាពលរដ្ឋ ដែលសង់ជាប់របងព្រលានយន្តហោះ និងនៅសង់នៅក្បែរព្រលាន យន្តហោះ ដែលវាអាចនឹងងាយ បង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ បន្ទាប់មកអាជ្ញាធរថ្នាក់លើ ក៏បង្វែររឿងនេះ មកឲ្យខាងសាលារាជធានីភ្នំពេញ ធ្វើការដោះស្រាយ។
អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌកំពុងស្រង់ស្ថិតិ អំពីផល ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មគោល ភូមិចំបក់ និងភូមិសីសាក់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បើរាយការណ៍ទៅថ្នាក់លើ ស្នើសុំគោលនយោបាយ ក្នុងការដោះស្រាយ ។
ការផ្លាស់ប្តូរទីលំនៅ របស់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ របងព្រលានយន្តហោះ និងរស់នៅក្បែរព្រលានយន្តហោះនេះ មិនមែនធ្វើឡើងដើម្បីតែសន្តិសុខសុវត្ថិភាព លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុណ្ណោះទេ គឺចាំបាច់ត្រូវតែធ្វើដើម្បី ប្រែក្លាយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឲ្យក្លាយទៅជាព្រលានយន្តហោះ តាមស្តង់ដារ អន្តរជាតិ ដែលអាចធានាបាននូវសុវត្ថិភាព និងសន្តិសុខអ្នកដំណើរ ហើយម្យ៉ាងទៀត ក៏ដើម្បី ត្រៀមលក្ខណៈសម្បត្តិទុកជាមុនដើម្បីត្រៀមការងារសុវត្ថិភាព ដល់កំពូលអ្នកដឹកនាំនៅបណ្តា ប្រទេសមួយចំនួន ដែលនិងមកចូលរួមកិច្ចប្រជុំកំពូលៗ នៅប្រទេសកម្ពុជានៅប៉ុន្មានខែ ខាងមុខនេះ។
យ៉ាងណាក៏ដោយ គេទាន់អាចទំនាក់ទំនង សុំការបញ្ជាក់បន្ថែមពីខាងក្រុមហ៊ុន សម្បទាន អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (SCA) បាននៅឡើយទេ៕

No comments:

Post a Comment