Monday, September 3, 2012

ករណី​ឧក្រិដ្ឋកម្ម​៨​ខែ​កើន​ឡើង | ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ករណី​អំពើ​ប្លន់​ប្រដាប់​អាវុធ​និង​ឃាតកម្ម​បាន​កើន​ឡើង ខណៈ​ដែល​បទល្មើស​ផ្សេងៗ​ទៀត ដូច​ជា អំពើ​ជួញដូរ​មនុស្ស ការ​រំលោភ​ផ្លូវ​ភេទ ...មាន​ការ​ថយ​ចុះ នៅ​ក្នុង​រយៈ​ពេល​៨ខែ​ឆ្នាំ ២០១២ នេះ នៅ​ប្រទេស​កម្ពុជា។
លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុតិ្តធម៌​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា បទល្មើស​ប្លន់​ប្រដាប់​អាវុធ និង​អំពើ​ឃាតកម្ម​បាន​កើន​ឡើង ចំណែក​ឯ​បទ​ល្មើស​ផ្សេង​ទៀត​បាន​បង្ក្រាប​ ហើយ​ថយ​ចុះ​នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
លោក​ឧត្តម​សេនីយ៍​ បាន​ថ្លែង​ទៅ​កាន់​អង្គ​ប្រជុំ​ប្រចាំ​ខែ​នៅ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ ជាតិ​កាល​ពី​ចុង​សប្តាហ៍​មុន​ថា៖ «នគរបាល​បាន​កត់​សម្គាល់​ឃើញ​ថា ទោះ​ជា​បទល្មើស​ឧក្រិដ្ឋ​ជា​ច្រើន​ត្រូវ​បាន​បង្ក្រាប និង​មាន​ការ​ថយ​ចុះ​ក៏​ដោយ ក៏​ករណី​ប្លន់​អាជីវករ​លក់​មាស​និង​ប្តូរ​ប្រាក់​នៅ​តាម​ផ្សារ និង​ករណី​ឃាតកម្ម មាន​ចំនួន​កើន​ឡើង​ផង​ដែរ នៅ​ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​នេះ»។
លោក​បញ្ជាក់​ថា យោង​របាយការណ៍​របស់​នគរបាល ក្នុង​៨ខែ​ដើម​ឆ្នាំ​នេះ មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​១៩​ករណី នគរបាល​បង្ក្រាប​បាន ៣ ករណី ឃាត់​ខ្លួន ៧ នាក់ បាញ់​ស្លាប់​ក្នុង​ប្រតិបតិ្តការ ៣ នាក់ និង​រឹប​អូស​អាវុធ​បាន​៥​ដើម​។ ចំនួន​នេះ​បាន​កើន​ឡើង​៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១១ ដែល​មាន​ប្រហែល​ ១០​ករណី​។ លោក​មិន​បញ្ជាក់​ពី តួលេខ​នៃ​អំពើ​ឃាតកម្ម​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ចំពោះ​បទ​ល្មើស​ឃាតកម្ម​វិញ គឺ​កើន​ឡើង ៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​
លោក​បន្ត​ថា៖ «មូលហេតុ​ដែល​បទ​ល្មើស​កើន​ឡើង ដោយ​សារ​ខ្វះ​ការ​គ្រប់គ្រង​អាវុធ និង​គ្រាប់​រំសេវ ហើយ​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​ប្រាស់​សម្ភារ​ទាំង​នេះ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ប្លន់​និង​បទល្មើស​ផ្សេង​ទៀត»។
លោក បាន​លើក​ឡើង​ដែរ​ថា៖ «​បញ្ហា​មួយ​ដែល​ប្រឈម​ក្នុង​ការ​ត្រួត​ពិនិត្យ​អាវុធ​និង​គ្រាប់​រំសេវ គឺ​ដោយ​សារ​តែ​មាន​យោធិន​ជា​ច្រើន​រត់​ចោល​ជួរ​និង​យក​មក​ជាមួយ​គ្រឿង បរិក្ខារ​យោធា រួម​មាន​អាវុធ និង​គ្រាប់​រំសេវ​យក​មក​ផ្ទះ​ឬ​សហគមន៍​ក្នុង​ឆ្នាំ​នេះ​»។
លោក បញ្ជាក់​ថា ចាប់​តាំង​ពី​ដើម​ខែ​មករា​មក​ដល់​ខែ​សីហា ឆ្នាំ​នេះ យោធិន​សរុប​១២១១ នាក់​ បាន​រត់​ចោល​ជួរ​ពី​ព្រំដែន​វិល​មក​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​វិញ។ ពួកគេ​មួយ​ចំនួន​បាន​នាំ​មក​ជាមួយ​នូវ​អាវុធ​និង​គ្រាប់ មក​កាន់​សហគមន៍​របស់​ពួក​គេ។
ក្រៅ​ពី​បទល្មើស​ប្លន់​ប្រដាប់​ អាវុធ​និង​ឃាតកម្ម​លោក ម៉ក់ ជីតូ បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន​ក៏​កើន​ឡើង​ដែរ​ ចំនួន​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ច្រើន​ថែម​ទៀត ត្រូវ​បាន​បង្ក្រាប​ដោយ​នគរបាល។
លោក​ថ្លែង​ថា៖ «​មក​ដល់​ពេល​នេះ ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ក្តៅ​នៅ​កម្ពុជា ព្រោះ​ពួក​ឧក្រិដ្ឋជន នៅ​តែ​ប៉ុន​ប៉ង​យក​ប្រទេស​យើង ​ធ្វើ​ជា​កន្លែង​ផលិត និង​កែច្នៃ​គ្រឿង​ញៀន»។
ក្នុង​៨ខែ ឆ្នាំ​នេះ ​នគរបាល​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​១០៧​ករណី ចាប់​ខ្លួន​៩០៣ នាក់​ ក្នុង​នោះ មាន​ស្រ្តី​ ១៧៣ នាក់ រឹប​អូស​សារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ ៣០.១៤០ ពាន់​គ្រាប់ ទម្ងន់ ៥.៨៦០,៨០ ក្រាម​ និង​សារ​ធាតុ​គ្រឿង​ញៀន​ចំនួន​៣៩០ លីត្រ។ ចំនួន​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​គ្រឿង ​ញៀន ក្នុង​រយៈ​ពេល​ដូច​គ្នា ឆ្នាំ ២០១១។
លោក​បញ្ជាក់​ទៀត​ថា បើ​ធៀប​នឹង​៨​ខែ ​ដូច​គ្នាឆ្នាំ​២០១១​ ក្នុង​ឆ្នាំ​នេះ ​បទល្មើស​កើត​ឡើង​ចំនួន ១៨០៥ លើក ថយ​ចុះ​ ២៦៩ លើក ស្មើ​នឹង​២០​ភាគរយ ក្នុង​នោះ បទ​ឧក្រិដ្ឋ​មាន​៥៥៧ លើក ថយ​ចុះ ៣៨ លើក ស្មើ​នឹង ០៦​ភាគរយ បទ​មជ្ឈិមមាន​ចំនួន ១២៥៨ លើក ថយ​ចុះ ២៣១ លើក ស្មើ​នឹង ១៦​ភាគរយ​។
ចំណែក ​ឯ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ដែល​ធ្លាប់​តែ​កើត​ឡើង​នោះ ឥឡូវ​នេះ បាន​ថយ​ចុះ ៥០ លើក​ស្មើ​នឹង ២២​ភាគរយ​។ ចំពោះ​ប្រតិបតិ្តការ នគរបាល​បាន​បង្ក្រាប​បាន​ ៦០ ករណី ​ស្មើ​នឹង​ ៦៣​ភាគរយ ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ១.៦៥០នាក់ និង​បង្ក្រាប​ដោយ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​បាន​ចំនួន ១៦៣ ករណី។
ចំពោះ ប្រតិបតិ្ត​អាជីវកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ ​នគរបាល​បង្ក្រាប​បាន​ ៩៦ ករណី ​ឃាត់​ខ្លួន ១១៣ នាក់ ក្នុង​នោះ​អាជីវកម្ម​ផ្លូវ​ភេទ​មាន ៦៣ ករណី ឃាត់​ខ្លួន​មនុស្ស​បាន​ ៦៨ នាក់ អាជីវកម្ម​ជួញ​ដូរ​មនុស្ស​បម្រើ​ផ្លូវ​ភេទ​មាន​៣៣ ករណី​ឃាត់​ខ្លួន​៤៥​នាក់​។
ចំពោះ​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​កាត់​ព្រំ​ ដែន នគរបាល​ទទួល​ពាក្យ​បណ្តឹង​ចំនួន ៣៧០ ​ហើយ​សង្គ្រោះ​មនុស្ស​បាន ១៣៤​នាក់ ក្នុង​នោះ​មាន​ស្រ្តី ៣២ នាក់​ពី​ក្រៅ​ប្រទេស (ថៃ ម៉ាឡេស៊ី អាហ្វ្រិក​ខាង​ត្បូង និង​សេណេហ្គាល់)។
ចំពោះ​ការ​បង្ក្រាប​បទ​ល្មើស​ សេដ្ឋកិច្ច មាន ៦២​ករណី​ឃាត់​ខ្លួន​បាន​២៣៤ នាក់​៕

No comments:

Post a Comment